អានតួអត្ថបទ

តើចិនមិនមែនជាដង្កូវដែលកំពុងចូលរុករានឲ្យមានការបែកបាក់នៅផ្ទៃក្នុង Mercosur ទេឬ?

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២១ កក្កដា ថ្នាក់ដឹកនាំ​នៃ​ក្រុម​ប្រទេស​ស្ថិត​ក្នុង​សហគមន៍​សេដ្ឋកិច្ច​ប៉ែកខាងត្បូង​ហៅ​កាត់ Mercosur បើក​កិច្ចប្រជុំ​ក្នុង​ប្រទេស​ប៉ារ៉ាហ្កាយ។ Mercosur ដែល​បាន​ចាប់​កំណើត​ក្នុង​ខែ​មីនា ឆ្នាំ ១៩៩១ មាន​សមាជិក​ចំនួន ៤ប្រទេស គឺ​អាហ្សង់ទីន ប្រេស៊ីល ប៉ារ៉ាហ្កាយ និង​ប្រទេស​អ៊ុយរូហ្កាយ។ ប្រធានបទ​នៃ​កិច្ចប្រជុំ គឺ​សេចក្តីព្រាង​កិច្ចព្រមព្រៀង​ដោះដូរ​សេរី​ដ៏​ចម្រូងចម្រាស​រវាង​ប្រទេស​ចិន និង​ប្រទេស​អ៊ុយរូហ្កាយ។

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២១ កក្កដា ថ្នាក់ដឹកនាំ​នៃ​ក្រុម​ប្រទេស​ស្ថិត​ក្នុង​សហគមន៍​សេដ្ឋកិច្ច​ប៉ែកខាងត្បូង​ហៅ​កាត់ Mercosur បើក​កិច្ចប្រជុំ​ក្នុង​ប្រទេស​ប៉ារ៉ាហ្កាយ។
នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២១ កក្កដា ថ្នាក់ដឹកនាំ​នៃ​ក្រុម​ប្រទេស​ស្ថិត​ក្នុង​សហគមន៍​សេដ្ឋកិច្ច​ប៉ែកខាងត្បូង​ហៅ​កាត់ Mercosur បើក​កិច្ចប្រជុំ​ក្នុង​ប្រទេស​ប៉ារ៉ាហ្កាយ។ AFP - NORBERTO DUARTE
ផ្សាយពាណិជ្ជកម្ម

អាហ្សង់ទីន​ជា​ប្រទេស​ដែល​បាន​ចេញ​មុខ​ប្រឆាំង​នឹង​សេចក្តីព្រាង​នៃ​កិច្ចព្រមព្រៀង​ដោះដូរ​សេរី​ដែល​ប្រទេស​អ៊ុយរូហ្កាយ​ចង់​ចុះ​ហត្ថលេខា​ជាមួយ​ប្រទេស​ចិន។ នេះ​មិនមែន​ជា​លើកទី១ ទេ​ដែល​សំណុំរឿង​មួយ​នេះ​បាន​ចូល​បំពុល​នៅ​ក្នុង​កិច្ចប្រជុំ​នៃ​ក្រុម​ប្រទេស​ស្ថិត​ក្នុង​សហគមន៍​សេដ្ឋកិច្ច​ប៉ែកខាងត្បូង​ហៅ​កាត់ Mercosur។ ក្នុង​ឆ្នាំ ២០២១ ប្រធានាធិបតី​អ៊ុយរូហ្កាយ​លោក​ល្វី ឡាកាយេ ប៉ូ​បាន​ព្រមាន​ថា Mercosur ត្រូវ​បើក​ទ្វារ​ទៅ​កាន់​ពិភពលោក។ ការ​លើក​ឡើង​របស់​លោក​ល្វី ឡាកាយេ ប៉ូ​កាល​ណោះ​បាន​ធ្វើ​ឲ្យ​ប្រធានាធិបតី​អាហ្សង់ទីន​លោក​អាល់ប៊ែរតូ ហ៊្វែរណង់ដេ​ក្តៅ​ស្លឹក​ត្រចៀក និង​ឆ្លើយ​បក​វិញ​ថា អ៊ុយរូហ្កាយ​មាន​សិទ្ធិ​ចេញ​ពី Mercosur បើ​អ៊ុយរូហ្កាយ​ចង់​ចេញ។

ទោះ​ជា​មាន​ការ​ប្រឆាំង​ដាច់​អហង្ការ​ពី​អាហ្សង់ទីន​ក៏​ដោយ​ក៏​លោក​ល្វី ឡាកាយេ ប៉ូ​បាន​អះអាង​ក្នុង​សប្តាហ៍​កន្លង​ទៅ​ថា អ៊ុយរូហ្កាយ​នឹង​ផ្តើម​កិច្ចចរចា​ជា​ផ្លូវការ​ជាមួយ​ប្រទេស​ចិន និង​បញ្ជាក់​ជា​ថ្មី​ពី​ការ​បន្ត​ស្ថិត​ក្នុង Mercosur ដោយ​បាន​អំពាវនាវ​ឲ្យ​ប្រទេស​សមាជិក​ផ្សេង​ចូលរួម​ជាមួយ​ខ្លួន។ តែ​លោក​ល្វី ឡាកាយេ ប៉ូ​មិន​ភ្លេច​ព្រមាន​ថា បើ​គ្មាន​ប្រទេស​សមាជិក​ណា​ចូល​រួម​ទេ អ៊ុយរូហ្កាយ​ត្រៀម​ខ្លួន​ដើម្បី​ធ្វើ​ម្នាក់​ឯង។ គួរ​បញ្ជាក់​ថា ចិន​ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ទី១ របស់​អ៊ុយរូហ្កាយ​បាន​មើល​ឃើញ​ថា កិច្ចព្រមព្រៀង​ដោះដូរ​សេរី​ជាមួយ​ប្រទេស​តូច​នៅ​អាមេរិកឡាទីន​ដែល​មាន​ពលរដ្ឋ​តែ ៣លាន ៥សែន​នាក់​មួយ​នេះ​នឹង​អនុញ្ញាត​ឲ្យ​ខ្លួន​បោះ​ជំហាន​ចូល​ក្នុង​ទីផ្សារ Mercosur ដែល​មាន​ពលរដ្ឋ​សរុប ២៦៥លាននាក់។

គឺ​ទីផ្សារ​ប្រទេស​ប្រេស៊ីល និង​អាហ្សង់ទីន​ដែល​ចិន​កំពុង​សំឡឹង​មិន​ដាក់​ភ្នែក។ ដើម្បី​ខ្ទប់​លំហូរ​ផលិតផល​ចិន​ចូល​ទីផ្សារ Mercosur ដោយ​រួច​ពន្ធ ប្រេស៊ីល អាហ្សង់ទីន និង​ប៉ារ៉ាហ្កាយ​អាច​បង្ខំ​ចិត្ត​ដាក់​អ៊ុយរូហ្កាយ​ឲ្យ​នៅ​ឯកោ ឬ​បណ្តេញ​ចេញ​ពី​ទីផ្សារ Mercosur តែ​ម្តង។ ចុះ​តើ​អាច​មាន​ការ​ដក​អ៊ុយរូហ្កាយ​ចេញ​ពី​សមាជិក Mercosur ដែរ ឬ​ទេ។ នៅ​មិន​ទាន់​អាច​ឆ្លើយ​យ៉ាង​ម៉េច​បាន​ទេ ព្រោះ​ទី១ អ៊ុយរូហ្កាយ​កំពុង​ត្រៀម​ខ្លួន​ធ្វើ​ជា​ប្រធាន​ប្តូរ​វេន Mercosur និង​ទី២ ប្រេស៊ីល​ដែល​មិន​សូវ​ចេញ​មុខ​ប្រឆាំង​ខ្លាំងក្លា​ដូច​អាហ្សង់ទីន​អាច​គាំទ្រ​គំនិត​ផ្តួចផ្តើម​របស់​អ៊ុយរូហ្កាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ