អានតួអត្ថបទ

អាមេរិកលើកលែងពន្ធលើការនាំចូលគ្រឿងបន្លាស់សម្រាប់ផលិតផ្ទាំងសូឡាពី ៤ប្រទេសនៅអាស៊ីដោយគ្មានចិន

នៅ​អាមេរិក សេតវិមាន​បាន​ប្រកាស​នៅ​ក្នុង​ថ្ងៃ​ចន្ទ ទី៦ មិថុនា​ពី​ការ​ព្យួរ​ពន្ធ​លើ​គ្រឿងបន្លាស់​មួយ​ចំនួន​សម្រាប់​ផលិតផ្ទាំងសូឡា​ដែល​នាំ​ចូល​ពី ៤ប្រទេស​នៅ​អាស៊ី គឺ​កម្ពុជា វៀតណាម ថៃ និង​ម៉ាឡេស៊ី។ តាម​សេតវិមាន ការ​លើកលែង​ពន្ធ​នេះ​នឹង​មាន​រយៈពេល ២ឆ្នាំ និង​មាន​គោលដៅ​ធានា​លើ​ការ​ផ្គត់ផ្គង់​គ្រឿងបន្លាស់​សម្រាប់​ក្រុមហ៊ុន​ផលិត​ផ្ទាំងសូឡា​នៅ​អាមេរិក។ តាម​រយៈ​វិធានការ​មួយ​នេះ រដ្ឋបាល​អាមេរិក​របស់​លោក​ចូ បៃដិន​ចង់​គុណ ១ជា៣ នូវ​សមត្ថភាព​ផលិត​ផ្ទាំងសូឡា​ក្នុង​ស្រុក។

អាមេរិកលើកលែងពន្ធលើការនាំចូលគ្រឿងបន្លាស់សម្រាប់ផលិតផ្ទាំងសូឡាពី ៤ប្រទេសនៅអាស៊ីដោយគ្មានចិន
អាមេរិកលើកលែងពន្ធលើការនាំចូលគ្រឿងបន្លាស់សម្រាប់ផលិតផ្ទាំងសូឡាពី ៤ប្រទេសនៅអាស៊ីដោយគ្មានចិន REUTERS/Toby Melville
ផ្សាយពាណិជ្ជកម្ម

ការ​ប្រកាស​លើកលែង​ពន្ធ​លើ​ការ​នាំ​ចូល​គ្រឿងបន្លាស់​សម្រាប់​ផលិត​ផ្ទាំងសូឡា​ពី ៤ប្រទេស​នៅ​អាស៊ី​ពេល​នេះ​បាន​ធ្វើ​ឡើង ក្រោយ​ពី​ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន​បាន​សម្រេច​ក្នុង​ខែ​កុម្ភៈ​ពី​ការ​ពន្យារ​ពេល​ចំនួន ៤ឆ្នាំ​បន្ថែម​ទៀត​លើ​តម្លៃ​ពន្ធ​ផ្ទាំងសូឡា​ដែល​នាំ​ចូល​ពី​ក្រៅ ពិសេស​ផ្ទាំងសូឡា​ផលិត​ក្នុង​ប្រទេស​ចិន។ គួរ​រម្លឹក​ថា គំនិត​ផ្តួចផ្តើម​ឲ្យ​យក​ពន្ធ​លើ​ការ​នាំ​ចូល​ផ្ទាំងសូឡា​នេះ​ជា​គំនិត​របស់​អតីត​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​ក្នុង​គោលដៅ​ការពារ​រោងចក្រ សហគ្រាស​អាមេរិក​ក្នុង​ស្រុក។

ពិត​ណាស់ ចិន​មិន​បាន​ស្ថិត​ក្នុង​ចំណោម​ប្រទេស​អាស៊ី​ទាំង ៤ ដែល​អាមេរិក​បាន​លើកលែង​ពន្ធ​លើ​ការ​នាំ​ចូល​គ្រឿងបន្លាស់​សម្រាប់​ផលិត​ផ្ទាំងសូឡា​ទេ។ តែ​សេតវិមាន​បាន​បញ្ជាក់​ថា ការ​ស៊ើបអង្កេត​មួយ​កំពុង​ធ្វើ​ដោយ​ក្រសួង​ពាណិជ្ជកម្ម​ដើម្បី​ផ្ទៀងផ្ទាត់​ចង់​ដឹង​ថា ដើម្បី​អាច​ផលិត​គ្រឿងបន្លាស់​សម្រាប់​ផ្ទាំងសូឡា​បាន តើ​ប្រទេស​អាស៊ី​ទាំង ៤ បាន​ទិញ​គ្រឿង​ផ្សំ​ពី​ប្រទេស​ណា​ខ្លះ?។ ការ​ផ្ទៀងផ្ទាត់​នេះ​មក​ពី​សេតវិមាន​ខ្លាច​ប្រទេស​អាស៊ី​ទាំង ៤ ទិញ​ពី​ចិន​ដែល​កំពុង​ជាប់​ពន្ធ​ដាក់​ដោយ​អាមេរិក។

យ៉ាង​ណា​ក៏​ដោយ រដ្ឋបាល​អាមេរិក​របស់​លោក​បៃដិន​សង្ឃឹម​ថា តាម​រយៈ​ការ​លើកលែង​ពន្ធ​លើ​ការ​នាំ​ចូល​គ្រឿងបន្លាស់​សម្រាប់​ផលិត​ផ្ទាំងសូឡា​ពី ៤ប្រទេស​នៅ​អាស៊ី​ពេល​នេះ​នឹង​អនុញ្ញាត​ឲ្យ​អាមេរិក​អាច​បង្កើន​បាន ៣ដង​នូវ​សមត្ថភាព​ផលិត​ផ្ទាំងសូឡា​ពី​ពេល​នេះ​ទៅ​ឆ្នាំ ២០២៤។ ក្នុង​ន័យ​នេះ ផលិតកម្ម​ភ្លើងអគ្គិសនី​បាន​ពី​ព្រះអាទិត្យ​របស់​អាមេរិក​នឹង​កើន​ពី ៧,៥ហ្សីហ្កាវ៉ាត់​ទៅ ២២,៥ហ្ស៊ីហ្កាវ៉ាត់។ ចំនួន​នេះ​គឺ​គ្រប់គ្រាន់​ដើម្បី​អនុញ្ញាត​ឲ្យ​គ្រួសារ​អាមេរិក​ជាង ៣លាន ៣សែន​គ្រួសារ​មាន​ភ្លើងអគ្គិសនី​បៃតង​ប្រើប្រាស់​រៀងរាល់​ឆ្នាំ។

សេតវិមាន​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា បច្ចេកវិទ្យា​ថាមពល​បៃតង​ជា​រឿង​សំខាន់​ដែល​អាមេរិក​ត្រូវ​អភិវឌ្ឍន៍​ដើម្បី​ចូលរួម​កាត់​បន្ថយ​តម្លៃ​ភ្លើងអគ្គិសនី​ដល់​គ្រួសារ​អាមេរិក កាត់​បន្ថយ​ហានិភ័យ​លើ​បណ្តាញ​អគ្គិសនី និង​ចូលរួម​ប្រយុទ្ធប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ