អានតួអត្ថបទ
បច្ចេកវិទ្យា-Twitter

លោក Elon Musk ស្នើទិញយក Twitter ទាំងស្រុង

ម្ចាស់ក្រុមហ៊ុន Tesla និង​ Space X លោក Elon Musk បានស្នើទិញយកបណ្តាញ​ Twitter ទាំងស្រុងមកគ្រប់គ្រង​។ ការស្នើទិញយកភាគហ៊ុន​១០០%នេះ គឺបន្ទាប់ពី​មហាសេដ្ឋីកំពូលរូបនេះ បានទិញភាគហ៊ុនមួយផ្នែក របស់​ Twitter កាលពីដើម​សប្ដាហ៍​មុន។ លោក អេឡុម ម៉ាសក៏ បានអះអាងថា លោក​មានបំណងធ្វើកំណែទម្រង់ជាច្រើន សម្រាប់ Twitter ដើម្បីពង្រឹងតួនាទីរបស់​បណ្តាញសង្គមមួយ​នេះ ជាទីកន្លែង ធានាសិទ្ធិសេរីភាព នៃ​បញ្ចេញមតិ។

លោក Elon Musk អគ្គនាយក SpaceX និង Tesla មានទ្រព្យសម្បត្តិសរុប ២៧៤ពាន់លានដុល្លារ។
លោក Elon Musk អគ្គនាយក SpaceX និង Tesla មានទ្រព្យសម្បត្តិសរុប ២៧៤ពាន់លានដុល្លារ។ AP - John Raoux
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​លិខិតមួយ ផ្ញើទៅកាន់​លោក​ Bret Taylor ប្រធានក្រុម​ប្រឹក្សារដ្ឋបាលរបស់​ក្រុមហ៊ុន Twitter លោក Elon Musk បានសរសេរថា លោក​សូមស្នើទិញ ប្រមូល​យកភាគហ៊ុនទាំងអស់របស់Twitter ក្នុងតម្លៃ ៥៤,២០ដុល្លារ ក្នុងមួយភាគហ៊ុន។

យោងតាមលិខិតនេះ តម្លៃសរុបរបស់ Twitter នឹង​មានចំនួន ៤៣,៤ពាន់លានដុល្លារ ខណៈដែលតម្លៃបច្ចុប្បន្ន មានត្រឹមតែ ៣៧ពាន់លានដុល្លារ។ ក្រោយដំណឹងថា លោក Elon Musk ចង់ទិញ Twitter ទាំងស្រុងនេះ ភាគ​ហ៊ុន​​​របស់ Twitter នៅ Wall street បានឡើងថ្លៃចំនួន ៧% ពោលគឺស្មើនឹង ៤៩ដុល្លារ ក្នុង​មួយ​ហ៊ុន។

លោក Elon Musk បានបញ្ជាក់ថា នេះគឺសំណើដ៏ខ្ពស់ និង​ចុងក្រោយ​បំផុត របស់លោកហើយ។ ប្រសិន​បើក្រុមប្រឹក្សារដ្ឋបាល​របស់ Twitter នៅតែបដិសេធ មិនព្រមលក់​មកឲ្យ​លោក គឺលោកនឹងពិចារណាឡើងវិញ ទាក់ទិន​តួនាទីលោកក្នុងនាមជាម្ចាស់ភាគហ៊ុនម្នាក់ របស់​ Twitter។

សូមបញ្ជាក់ថា យោងតាម​ទស្សនាវត្តី Forbes លោក Elon Musk ម្ចាស់ក្រុមហ៊ុន Tesla និង Space X មានទ្រព្យ​សម្បត្តិតម្លៃ ២៧៤ពាន់លានដុល្លារ ពោលគឺជាមហាសេដ្ឋីដែលមានទ្រព្យលើសគេ លើពិភពលោក។ កាលពី​ដើមសប្តាហ៍មុននេះ លោកបានទិញភាគហ៊ុនរបស់ Twitter ចំនួន ៧៣,៥លានហ៊ុន។ លោក Elon Musk បានអះអាងថាលោកបានចំណាយ​ប្រាក់វិនិយោគជាមួយ Twitter ក៏ព្រោះតែលោកឃើញថាបណ្តាញ​នេះ មានតួនាទីសំខាន់ណាស់ នៅក្នុងសិទិ្ធសេរីភាពបញ្ចេញមតិ និងជាភាពចាំបាច់នៃសង្គម ក៏ដូចជាលទ្ធិប្រជាធិបតេយ្យ។

ក្រោយក្លាយជាម្ចាស់ហ៊ុនមួយផ្នែក របស់Twitter មហាសេដ្ឋីរូបនេះ បាន​សរសេរសារលើទំព័រ Twitter របស់ខ្លួន ថាចង់ស្នើឲ្យ​មានការផ្លាស់ប្តូរ​សំខាន់​ៗចំនួន តួយ៉ាងដូចជាការ​បង្កើតឲ្យ​មានប៊ូតុង Edit ។ លោកក៏អះអាងថា ​ចង់ពង្រឹងប្រព័ន្ធ Twitter ឲ្យ​ក្លាយជាទីកន្លែងបញ្ចេញមតិដោយសេរី តាមរយៈការដកចេញខ្លះ នូវប្រព័ន្ធរិតបន្តឹងដោយស្វ័យប្រវត្តិរបស់បណ្តាញ​មនេះ។​

ដោយឡែក លោក Elon Musk បានបដិសេធ មិនចូលរួមធ្វើជាសមជិកក្រុមប្រឹក្សារដ្ឋបាលរបស់ Twitter ទេ។ អ្នកវិភាគយល់ថា នេះជាយុទ្ធសាស្ត្រមួយរបស់លោក Elon Musk ដើម្បីមិនឲ្យ​ដៃជាប់ចំណង ហើយអាចមាន​ឱកាស និងលទ្ធភាពកាន់តែ​ច្រើន ក្នុងការស្នើការធ្វើកំណែទម្រង់នានា នៅក្នុងTwitter ។ អ្នកជំនាញនៅ Wedbush Securities បានលើកឡើងថា តាមការស្មានគឺ ក្រុមប្រឹក្សារដ្ឋបាល Twitter ប្រហែលជាគ្មានជំរើសអ្វីផ្សេង ក្រៅពីយល់ព្រមលក់ ភាគហ៊ុនទាំងអស់របស់ Twitter ទៅឲ្យ​លោក Elon Musk នោះឡើយ ព្រោះថាមិនអាចរកអ្នកទិញណាផ្សេង ដែលហ៊ានឲ្យតម្លៃខ្ពស់ម្លឹងទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ