អានតួអត្ថបទ
សហរដ្ឋ​អាមេរិក-និស្សិត

សហរដ្ឋ​អាមេរិក ៖ លោក បៃដិន ប្រកាស​លុប​ចោល​​ មួយផ្នែក បំណុ​លរបស់​​និស្សិត

ជា​ពាក្យ​​សន្យា ជា​ការទន្ទឹង​​រង់ចាំ និងជា​ការ​ទាមទារ តាំងពីយូរ​មក​ហើយ​ តែ​ទើប​នៅថ្ងៃទី ២៤​សីហា​២០២២​នេះ​ប៉ុណ្ណោះ ដែល​លោកប្រធានាធិបតី​អាមេរិក ចូ បៃដិន បាន​ប្រកាស​លុប​ចោល​មួយភាគ បំណុល​របស់​និស្សិត។ ក្រុមនិស្សិត​ជាប់​បំណុល​ បាន​សម្តែង​អំណរ តែ​សេចក្តី​ប្រកាស​ធ្វើ​ឡើង​នៅមុនការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ ក៏ជា​សារ​ដែល​មាន​បង្កប់​អត្ថន័យ​នយោបាយ​​​ដែរ។

លោកប្រធានាធិបតី​អាមេរិក ចូ បៃដិន ប្រកាស​លុប​បំណុល​របស់​និស្សិត​មួយភាគ
លោកប្រធានាធិបតី​អាមេរិក ចូ បៃដិន ប្រកាស​លុប​បំណុល​របស់​និស្សិត​មួយភាគ © Evan Vucci / AP
ផ្សាយពាណិជ្ជកម្ម

លោក ចូ បៃដិន​បាន​សន្យា​ដោះស្រាយ​​បញ្ហា​បំណុល​និស្សិត តាំងពី​ចេញឃោសនាបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០២០​មក​ម្ល៉េះ។ ជាប់​ឆ្នោត​ហើយ​ អ្នក​ពាក់ព័ន្ធ​ត្រូវ​បន្ត​រង់ចាំ​​​ទាំង​អារម្មណ៍​ខក​ចិត្ត​ម្តង​ម្កាល​ផង។ ពីរ​ឆ្នាំ​ក្រោយ ពោល​គឺ​នៅពេលសហរដ្ឋ​អាមេរិក​ត្រៀម​បើក​​ការ​​ឃោសនា​បោះឆ្នោត​មួយ​ទៀត ទើប​លោក​ប្រធានាធិបតី ប្រកាស​ លុប​បំណុល​របស់​និស្សិត មួយ​ផ្នែក ​ដូច​បាន​សន្យា។

អំណើះ​តទៅ និស្សិត​អាច​លុប​បំណុល​របស់​ខ្លួន ចំនួន ១ម៉ឺន​ដុល្លារក្នុង​មួយ​ឆ្នាំ ពេល​ចេញ​ធ្វើ​ការ​មាន​ប្រាក់​ចំណូល​តិច​ជាង​១២៥០០០​ក្នុង​មួយ​ឆ្នាំ និង​១ម៉ឺន​ដុល្លារ​បន្ថែម​ សម្រាប់​និស្សិត​ទទួល​អាហារូបករណ៍។ នេះ​ជា​វិធានការ​សម្រាប់​អ្នក​មាន​ជីវភាព​ទាប​ និង​ ដែល​បាន​ទៅ​ខ្ចី​ប្រាក់​រដ្ឋ​ មិនមែន​សម្រាប់​អ្នក​ដែល​ទៅ​ខ្ចីប្រាក់​តាម​ធនាគារ​ឯកជន​ដើម្បី​សិក្សាទេ។

លោក ចូបៃដិន បាន​ឆ្លៀត​ពន្យល់ថា នេះ​ជា​វិធានការ​ដ៏ស្តួច​ស្តើងណាស់​សម្រាប់អ្នក​ខ្លះ តែ​ច្រើន​ជ្រុល​សម្រាប់​មួយ​ក្រុម​ផ្សេង។ ​ក្រុម​អ្នក​សាធារណរដ្ឋបាន​រួម​គ្នា​​បិរហារ​ថា​​ការលុប​បំណុល​និស្សិតជា​ទង្វើ​បម្រើ​​ប្រយោជន៍​នយោបាយ​ ហើយ​បង្ក​ឱ្យ​មាន​អតិផរណា។ តែ​លោក​បៃដិន បានឆ្លើយ​តប​ដោយ​ច្បាស់ៗ​ថា ដើម្បី​​ជួយ​ពលរដ្ឋ​អាមេរិកក្រីក្រ​ ថ្នាក់​កម្មករ និង​ថ្នាក់​មធ្យម លោក មិន​សុំ​ទោស​ជា​ដាច់​ខាត​ និង​ជាពិសេស​នៅ​ចំពោះ​មុខ​ក្រុម​ដែល​បាន​បោះឆ្នោត​បញ្ចុះ​ពន្ធ​ ២ពាន់​លាន​ដុល្លារ ដើម្បីការពារ​តែ​ប្រយោជន៍​របស់​ពលរដ្ឋ​អាមេរិក​អ្នក​មាន​ខ្លាំង និង​ក្រុមហ៊ុន​ធំៗ ដែល​ពន្យឺត និង​មិន​​ជួយ​ជំរុញ​កំណើន​​សេដ្ឋកិច្ច តែ​បាន​បំប៉ោង​ឱនភាពជាតិ​ឱ្យ​កាន់​តែ​ធំ។ លោក បៃដិន បាន​រំលើក​អំពី​ជោគជ័យ​ថ្មីៗ ក្នុង​ការ​បន្ថយ​​ឱនភាព​សាធារណៈ​ និង​ពិសេស​គឺរដ្ឋាភិបាល​លោក​បាន​សម្រេច​ដូច​សន្យា​ បើ​ទោះ​បី​មាន​ការ​លំបាក​យ៉ាង​ណា​ក៏​ដោយ។

សូម​បញ្ជាក់​ថា​ ការ​សិក្សា​ថ្នាក់​មហាវិទ្យាល័យ​នៅ​សហរដ្ឋ​អាមេរិក អាច​មាន​តម្លៃ​ពី​១ម៉ឺន ទៅ​៧ម៉ឺន​​ក្នុង​មួយ​ឆ្នាំៗ។ ជា​ញឹកញយ​និស្សិត​អាមេរិក​បាន​បញ្ចប់​ការ​សិក្សា​ មាន​សញ្ញាប័ត្រ​ខ្ពស់ តែក៏​មាន​​បំណុលជាប់​ខ្លួន​​ដ៏​ធ្ងន់​ធ្ងរ ដែល​ត្រូវ​បង់សង​រំលោះ​វិញ​នៅពេល​ចេញ​ធ្វើការ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ