អានតួអត្ថបទ

អង្គការ​សហប្រជាជាតិ​ ជំរុញ​ឲ្យ​ប្រធាន​ក្រុម​ហ៊ុន​ធ្វីតធ័រ​ គោរព​សិទ្ធិមនុស្ស

-នៅថ្ងៃ​សៅរ៍​  អង្គការសហប្រជាជាតិ បាន​ស្នើ​ជំរុញ​ឲ្យ​ប្រធាន​ក្រុម​ហ៊ុន​ថ្មី របស់​ធ្វីតធ័រ គឺលោក Elon Musk ឲ្យ​គោរព​សិទ្ធិមនុស្ស។ ការ​អំពាវនាវ​នេះ គឺបន្ទាប់ពី​លោក ​Elon Musk បាន​កែទម្រង់​ក្រុមហ៊ុនធ្វីតធ័រ ​ដ៏​ប្រញាប់​ប្រញាល់ខ្លាំងពេក​។​ គ្រាន់តែ​ទិញ​ក្រុមហ៊ុន​នេះ​​ភ្លាម ​គឺ​លោក​បាន​​បណ្តេញ​អគ្គនាយកនិង​ថ្នាក់ដឹកនាំ​ជាច្រើននាក់​​របស់​ក្រុមហ៊ុន ហើយ​នៅក្នុង​សប្តាហ៍​នេះ លោក​បាន​បញ្ឈប់បុគ្គលិក​​​​រាប់ពាន់នាក់ពី​ការ​ងារដោយ​គ្មាន​ជូន​ដំណឹង​ជាមុនឡើយ​។​

 ឧត្តមស្នងការសិទ្ធិមនុស្ស លោក Volker Türk ដើមកំណើត​ជាតិ​អូទ្រីស។
ឧត្តមស្នងការសិទ្ធិមនុស្ស លោក Volker Türk ដើមកំណើត​ជាតិ​អូទ្រីស។ © AFP - MUNIR UZ ZAMAN
ផ្សាយពាណិជ្ជកម្ម

ឧត្តមស្នងការសិទ្ធិមនុស្ស នៃ អង្គការសហប្រជាជាតិ បាន​ប្រកាស​ឲ្យ​លោក Elon Musk ​ចៅហ្វាយ​ថ្មី​របស់​ក្រុមហ៊ុន​ ធ្វីតធ័រ ថា​សូម​ឲ្យ​លោក​គោរព​គោលការណ៍​សិទ្ធិមនុស្ស នៅក្នុង​ដំណើរ​ចាត់ចែង​ក្រុ​ម​ហ៊ុន។​ ការ​គោរព​សិទ្ធិមនុស្ស​នេះ គឺត្រូវ​គោរព​ទាំង​នៅ​ក្នុង​ដំណើរ​ប្រព្រឹត្តិ​របស់​បណ្តាញ​សង្គមផ្ទាល់​​ផង និង​នៅក្នុង​រង្វង់​ក្រុមហ៊ុន​ថែមទៀត។​ នេះបើតាម​ខ្លឹមសារ​នៃលិខិត​ចំហរបស់​​ ឧត្តមស្នងការសិទ្ធិមនុស្ស លោក Volker Türk ដែល​បាន​សរសេរពីក្រុង​ហ្សឺណែវ​​ ​ផ្តាំផ្ញើ​ត្រង់​ទៅកាន់លោក Elon Musk។

គ្រាន់​​តែ​ក្នុង​​​សប្តាហ៍​នេះ លោក Elon Musk  បាន​បណ្តេញ​ចេញ​និង​បញ្ឈប់​បុគ្គលិក​ រួម​ទាំង​វិស្វករ ប្រមាណ​ជា​ពាក់​កណ្តាល ពីក្រុម​ហ៊ុន​ធ្វីតធ័រ នៅ San Francisco ។​ ពោល​គឺ​បុគ្គលិក​សរុប ប្រមាណ​ជា ៧ ៥០០នាក់។ ​​នៅ​ប៉ុន្មាន​ខែ​មុន​នេះ មាន​បុគ្គលិក​ ប្រមាណ​ជា​ ៧០០នាក់​ បាន​សុំ​ឈប់​ដោយ​ស្ម័គ្រ​ចិត្ត​ តាំងពីមុន​ការ​មកដល់​របស់​លោក ​Elon Musk ទៅទៀត​។​

​អតីត​បុគ្គលិកមួយ​ចំនួន​បាន​ប្តឹង​ទៅ​តុលាការ​ ដោយ​សំអាង​ហេតុ​ថា​​ ធ្វីតធ័រ​បញ្ឈប់​ពួក​គេ​​ដោយ​គ្មាន​ជូន​ដំណឹង​ជាមុន​។ បើតាម​ច្បាប់​អាមេរិក  ត្រូវ​ជូន​ដំណឹង​ជាមុន​ចំនួន​៦០ថ្ងៃ។ ករណី​នេះ ចៅហ្វាយ​ថ្មី​របស់​ធ្វីតធ័រ​អាច​នឹង​ត្រូវ​សង​ជំងឺ​ចិត្ត​ច្រើន​រយ​លាន​ដុល្លារ​។​

​​អ្ន​កខ្លះនៅ​​បន្ត​មានទំនុក​ចិត្ត​ចំពោះ​មហាសេដ្ឋី​រូបនេះ ដែល​មាន​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់ ពីព្រោះ គេ​ជឿថា​លោក​អាច​នាំ​ការ​រីកចម្រើន​ដល់​ក្រុមហ៊ុនធ្វីតធ័រ​​ ដោយហេតុ​​ លោក​បាន​ដឹកនាំ​​ក្រុម​ហ៊ុន​បីក្នុង​វិស័យ​ខុសគ្នា​បាន​ជោគជ័យ​កន្លងមក នោះគឺ Paypal ខាង​ហិរញ្ញវត្ថុ, Tesla ខាងរថយន្ត​និងអគ្គិសនី ហើយ​និង SpaceX ខាង​អវកាស​។

នៅ​ចុង​សប្តាហ៍​នេះ​ លោក Elon Musk ​បាន​ថ្លែង​សូមក្តីអធ្យាស្រ័យ​អភ័យ​​ទោស​ចំពោះ​​​​បុគ្គលិក​ ធ្វីតធ័រ ថាព្រោះតែ​​លោក​បាន​ចង់​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ដើរ​លឿន​ពេក ហើយ​ដូច្នេះលោក​សូម​ទទួល​ខុសត្រូវ​។

ក្រោយ​ពី​បណ្តេញ​បុគ្គលិកថ្នាក់ដឹកនាំ ​និង​បញ្ឈប់​អ្នកធ្វើការរាប់ពាន់​ពាន់ រួម​ទាំង​វិស្វករ​ ប្រមាណ ជិត​១០% រយៈ​ពេល​ចុងក្រោយ​នេះ លោក​ចៅហ្វាយ​ក្រុមហ៊ុនថ្មី បាន​សម្រេច​ដក​ក្រុមហ៊ុន​ចេញពី​ទីផ្សារភាគហ៊ុន ហើយ​និង​បាន​ប្រកាស​ពី​គម្រោង​ការ​ឲ្យ​អ្នក​ប្រើ​ធ្វីតធ័រ​ បង់​លុយ​ប្រចាំខែ ជិត​៨ដុល្លារ ប្រសិន​បើ​គេ​ចង់​បង្ហាញ​គណនី​ផ្លូវការ មាន​ភ្ជាប់​សញ្ញាគូសគ្រីស។ បន្ថែមពីនេះ ក្រុមហ៊ុន​នឹង​កែប្រែគោលការណ៍​ប្រើប្រាស់ធ្វីតធ័រ​មួយ​ចំនួន​ទៀត ដែល​នាំឲ្យ​មាន​ភាព​ចម្រូង​ចម្រាស់​ជុំវិញ​សិទ្ធិ​បញ្ចេញមតិ ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ