អានតួអត្ថបទ
សុខភាព-ជំងឺរង្វេងវង្វាន់

លទ្ធផល​តេស្ត​​គ្លីនិក បញ្ជាក់​អំពី​ប្រសិទ្ធភាព​នៃ​ថ្នាំថ្មីដំបូង សម្រាប់​ព្យាបាល​ជំងឺ​វង្វេងវង្វាន់

អ្នក​វិទ្យាសាស្ត្រ​បាន​​​អបអរ​នៅថ្ងៃពុធ​ទី ៣០​វិច្ឆិកា​២០២២ នេះ លទ្ធផល​លម្អិត នៃ​ការ​សិក្សា​សាកល្បងគ្លីនិក​​​ថ្នាំ​សម្រាប់​​​ព្យាបាល​ជំងឺ​វង្វេងវង្វាន់។ ថ្នាំថ្មីនេះ​ ពិត​ជា​មាន​ប្រសិទ្ធភាព​ ពន្យឺត​ ការ​បាត់​បង់​សមត្ថភាព​ខួរ​ក្បាល​របស់​អ្នក​ជំងឺ​ខូច​​ប្រព័ន្ធ​ប្រសាទ​​វង្វេង​បាន​មែន។ ប៉ុន្តែ​ថ្នាំ​នេះ​ក៏​អាច​ផ្តល់​ផល​រំខាន​ខ្លាំង​និងធ្ងន់ធ្ងរ​ដែរ។

ខាង​ឆ្វេង​ជា​ខួរក្បាល​មនុស្សជា​ និង​ខាង​ស្តាំ​ជា​ខួរក្បាល​អ្នកមាន​ជំងឺ​វង្វេងវង្វាន់ Alzheimer
ខាង​ឆ្វេង​ជា​ខួរក្បាល​មនុស្សជា​ និង​ខាង​ស្តាំ​ជា​ខួរក្បាល​អ្នកមាន​ជំងឺ​វង្វេងវង្វាន់ Alzheimer REUTERS/Denis Balibouse
ផ្សាយពាណិជ្ជកម្ម

ផលិត​ដោយ​ក្រុមហ៊ុន​ឱសថ​ជប៉ុនEissai និង​អាមេរិក Biogen ​ ថ្នាំ Lecanemab អាច​កាត់​បន្ថយ​ការ​បាត់​បង់​​សមត្ថភាព​ខួរក្បាល​ របស់​អ្នក​ជំងឺ​បាន​២៧%។ នេះ​បើតាម​លទ្ធផល​នៃ​ការ​សាកល្បង​ដំណាក់កាលទីបី ដែល​ជា​ដំណាក់កាល​ចុងក្រោយ។ លទ្ធផលនេះ​ក៏​ជា​ការ​​​​បញ្ជាក់​​​អំពី​ប្រសិទ្ធភាព​ដ៏​គួរ​ឱ្យកត់​សម្គាល់​នៃ​ថ្នាំ ថា​ពិត​ជា​​ដូច​អ្វី​ដែលក្រុមហ៊ុន​ធ្លាប់ប្រកាស​កាលពី​ខែ​កញ្ញា​២០២២។

ប៉ុន្តែ​នៅក្នុង​ការ​សិក្សា​ដ៏​ពេល​លេញ​ ដែល​ចុះ​ផ្សាយ​ក្នុង​ទំព័រ​ទស្សនាវដ្តី​សុខភាព​ New England Journal of Medecine នា​ថ្ងៃ​ពុធ​ទី ៣០​វិច្ឆិកា​នេះ អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ដែរ​ អំពី​ផលរំខាន​នៃ​ថ្នាំ​ ឡឺកានឺម៉ាប់ ដែល​ជួន​ធ្ងន់ធ្ងរ​ខ្លាំង ហើយអាច​កើត​មាន​​ញឹកញយទៀត។ អ្នក​ជំងឺ​វង្វេងវង្វាន់ព្យាបាលដោយ​ថ្នាំ​​ថ្មី ចំនួន ១៧,៣%​ មាន​បញ្ហា​ហូរឈាម​ក្នុងខួរក្បាល ទល់​នឹង៩%​សម្រាប់​​អ្នក​ប្រើ​​ប្លាសឺបូ។ ១២,៦%​នៃ​អ្នក​ជំងឺ​លេប​ថ្នាំ​ពិសោធន៍ ហើម​ខួរក្បាល ឯ​អ្នក​មិន​លេប​ថ្នាំ​មាន​គ្រោះ​ហើម​ខួរ​ក្បាល​តែ​១,៧%​ប៉ុណ្ណោះ។ ចំណែក​​អត្រាមរណៈ​មាន​ប្រហាក់ប្រហែល​គ្នា​ទេ។

យ៉ាងណាក៏​ដោយ​ ក៏​អ្នក​វិទ្យាសាស្ត្រ​នាំ​គ្នា​អបអរ​សាទរ​ដែរ ព្រោះ​ ឡឺកានឺម៉ាប់ ជា​ថ្នាំទីមួយ ដែល​ផ្តល់​លទ្ធភាព​​ព្យាបាល​ដល់​អ្នក​មាន​ជំងឺ​វង្វេងវង្វាន់។ ទោះបី​ប្រសិទ្ធភាពគ្លីនិក​​នៅមាន​កំរិត​មែនប៉ុន្តែ​គេនឹង​​អាច​ដឹង​ប្រយោជន៍ពិត នៅពេលប្រើ​​ថ្នាំ​​រយៈ​ពេល​យូរ។ នេះ​បើតាម​សាស្រ្តាចារ្យ​វេជ្ជបណ្ឌិត​ Bart Strooper ​នាយកវិទ្យាស្ថាន​ស្រាវជ្រាវ​ជំងឺ​វង្វេងរបស់​អង់គ្លេស។

ទំនង​បង្ក​ឡើង​ដោយ​ប្រូតេអ៊ីនពីរ គឺ​ប្រូតេអ៊ីន Tau និង​ ប្រូតេអ៊ីន bêta amyloïde ដែល​ទៅ​កកផ្តុំ​យ៉ាង​អនាថា​លើ​ខួរក្បាលរហូត​ទាល់​តែកោសិកាខួរក្បាល​ងាប់ និង​រួម​តូច​ ហើយធ្វើ​ឱ្យ​ភ្លេចភ្លាំង ​ថ្នាំឡឺកានឺម៉ាប់ នឹង​ទៅ​ជម្រុះ​កំណក​ប្រូតេអ៊ីន​បេតាអាមីឡូអ៊ីត​​ ដែល​ទើប​មកកក​តោង​ ពោល​គឺ​​ក្នុងដំណាក់កាលដំបូង​នៃ​ជំងឺ ប៉ុន្តែ​ជា​ទូទៅ​គេ​ច្រើន​តែ​វែក​រក​ជំងឺ​ឃើញ​ក្នុង​ដំណាក់កាល​ធ្ងន់បន្តិច​ទៅ​ហើយ។ ហេតុដូច្នេះ​ហើយ​បាន​ជា​បម្រើបម្រាស់​និង​ប្រសិទ្ធភាព​របស់​ លីកានូម៉ាប់ ត្រូវ​​មាន​កំរិត។

កាលពី​ឆ្នាំ​២០២១ ក្រុមហ៊ុន​ឱសថទាំងពីរ​នេះ ធ្លាប់​ដាក់​សេចក្តី​យ៉ាង​ខ្លាំង​លើ​ថ្នាំ Aduhelm ថា​ជា​ថ្នាំព្យាបាលជំងឺ​វង្វេងវង្វាន់​ទីមួយ​ ដែល​អនុញ្ញាត​ឱ្យប្រើប្រាស់​នៅ​អាមេរិក។ ប៉ុន្តែ នៅក្នុង​ការ​សាកល្បង​គ្លីនិក ​គណៈកម្មការជំនាញ​បាន​ប្រកាស​ថា​គ្មាន​ប្រសិទ្ធិភាព​គ្រប់គ្រាន់ទេ​ ទើប​កំហិត​ការ​ប្រើប្រាស់​វិញ។

​​​​ជំងឺ​វង្វេងវង្វាន់​ជា​បន្ទុក​សុខភាពសាធារណៈ​​ដ៏​ចម្បង​មួយ​ សម្រាប់​ពិភពលោក​ដែល​រាប់​ឃើញ​មាន​មនុស្ស​ជាង​៤០​នាក់​កើត​ជំងឺនេះ​។ មន្ទីរពិសោធន៍​ធំៗ​នៅលើ​ពិភពលោក បាន​និងកំពុង​ពុះ​ពារ​ស្រាវជ្រាវ​រក​វិធី​ព្យាបាល​ជំងឺ​វង្វេងវង្វាន់ ដែល​គ្មាន​អ្វី​អាចព្យាបាល​សម្រាប់ពេល​នេះ ព្រោះ​គេ​នៅ​ពុំ​ទាន់​ដឹង​មូលហេតុ​និង​យន្តការ​ច្បាស់លាស់។

ថ្នាំ​ ឡឺកានឺម៉ាប់​ របស់​អាមេរិកនិង​ជប៉ុននេះ ក៏​មិន​អាច​ព្យាបាល​ឱ្យ​ជាដាច់​ពី​​ជំងឺ​វង្វេងវង្វាន់ដែរ គឺ​គ្រាន់​តែ​ពន្យឺត​ល្បឿន​នៃ​ការ​បាត់​បង់សមត្ថភាព​ចង​ចាំ​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ