អានតួអត្ថបទ

អ្នកនិពន្ធ​ សាលមាន់ រុសឌី ដែល​​រិះគន់​ថ្នាក់ដឹកនាំ​អ៊ីរ៉ង់ ត្រូវ​ខ្មាន់កាំបិត​ ចាក់​​របួស​ធ្ងន់

នៅសហរដ្ឋអាមេរិក ថ្ងៃទី១៣សីហា​ អ្នកនិពន្ធ​ សាលមាន់ រុសឌី ដែល​ល្បីខាង​រិះគន់​ថ្នាក់ដឹកនាំ​អ៊ីរ៉ង់ ត្រូវបុរស​ខ្មាន់កាំបិតម្នាក់​​ ចាក់យ៉ាង​កំរោលបណ្តាល​ឲ្យ​រង​​របួស​ធ្ងន់ នៅពេល​ដែលអ្នកនិពន្ធ​រូបនេះ​ ​ចូលរួម​កិច្ចពិភាក្សា​ នៅមណ្ឌល​វប្បធម៌​មួយ​កន្លែង​ នៅក្នុង រដ្ឋ​ញូវយ៉ក។ ជន​រងគ្រោះត្រូវ​ដឹកតាមឧទ្ធម្ភាគចក្រ ទៅវះកាត់​សង្គ្រោះបន្ទាន់​នៅមន្ទីរពេទ្យដែលជិតបំផុត​ និង​ត្រូវ​​បំពាក់​បំពង​ដកដង្ហើម​ដោយ​អុកស៊ីសែន ហើយបើតាមប្រភព​ពី​​អ្នក​ស្និទ​នឹង​ជនរងគ្រោះ, ​គឺ​លោក ​​សាលមាន់ រុសឌី ទំនង​ជាអាច​ខ្វាក់​ភ្នែកម្ខាង​​ហើយ។ ចំណែក​ ខ្មាន់កាំបិត គឺត្រូវ​ចាប់ឃាត់ខ្លួនបាន ភ្លាមៗ។​  

L'écrivain Salman Rushdie, ici en 2019 à Vienne, avait été visé en 1989 par une «fatwa» réclamant son assassinat.
L'écrivain Salman Rushdie, ici en 2019 à Vienne, avait été visé en 1989 par une «fatwa» réclamant son assassinat. AFP - HERBERT NEUBAUER
ផ្សាយពាណិជ្ជកម្ម

អាយុ​៧៥ឆ្នាំ អ្នកនិពន្ធ​ សាលមាន់ រុសឌី ជា​ជនជាតិ​អង់គ្លេស ដើមកំណើតឥណ្ឌា។ លោកប្រសូត្រ​​នៅទីក្រុង​ Bambay​​ ក្នុង​ត្រកូល​គ្រួសារអភិជន ​ បញ្ញវន្ត និង កាន់​សាសនាអ៊ីស្លាម។​  លោក​បាន​និពន្ធសៀវភៅ​ជាច្រើន នៅក្នុងនោះ មានវណ្ណកម្ម​មួយ​ដែល​លេចធ្លោ​ខ្លាំង «Versets sataniques» បោះពុម្ពផ្សាយ​នៅឆ្នាំ​១៩៨៨ ដែល​សរសេរផ្អែក​​តាម​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​អ៊ីរ៉ង់ និង​​រិះគន់​ថ្នាក់ដឹកនាំ​អ៊ីរ៉ង់ ព្រ​មទាំង​ថ្កោលទោស​សាសនាអ៊ីស្លាម​ដែល​ជ្រុល​និយម។ មួយឆ្នាំក្រោយ​ពីបោះពុម្ពផ្សាយ​សៀវភៅនេះ​ អ្នកនិពន្ធ​ សាលមាន់ រុសឌី ក៏ត្រូវ​ថ្នាក់ដឹកនាំអ៊ីរ៉ង់ អាលី ខាំមេនីយ ប្រកាសជាសាធារណៈ​​កាត់ទោស​ប្រហារ​ជីវិត​។

ជាង​៣០ឆ្នាំក្រោយមក នៅថ្ងៃ​កើត​ហេតុនេះ កាសែតរដ្ឋ​​ប្រចាំថ្ងៃ​អ៊ីរ៉ង់ ហើយ​ចៅហ្វាយ​សារព័ត៌មាន​នេះ ត្រូវ​តែងតាំង​ដោយ ថ្នាក់​ដឹកនាំ​អ៊ីរ៉ង់អាលី ខាំមេនីយ បាន​កោត​សរសើរ​ខ្មាន់​កាំបិត ថា​«បុរស​នេះ​ ក្លាហាន និងមាន​ស្មារតី​ភ្ញាក់​រលឹក​ ហើយ​វាយ​ប្រហារ​លើ ជន​ក្បត់​សាសនា  សាលមាន់ រុសឌី។»។ ទន្ទឹ​មនឹងគ្នា​នេះ ថ្នាក់ដឹកនាំ​អ៊ីរ៉ង់​ដែល​ទទួល​បន្ទុក​ចរចា​សំណុំ​រឿង​នុយក្លេអែរ លោក Mohammad Marandi ក៏​បន្ថែម​ដែរថា ​លោក​មិន​ស្រក់ទឹក​ភ្នែក​ទេ ចំពោះ​អ្នក​និពន្ធដែល​រិះគន់​ដោយ​ភាព​ស្អប់ខ្ពើមនិងមាក់ងាយ​ចំពោះ​ប្រជាជននិងសាសនា​អ៊ីស្លាម​។

ចំពោះ​ហេតុការណ៍​ចាក់​នឹង​កាំបិត ទៅលើ​អ្នក​និពន្ធ​ដ៏ល្បីល្បាញ​រូបនេះ គឺត្រូវ​រិះគន់​ថ្កោល​ទោស ​យ៉ាង​ខ្លាំង ពី​ប្រទេស​លោក​សេរី។ នាយករដ្ឋមន្ត្រី​អង់គ្លេស បូរីស ចនសុន មាន​ប្រសាសន៍ថា ការ​វាយ​ប្រហារចាក់នឹង​កាំបិត​​ទៅលើ​អ្នក​និពន្ធ ​សាលមាន់ រុសឌី គឺ​ធ្វើ​ឡើង​ពេល​ដែល​លោក​កំពុងតែ​បំពេញ​សិទ្ធបញ្ចេញ​មតិ​របស់​គាត់ និងជា​សិទ្ធិសេរីភាព​ដែល​យើង​តែងតែ​ការពារ។

ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង លើកឡើង​ថា ការ​ប្រយុទ្ធ​តស៊ូ​មតិរបស់​ អ្នកនិពន្ធ សាលមាន់ រុសឌី ដើម្បី​សេរីភាព​បញ្ចេញ​មតិ គឺ​ជា​ការតស៊ូ​របស់​យើង​ទាំងអស់​គ្នា។​

ចំណែក អ្នក​នាំពាក្យ​រដ្ឋបាល​ប្រធានាធិបតី​អាមេរិក ចូ បៃឌិន បាន​រិះគន់​ថ្កោលទោស​អំពើ​ឃោរ​ឃៅ​របស់​ខ្មាន់កាំបិត និងជូន​ពរ​ដោយសង្ឃឹម​ថា​លោក​នឹង​ជាសះស្បើយ​ឡើងវិញ។​ ជាមួយ​គ្នា​នេះ​ អគ្គលេខាធិការអង្គការ​សហប្រជាជាតិ អង់តូនីញ៉ូ ហ្គូតែរ តាមរយៈ​អ្នកនាំពាក្យ គឺបាន​ថ្លែង​រិះគន់​អំពើ​ហិង្សា​នេះ និង​បញ្ជាក់ថា គេ​មិនត្រូវ​ឆ្លើយ​តប​បែប​ហិង្សាយ៉ាងនេះ ​ចំពោះ​មនុស្ស​គ្រាន់តែ​បញ្ចេញ​សម្តី​នោះឡើយ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ