អានតួអត្ថបទ

អាមេរិក​ ប្រកាស​បង្កើន​ជំនួយ ៨០០លាន​ដុល្លារ ​ដល់​អ៊ុយក្រែន

ថ្ងៃព្រហស្បតិ៍​ ទី២១មេសា ប្រធានាធិបតីអាមេរិក ចូ បៃដិន បានប្រកាសផ្តល់ជំនួយយោធាចំនួន៨០០លានដុល្លារបន្ថែមទៀត សម្រាប់ជួយដល់អ៊ុយក្រែន។ អ៊ុយក្រែនដែលរងការឈ្លានពានពីរុស្ស៊ី​។ សេតវិមានអាមេរិក បានបញ្ជាក់ថា ជំនួយបន្ថែមនេះ មានជាអាវុធ កាំភ្លើងធំ កាំភ្លើងផ្លោង គ្រាប់ជិត១៤៤ ០០០ម៉ឺនគ្រាប់  ​ហើយថែមទាំងយន្តហោះដ្រូន​ ទៀតផង។ ជាសរុប ចាប់​តាំងពីផ្ទុះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនមក, អាមេរិកបានផ្តល់ជំនួយ ២,៦ ពាន់លានដុល្លារ។ នៅ​ផ្នែក​មនុស្សធម៌វិញ លោក ចូ បៃដិន ជំរុញ​ឲ្យពលរដ្ឋអាមេរិក​​ជួយ​ជន​ភៀសខ្លួន​អ៊ុយក្រែន ក្នុងការ​ស្នាក់នៅ​។​

លោក បៃដិន ប្រកាសបង្កើនជំនួយ ៨០០លានដុល្លារដល់អ៊ុយក្រែន ហើយនិងថា លោកពូទីនកំពុងបរាជ័យនៅក្នុងសង្រ្គាមអ៊ុយក្រែន។
លោក បៃដិន ប្រកាសបង្កើនជំនួយ ៨០០លានដុល្លារដល់អ៊ុយក្រែន ហើយនិងថា លោកពូទីនកំពុងបរាជ័យនៅក្នុងសង្រ្គាមអ៊ុយក្រែន។ Getty Images via AFP - DREW ANGERER
ផ្សាយពាណិជ្ជកម្ម

ចំណែក​ទិដ្ឋភាព​នៅសមរភូមិវិញ លោក ចូ បៃដិន សង្កត់ធ្ងន់ថា គ្មានទាល់មានភស្តុតាងណា ដែល​អាចបញ្ជាក់ថា រុស្ស៊ីបានគ្រប់គ្រងតំបន់ Marioupol ទាំងស្រុងនោះទេ។ ហើយបើតាមលោក បៃដិន, គឺលោក ពូទីន​ គ្មានថ្ងៃឈ្នះសង្គ្រាម​ ហើយអាច​ត្រួតត្រាលើអ៊ុយក្រែនបាន​ទេ។

លោកប្រធានាធិបតីអាមេរិក ចូ ​បៃដិន​ ប្រសាសន៍ ​៖

“លោក ពូទីន មិន​អាច​សម្រេច​​មហិច្ឆិតា​របស់ខ្លួន​នៅ​សមរភូមិ​ប្រយុទ្ធ​បានទេ។​ ជា​ច្រើន​សប្តាហ៍  បន្ទាប់ពី​បាន​វាយប្រហារ​បំផ្លោង​គ្រាប់បែក​នៅក្រុង​កៀវ តែរដ្ឋ​ធានី​អ៊ុយក្រែន​នៅតែ​ឈរ​រឹងមាំដដែល។​ ​ប្រធានាធិបតី Zelensky និងរដ្ឋាភិបាល​របស់​គាត់​ដែ​លកើត​ចេញ​ពីការបោះឆ្នោត​ដោយ​ប្រជាធិតេយ្យ​ គឺ​នៅតែបន្តកាន់អំណាចដដែល។​

កម្លាំង​យោធា​អ៊ុយក្រែន ដែល​​​ចូល​រួម​ដ៏​សកម្ម​និង​ដ៏​អង់អាច​ក្លាហាន​ពី​ប្រជាជន​ស៊ីវិល​អ៊ុយក្រែន​​ផង បាន​ប្រយុទ្ធ​ការពារ​ប្រទេស​ជាតិ​របស់ពួកគេ​ប្រឆាំង​នឹង​រុស្ស៊ី។​ ពួកគេ​ប្រមូល​ផ្តុំកម្លាំង​ ពួតដៃ​​​គ្នា ​តាំងតែ​ពីដំបូង​ដៃ​មកម្ល៉េះ ហើយក៏​ត្រូវ​បំពាក់​អាវុធ​ ផ្តល់គ្រាប់កាំភ្លើង​ និងជួយជ្រោម​ជ្រែង​បច្ចេកទេស​និងផ្តល់​ព័ត៌មាន​យោធា​ ពី​បណ្តាប្រទេស​សេរី​ ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​យើង។​

បើ​ទោះបី​ជា​ រុស្ស៊ី​នៅតែបន្ត​ប្រតិបត្តិ​ការ​​យោធា​និង​បន្ត​សកម្មភាព​ព្រៃផ្សៃ​របស់ខ្លួន​​ទៅលើអ៊ុយក្រែនក្តី​ ប៉ុន្តែ លោក ពូទីន បាន​យល់​ខុស​។ យល់ខុស​ដែល​គិតថា អង្គការ​សម្ព័ន្ធ​មិត្ត​អូតង់ សហភាព​អឺរ៉ុប និងសម្ព័ន្ធមិត្ត​យើងនៅអាស៊ី កំពុងតែ​បែកបាក់គ្នា និង​ចែក​ជើងចែក​ផ្លូវគ្នាដើរ។ ពូទីន​គិតថា សម្ព័ន្ធ​មិត្ត​​យើង​ប្រេះឆាគ្នា​ ហើយ​និង​គាត់​តែបន្ត​យល់​ខុស​បែបនេះ​។ ជាថ្មីម្តងទៀត យើង​នឹង​បង្ហាញ​ ពូទីន ថា​គាត់​យល់​​ច្រឡំហើយ។

យើង​មិនដែល​​ភ្លេច​ឡើយ ពីការ​សម្តែង​ឆន្ទៈប្តេជ្ញា​​ដើម្បីការពារ​សេរីភាព​ ហើយ​យើង​ប្រឆាំង​ដាច់​ខាត់​នឹង​របបផ្តាច់​ការ​​ឃោរឃៅព្រៃផ្សៃ។ ​​”

ជាមួយនឹងគ្នានេះ លោកប្រធានាធិបតី​ ចូ បៃដិន បញ្ជាក់ថាលោកគ្រោ​ងនឹងសុំជំនួយជាបន្ថែមទៀត ពីសភាអាមេរិក​Congres ។ បន្ថែមលើសនេះទៀត សហរដ្ឋអាមេរិកមានចេតនាផ្តល់ជំនួយសេដ្ឋកិច្ច ចំនួន៥០០លានដុល្លារបន្ថែមទៀត ទៅដល់រដ្ឋាភិបាលអ៊ុយក្រែន។ មិនតែប៉ុណ្ណោះ លោកថា​ សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត នឹងចេញសកម្មភាពជួយ​ឲ្យ​ទាន់សភាពការណ៍ ហើយនិងបន្តជួយអាវុធដល់អ៊ុយក្រែនតាមសេចក្តី​តម្រូវការ។  ផ្ទុយពីនេះ រដ្ឋាភិបាលអាមេរិក បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី។ រាល់នាវារុស្ស៊ី គឺត្រូវហាមដាច់ខាត មិនឲ្យចុះចតលើកំពង់ផែរបស់អាមេរិកឡើយ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ