អានតួអត្ថបទ
អវកាស

ប៊ូអ៊ីងបញ្ចប់ការធ្វើតេស្តដោយជោគជ័យក្នុងការបញ្ជូនយានទៅស្ថានីយ៍អវកាសអន្តរជាតិ

យានអវកាស ឈ្មោះ Starliner បាន​វិលត្រឡប់​ពី​ស្ថានីយ៍អវកាស​អន្តរជាតិ មកដល់​ដីវិញ​ កាល​ពីថ្ងៃ​ពុធ ២៥ឧសភា ហើយ​បិទបញ្ចប់​ដោយ​ជោគជ័យ​នូវ​បេសកកម្ម​សាកល្បង ដែល​ជា​ផ្នែក​មួយនៃ​កិច្ចសន្យា រវាង​ក្រុមហ៊ុន​ប៊ូអ៊ីង ​ជាមួយ​នឹង​ទីភ្នាក់ងារណាសា។ ជោគជ័យនេះ គឺ​ជា​ជំហាន​ដ៏​សំខាន់​មួយ ដែល​​នឹង​អាច​បើក​ផ្លូវ​ទៅ​ជំហាន​បន្ទាប់ ដើម្បី​ឲ្យ​ក្រុមហ៊ុន​ប៊ូអ៊ីង​អាច​ទទួល​ការ​អនុញ្ញាត​ពី​ណាសា ក្នុង​ការ​ដឹកជញ្ជូន​អវកាសយានិក​ទៅ​កាន់​ស្ថានីយ៍អវកាសអន្តរជាតិ។

យាន Starliner របស់​ក្រុមហ៊ុន​ប៊ូអ៊ីង នៅពេល​វិលត្រឡប់​ពី​ស្ថានីយ៍អវកាស មក​ចុះលើដី កាល​ពីថ្ងៃពុធ ២៥ឧសភា ២០២២
យាន Starliner របស់​ក្រុមហ៊ុន​ប៊ូអ៊ីង នៅពេល​វិលត្រឡប់​ពី​ស្ថានីយ៍អវកាស មក​ចុះលើដី កាល​ពីថ្ងៃពុធ ២៥ឧសភា ២០២២ AP - Bill Ingalls
ផ្សាយពាណិជ្ជកម្ម

Starliner គឺ​ជា​គម្រោង​មួយ​របស់​ក្រុមហ៊ុនប៊ូអ៊ីង ដែល​ទទួល​បាន​កិច្ចសន្យា​ពី​ទីភ្នាក់ងារ​​ណាសា ក្នុងពេល​ទន្ទឹមគ្នា​ជាមួយនឹង​ក្រុមហ៊ុន SpaceX កាល​ពី​ឆ្នាំ២០១៤​កន្លងទៅ ដើម្បី​ធ្វើ​ជា​ដៃគូពាណិជ្ជកម្ម​ឯកជន ទទួលបន្ទុក​ដឹកជញ្ជូន​សម្ភារៈ និង​អវកាសយានិក ទៅកាន់​ស្ថានីយ៍អវកាស​អន្តរជាតិ។

ក៏ប៉ុន្តែ នៅក្នុងពេល​ដែល​​យាន Dragon របស់​ក្រុមហ៊ុន SpaceX បានបញ្ចប់​ការធ្វើ​តេស្ត​ដោយ​ជោគជ័យ តាំងពីឆ្នាំ២០២០ ហើយ​បាន​បំពេញ​បេសកកម្ម​ដឹកជញ្ជូន​ឲ្យ​ណាសា​ជាច្រើន​លើករួចមកហើយ​នោះ យាន Starliner របស់​ក្រុមហ៊ុនប៊ូអ៊ីងវិញ តែងតែ​ជួប​នឹង​បញ្ហា​​ នាំ​ឲ្យ​មាន​ការ​ពន្យារពេល​ម្តងហើយ​ម្តងទៀត រហូតមកទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ។

បេសកកម្ម​សាកល្បង ដែល​ Starliner ទើបនឹង​បាន​បញ្ចប់​ដោយ​ជោគជ័យ កាល​ពីថ្ងៃ​ពុធ​ម្សិលមិញ​នេះ ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា Orbital Flight Test-2 ឬហៅកាត់ថា OFT-2 ត្រូវ​បាន​បាញ់បង្ហោះ​ កាល​ពីថ្ងៃ​ព្រហស្បតិ៍ ១៩ឧសភា​កន្លងទៅ ដោយប្រើ​រ៉ុកកែត​ធុន Atlas V របស់​ក្រុមហ៊ុន United Launch Alliance ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​រួម រវាង​ប៊ូអ៊ីង និង​ក្រុមហ៊ុន Lockheed Martin។

Starliner ដែល​នៅ​ក្នុង​បេសកកម្ម​នេះ មានតែ​តួយាន​ទទេ ដោយ​គ្មាន​អវកាសយានិក បាន​ធ្វើ​ដំណើរ​ទៅ​តភ្ជាប់​ដោយជោគជ័យ​ជាមួយ​នឹង​ស្ថានីយ៍អវកាស​អន្តរជាតិ នៅថ្ងៃ​សុក្រ ២០ឧសភា បន្ទាប់មក ស្ថិត​នៅ​ទីនោះ​រយៈពេល ៥ថ្ងៃ មុននឹង​ផ្តាច់ខ្លួន​​ចេញ​ពី​ស្ថានីយ៍អវកាស រួចហើយ​វិលត្រឡប់​មក​ចុះចត​លើ​ដីវិញ​ដោយ​ជោគជ័យ​ កាល​ពីថ្ងៃ​ពុធ​ម្សិលមិញ។

ជោគជ័យ​នេះ គឺ​ជា​ដំណាក់កាល​ដ៏​សំខាន់មួយ ដែល​​អាច​នឹង​បើក​ផ្លូវ​ឲ្យ​ប៊ូអ៊ីង​ឈាន​ទៅ​​បើក​ធ្វើ​បេសកកម្ម​បន្ទាប់ គឺ​ការ​បញ្ជូន​យាន​ដោយ​មាន​ដឹកអវកាសយានិក​ទៅកាន់​ស្ថានីយ៍អវកាស​អន្តរជាតិ ដែល​គេ​គ្រោង​ធ្វើ នៅ​ចុងឆ្នាំ២០២២​នេះ ហើយ​ជា​បេសកកម្ម​សាកល្បង​ដំណាក់កាល​ចុងក្រោយ មុននឹង​អាច​ឲ្យ​ Starliner ​ទទួល​ការ​អនុញ្ញាត​ពី​ទីភ្នាក់ងារ​ណាសា ឲ្យ​ចាប់ផ្តើម​បេសកកម្ម​ដឹកជញ្ជូន​​ទៅមក រវាង​ស្ថានីយ៍អវកាស​អន្តរជាតិ ជា​លក្ខណៈទៀងទាត់ ដូចអ្វី​ដែល​ក្រុមហ៊ុន SpaceX កំពុងធ្វើ​ នៅ​ក្នុងពេល​បច្ចុប្បន្ន​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ