អានតួអត្ថបទ
សិទ្ធិស្ត្រី-សុខភាព

លោក​អគ្គនាយក​អង្គការ​​សុខភាព​ពិភពលោក អំពាវនាវ​ឲ្យ​​ការពារ​សិទ្ធិរំលូតកូន​របស់​ស្ត្រី

នៅលើទំព័រ Twitter កាលពីថ្ងៃពុធទី​៤ឧសភា លោកអគ្គនាយកអង្គការសុខភាពពិភពលោក បានសរសេរ​សារ អំពាវនាវ ឲ្យ​ពិភពលោក​រួមគ្នាការពារសិទ្ធិរបស់ស្ត្រី ក្នុងការរំលូតកូន។ ដោយ​មិនបញ្ចេញ​ឈ្មោះ សាររបស់​លោក​ អគ្គនាយក​អង្គការសុខភាពពិភពលោកនេះ ហាក់បានសំដៅ​ទៅសហរដ្ឋអាមេរិក ខណៈដែលអំឡុងពេល​នេះ កំពុងតែមានការជជែកតវ៉ាយ៉ាងខ្លាំង នៅមុខតុលាការកំពូលអាមេរិក​ ដែលចង់លប់ចោលច្បាប់បើកសិទ្ធិឲ្យ​ស្ត្រី​ អាចរំលូតកូនបាន​។

បាតុករលើ់ក​បដា នៅមុខ​តុលាការកំពូលអាមេរិក ប្រឆាំងនឹងគម្រោងរបស់ចៅក្រម ដែលចង់​លុបចោ​ល​ច្បាប់​ការពារសិទ្ធិរំលូតកូនរបស់ស្ត្រី។ វ៉ាស៊ីនតោន ថ្ងៃទី ៤ ឧសភា ២០២២
បាតុករលើ់ក​បដា នៅមុខ​តុលាការកំពូលអាមេរិក ប្រឆាំងនឹងគម្រោងរបស់ចៅក្រម ដែលចង់​លុបចោ​ល​ច្បាប់​ការពារសិទ្ធិរំលូតកូនរបស់ស្ត្រី។ វ៉ាស៊ីនតោន ថ្ងៃទី ៤ ឧសភា ២០២២ AP - Jacquelyn Martin
ផ្សាយពាណិជ្ជកម្ម

“ការចេញច្បាប់ ហាមឃាត់ស្ត្រីមិន​ឲ្យ​រំលូតកូន នឹងមិនអាចបញ្ឈប់ករណី​រំលូតកូនបានទេ។ ផ្ទុយទៅវិញ ស្ត្រីនឹងងាកទៅ​ស្វែងរកសេវារំលូតកូន ក្រៅ​ប្រព័ន្ធសុខាភិបាល ដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិត” ។ នេះគឺជាសាររបស់​លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក​ បង្ហោះលើទំព័រ Twitter។ លោក​បានបន្តថា​ ការទទួលបានសេវារំលូតកូន ដែលត្រឹមត្រូវតាមក្បួនពេទ្យ  គឺវាអាចជួយ​សង្រ្គោះជីវិតស្ត្រីព​ពោះ។ លើសពីនេះ លោកអគ្គនាយកអង្គការសុខភាពពិភពលោក បាន​លើកឡើងថា ស្ត្រីគ្រប់រូបត្រូវតែមានសិទ្ធិ​ពេញលេញ នៅពេល​ណាវាទាក់ទងទៅនឹងរូបរាងកាយ​ ព្រមទាំងសុខភាពរបស់​ពួកគេ។

គួរបញ្ជាក់ថា សាររបស់​លោក​អគ្គនាយ​កអង្គការសុខភាពពិភពលោក គឺវាជួនចំពេល ដែល​មានការជជែកតវ៉ាជាខ្លាំង នៅសហរដ្ឋអាមេរិក ទាក់ទិននឹងសិទ្ធិរំលូតកូនរបស់ស្ត្រី។ ទោះមិនបញ្ចេញឈ្មោះឲ្យចំ តែគេអាចស្មានបានថា វាជាប្រតិកម្មរបស់​លោកអគ្គនាយកអង្គការសុខភាព​ពិភពលោក ចំពោះដំណឹងដែលថា ចៅក្រមនៃ​តុលាការកំពូលអាមេរិក ចង់លុបច្បាប់ ដែលធានាការពារសិទ្ធិរំលូតកូនរបស់ស្ត្រី។

សូមរំលឹកដែរថា អង្គការសុខភាពពិភពលោក បានចេញផ្សាយកាលពីចុងខែមីនា​ នូវបន្ទាត់គោលនយោបាយ​ធំៗ ​ទាក់ទិននឹងវិធានាការសុខាភិបាល ដើម្បី​ការពារ​ ព្យាបាល សង្គ្រោះស្ត្រីក្នុងករណីរំលូតកូន។ បន្ទាត់គោលនយោបាយទាំងនោះ គឺជាមានអនុសាសន៍ចំនុន​៥០ចំណុច ដោយរាប់បញ្ចូលទាំង ចំណាត់ការអនុវត្តផ្នែកវេជ្ជសាស្ត្រ សេវាសុខភាព អន្តរាគមន៍ផ្នែកច្បាប់ ព្រមទាំងផ្នែកនយោបាយ​ផងដែរ ដើម្បីធ្វើយ៉ាងណា ផ្តល់ជូនដល់ស្ត្រី​នូវ​សេវារំលូតកូនដែលមានគុណភាព មានសុវត្ថិភាព។

យោងតាមតួលេខរបស់អង្គការសុខភាពពិភពលោក បច្ចុប្បន្ននេះ មានករណី​រំលូតកូន​ដោយ​គ្មានសុវត្ថិភាពសុខភិបាល ចំនួយយ៉ាងហោច​២៥លានករណី ជារៀងរាល់ឆ្នាំ។ ការរំលូតកូន​ ដោយ​លួចលាក់ ក្រៅប្រព័ន្ធសុខាភិបាល គឺជាប្រភពបណ្តាល​ឲ្យស្លាប់ស្ត្រី និង​ក្មេងស្រីជំទង់ ប្រមាណ​៣៩០០០នាក់  ជារៀងរាល់ឆ្នាំ ព្រមទាំងបានបណ្តាល​ឲ្យ​មានករណីឈឺធ្ងន់ធ្ងរ បញ្ជូនទៅមន្ទីរពេទ្យជាច្រើនលានករណីទៀត។ ភាគច្រើននៃ​ករណីរំលូតកូន ក្រៅប្រព័ន្ធសុខាភិបាល គឺមាននៅ​តាម​ប្រទេសក្រីក្រ ដូចជា​ ៦០%នៅអាហ្វ្រិក និង​ ៣០% នៅតាមប្រទេសអាស៊ី។

តួលេខបានបង្ហាញថា ការរិតបន្តឹងច្បាប់ ហាមឃាត់ការ​រំលូតកូន គឺវា​គ្មាន​ប្រសិទ្ធភាព​អ្វី​ទៅ​​រារាំង​ស្ត្រី​មិនឲ្យរំលូតកូននោះទេ គឺមានតែរុញស្ត្រីឲ្យស្វែងរកសេវារំលូតកូន​ដោយ​លួចលាក់។ នៅតាមប្រទេសដែល​មានច្បាប់ហាមការរំលូតកូន មានតែ១ភាគ៤ប៉ុណ្ណោះ​ ដែលជាករណីរំលូតកូន​ប្រកបដោយសុវត្ថិភាព​។ ដោយឡែកសម្រាប់នៅតាមប្រទេស​ដែល​បើកសិទ្ធិសេរីភាព​រំលូតកូន គឺ៩០%សុទ្ធតែជាករណីរំលូត​តាមក្បួន​ច្បាប់សុខភិបាល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ