អានតួអត្ថបទ
អាមេរិក-គ្រោះធម្មជាតិ

ខ្យល់​ព្យុះអ៊ូរ៉ាហ្កង់ Ian បោក​សង្គ្រប់​​លើ​រដ្ឋផ្លរីដា បង្ក​ជា​ទឹកជំនន់​ដ៏​ធ្ងន់ធ្ងរ

រដ្ឋផ្លរីដា ភាគអាគ្នេយ៍សហរដ្ឋអាមេរិក កំពុងតែរងគ្រោះដោយ​ហន្តរាយធម្មជាតិ ក្រោមកម្លាំងខ្យល់ព្យុះអ៊ូរ៉ាហ្កង់ អ៊ីយ៉ាន (Ian) ។ ខ្យល់ព្យុះដ៏ខ្លាំងក្លានេះ បាន​បង្កឲ្យ​មាន​ទឹកជំនន់ជន់លិច និង​បាន​ផ្តាច់ចរន្តអគ្គិសនី ផ្ទះសំបែងជាច្រើន​លានខ្នង ចាប់ពីរសៀលថ្ងៃពុធទី​២៨កញ្ញា ។

ទឹកជំនន់នៅតំបន់ Key West រដ្ឋផ្លរីដា បន្ទាប់ពី​បោកបក់ដោយ​ព្យុះអ៊ូរ៉ាហ្កង់ Ian នៅរសៀលថ្ងៃពុធ ទី​២៨កញ្ញា២០២២
ទឹកជំនន់នៅតំបន់ Key West រដ្ឋផ្លរីដា បន្ទាប់ពី​បោកបក់ដោយ​ព្យុះអ៊ូរ៉ាហ្កង់ Ian នៅរសៀលថ្ងៃពុធ ទី​២៨កញ្ញា២០២២ AP - Mary Martin
ផ្សាយពាណិជ្ជកម្ម

ក្រោមកម្លាំងខ្យល់​ប្រមាណ ១៨៥គីឡូម៉ែត្រ​ក្នុងមួយម៉ោង ព្យុះអ៊ូរ៉ាហ្កង់Ian  បាន​បោកពន្លិចទូក​ដឹកជនភៀសខ្លួន​មួយ​គ្រឿង​ នៅ​តំបន់ប្រជុំកោះKeys ភាគខាងត្បូងរដ្ឋផ្លរីដា។ ឆ្មាំសមុទ្រកំពុងតែ​ស្វែងរក មនុស្សចំនួន​២០នាក់ ដែលបាត់ខ្លួននៅក្នុងទឹកសមុទ្រ។

យោងតាមមជ្ឈមណ្ឌលជាតិអ៊ូរ៉ាហ្កង់ ខ្យល់ព្យុះ Ian បាន​បោកបក់មកដល់ឆ្នេរតំបន់ Cayo Costa នៅវេលាម៉ោង ៣រសៀល ថ្ងៃពុធទី​២៨កញ្ញា ហើយ​បានបង្កជាទឹកជំនន់យ៉ាងធ្ងន់ធ្ងរ។ គេហទំព័រ PowerOutage បាន​បញ្ជាក់ថា យ៉ាងហោចណាស់ ផ្ទះសំបែងចំនួន​២លានខ្នង ត្រូវបានដាច់ចរន្តអគ្គិសនី។ គ្រប់តំបន់ ដែលស្ថិតនៅតាមផ្លូវ​ឆ្លងកាត់ របស់ព្យុះអ៊ូរ៉ាហ្កង់នេះ គឺ​ចរន្តភ្លើងត្រូវដាច់ងងឹតឈឹងតែម្តង។ ដំបូលអាគារ ផ្ទាំងបដា និងស្លាកសញ្ញាចរាចរណ៍ ត្រូវកម្លាំងខ្យល់បក់គួចត្របាញ់ បាក់បែក ហោះប្រណាំងនឹង​មែកឈើ។

យោងតាមរូបភាព ផ្សាយ​ដោយ​បណ្តាញទូរទស្សន៍ MSNBC ទីក្រុង Naples ស្ថិតនៅភាគ​និរតី​រដ្ឋផ្លរីដា ត្រូវស្ថិតនៅក្នុងទឹកជំនន់ទាំងស្រុង។ លោក Ron DeSantis អភិបាលរដ្ឋផ្លរីដា  អះអាងថាទីកន្លែងខ្លះ ទឹក​ជំនន់​មាន​​កំពស់​​ដល់​ទៅ​៣ម៉ែត្រ។ លោកបានលើកឡើងថា ព្យុះអ៊ូរ៉ាហ្កង់ Ian អាចប្រហែលជាខ្យល់ព្យុះដ៏កាចសាហាវ១ ក្នុងចំណោម៥ ដែលរដ្ឋផ្លរីដា មិនដែលធ្លាប់បាន​​ជួបប្រទះ។ លោកស្រីអគ្គនាយកទីភ្នាក់ងារសហព័ន្ធទទួល​បន្ទុកមហន្តរាយធម្មជាតិ បាន​លើកឡើងថា ខ្យល់ព្យុះIan នឹងចុះថយកម្លាំងបន្តិចម្តងៗមែន តែវានឹងនៅតែអាចបង្កគ្រោះថ្នាក់ខ្លាំង នៅថ្ងៃបន្តបន្ទាប់។

គួរបញ្ជាក់ថា មុននឹងមកដល់​រដ្ឋផ្លរីដា ខ្យល់ព្យុះអ៊ូរ៉ាហ្កង់នេះ បាន​បោក​បក់សង្គ្រប់ពី​លើ​កោះគុយបា កាលពីថ្ងៃអង្គារ ហើយ​បានផ្តាច់ចរន្តអគ្គិសនី​ប្រទេសក្រីក្រនេះ ឲ្យងងឹតសូន្យសុង។

យោងតាមលោក Gary Lackmann សាស្ត្រាចារ្យវិទ្យាសាស្ត្របរិយាកាស នៅសកលវិទ្យាល័យរដ្ឋការ៉ូលីនខាង​ជើង គឺផ្អែក​លើ​ការសិក្សាជាច្រើនបាន​បង្ហាញថា វាពិត​ជាមានទំនាក់ទំនងហេតុនិងផល​ រវាង​ការប្រែប្រួលអាកាសធាតុ ជាមួយ​នឹង​អភូតហេតុធម្មជាតិ ខ្យល់ព្យុះកាន់តែកាចសាហាវបែបនេះ។ សីតុណ្ហភាព​លើ​ផ្ទៃទឹកសមុទ្រកាន់តែឡើងក្តៅខ្លាំង អាចជាកត្តារុញច្រាន ធ្វើឲ្យខ្យល់ព្យុះ​កម្លាំងខ្សោយ​ល្មម ប្រែក្លាយ​ទៅជាព្យុះអ៊ូរ៉ាហ្កង់កាចសាហាវ ក្នុងពេល​យ៉ាងខ្លីភ្លាមៗ។ ជាក់ស្តែង ​ខ្យល់ព្យុះ Ian នេះ បានប្រែក្លាយ​ពីខ្យល់ព្យុះត្រូពិកធម្មតា ទៅជាខ្យល់ព្យុះអ៊ូរ៉ាហ្កង់ខ្លាំងក្លា ក្នុងរយៈពេល​​ត្រឹមតែ​២៤ម៉ោង តែប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ