អានតួអត្ថបទ
សហរដ្ឋ​អាមេរិក-រុស្ស៊ី-អ៊ីនធ័រនែត

អាមេរិក​ចោទ​ប្រកាន់​​រុស្ស៊ី​បួននាក់ពី​បទ​វាយប្រហារ​អ៊ីនធ័រនែត ក្នុង​វិស័យ​ថាមពល

នៅថ្ងៃព្រហស្បតិ៍​ទី ២៤​មីនា​២០២២ សហរដ្ឋ​អាមេរិក​បានទម្លាយ​ឱ្យ​ដឹង​អំពី​ការ​ចោទ​ប្រកាន់​ជា​ផ្លូវការលើ ​ ជនជាតិ​រុស្ស៊ី​ចំនួន បួន​នាក់ ​ ពី​បទ​វាយប្រហារ​អ៊ីនធ័រនែត ​បំរើការ​ឱ្យ​រដ្ឋាភិបាល​រុស្ស៊ី​។ បើតាម​តុលាការអាមេរិក ចោរ​អ៊ីនធ័រនែតនោះបាន​ធ្វើ​សកម្មភាព​នៅ​រវាង​ពី ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៨ ប្រឆាំង​នឹង​ក្រុមហ៊ុន​ថាមពល​ជា​ច្រើន​នៅលើ​ពិភពលោក និងនៅ​សហរដ្ឋអាមេរិក។

អាមេរិក​ចោទ​ប្រកាន់​​រុស្ស៊ី​បួននាក់ពី​បទ​វាយប្រហារ​អ៊ីនធ័រនែត ក្នុង​វិស័យ​ថាមពល
អាមេរិក​ចោទ​ប្រកាន់​​រុស្ស៊ី​បួននាក់ពី​បទ​វាយប្រហារ​អ៊ីនធ័រនែត ក្នុង​វិស័យ​ថាមពល © noshad ahmed/Pixabay
ផ្សាយពាណិជ្ជកម្ម

ការ​ចោទ​ប្រកាន់​ពលរដ្ឋ​រុស្ស៊ី​បួននាក់​ពី​បទ​វាយប្រហារ​អ៊ីនធ័រនែត​ ដែល​តុលាការ​អាមេរិក​បង្ហើបបង្ហាញ​ជា​សាធារណៈ​នៅថ្ងៃ​នេះ ជា​​សំណុំ​រឿងពីរ ដែល​កើត​ឡើង​មុន​សង្គ្រាម​នៅ​អ៊ុយក្រែន​ទេ។

សំណុំ​រឿង​ទីមួយ ​ជា​បទ​ចោទ​ប្រកាន់សម្រេច​ឡើង​កាលពី​ខែ​មិថុនា ២០២១ ប្រឆាំង​នឹង​វិស្វករ​ជំនាញ​ខាងបង្កើត​កម្មវិធី Evgueni Gladkikh អាយុ​៣៦​ឆ្នាំ ធ្វើ​ការ​ឱ្យ​ក្រសួងការពារ​ជាតិ​រុស្ស៊ី។ ចោរអ៊ីនធ័រនែត​រុស្ស៊ី​រូប​នេះ ជាប់​ចោទ​ពី​បទ​បាន​ចូល​រួម​វាយប្រហារ​រោង​ចក្រ​ចម្រាញ់​ប្រេង នៅ​ក្នុង​ប្រទេស​ផ្សេង​មួយ​ កាលពី​ឆ្នាំ​២០១៧ ដោយ​ប្រើ​កម្មវិធី Triton។ តុលាការ​អាមេរិក​មិនបញ្ជាក់​ថាជា​ប្រទេស​ណា​ទេ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៧​នោះ​ក្រុមហ៊ុន​ប្រេង​អារ៉ាប៊ីសាអូឌីត​ធ្លាប់​រង​ការ​វាយប្រហារ​ប្រភេទ​នេះ។ បន្ទាប់​មក​ចោរ​អ៊ីនធ័រនែត​និង​អ្នក​ផ្សំគំនិត​បាន​ប៉ុនប៉ង​វាយប្រហារ​រចនាសម្ព័ន្ធ​ប្រេង​អាមេរិក​ដែរ តែ​មិន​បាន​សម្រេច។ នេះ​បើ​តាម​ប្រភព​ដដែល។

បទចោទប្រកាន់​ទីពីរ សម្រេច​ឡើង​នៅ​ខែ​សីហា​២០២១​ដែរ ប្រឆាំង​នឹង​​ជនជាតិ​រុស្ស៊ី​បី​នាក់ Pavel Akoulov, Mikhail Gavrilov និងMarat Tioukov ដែលគេ​សង្ស័យ​ថា​ជា​ភ្នាក់ងារសន្តិសុខ​រុស្ស៊ី (FSB) ពី​បទ​បាន​ដឹកនាំ​វាយប្រហារ​ទ្រង់ទ្រង់​ធំលើ​បណ្តាញព័ត៌មានវិទ្យា​ក្នុង​វិស័យ​ថាមពល​​ពិភពលោក​ នៅ​រវាងពី​ឆ្នាំ​២០១២​ដល់​ឆ្នាំ ២០១៧។ ដំបូង ក្រុមចោរ​បាន​ប្រើ​កម្មវិធី​ Draconfly លប​ចូល​ក្នុង​ម៉ាស៊ីន​ចំនួន​១៧០០០គ្រឿង និង​បន្ទាប់​មក ពួក​គេ​បាន​សាកល្បង​ប្រើ​​កម្មវិធីជំរិត​ Draconfly 2.0 ចំនួន ៣៣០០​ដង លើ​ក្រុមហ៊ុន​ចំនួន​ជាង​៥០០ រាប់​​ទាំង​ភ្នាក់ងារគ្រប់គ្រង​នុយក្លេអ៊ែរ​អាមេរិក នៅ​Kansasផង។

គ្មាន​ជនរុស្ស៊ីណាម្នាក់​ក្នុង​ចំណោមជាប់​ចោទទាំង​​​បួន​នាក់ត្រូវ​ចាប់​ខ្លួន​បាន​ទេ។ សហរដ្ឋអាមេរិកសន្យា​​ផ្តល់រង្វាន់ដល់​​១០លាន​ដុល្លារ​ដល់​អ្នក​​ដែល​អាច​ផ្តល់​ព័ត៌មាន​ទាក់ទង​នឹង​ជនជាប់​ចោទនេះ។

ចោរអ៊ីនធ័រនែត មានពាក់ព័ន្ធ​នឹង​រដ្ឋ​រុស្ស៊ី ជាតំណាង​ការ​គំរាមកំហែង​រចនា​សម្ព័ន្ធសំខាន់ៗ​របស់​អាមេរិកនិង​ពិភពលោក យ៉ាងធ្ងន់ធ្ងរ​ និង​ឥតដាច់។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោកស្រី​អនុរដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​អាមេរិក លីហ្សា ម៉ូណាកូ Lisa Monaco នៅក្នុង​សេចក្តីថ្លែងការណ៍ ដោយ​បន្ថែមទៀត​ថា នេះ​ជា​បទ​​ចោទ​ប្រកាន់​​លើ​សកម្មភាពវាយប្រហារ​អ៊ីនធ័រនែតរបស់​​ចោរ​អ៊ីព័ត៌មាន​វិទ្យា​​រុស្ស៊ីដែល​កន្លង​រួច​ទៅ​ហើយ​​​ទេ ប៉ុន្តែ​​ក្រុមហ៊ុន​អាមេរិក​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ខ្លាំង និង​ពង្រឹងប្រព័ន្ធ​ការពាររបស់​ខ្លួន។ កាលពី​ថ្ងៃ​ចន្ទ លោកប្រធានាធិបតី​អាមេរិកចូបៃដិន បាន​អំពាវនាវ​ឱ្យ​ក្រុមហ៊ុន​អាមេរិក​ត្រូវ​មានកាតព្វកិច្ចស្នេហាជាតិ ​ការពារខ្លួន​ពី​ការ​​វាយប្រហារ​តាមអ៊ីនធ័រនែត​មក​ពី​ខាង​រុស្ស៊ី ដែល​អាច​នឹង​សងសឹក​តាម​វិធីនេះ​ ក្រោយ​ពី​រង​​ទណ្ឌកម្ម​របស់​ក្រុម​បស្ចិមលោក​ពីបទ​ចូល​ឈ្លានពាន​អ៊ុយក្រែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ