អានតួអត្ថបទ

អាមេរិកអះអាងថា ខ្លួនមិនបានជួយ និងមិនបានលើកទឹកចិត្តឲ្យអ៊ុយក្រែនវាយប្រហាររុស្ស៊ីនៅក្នុងទឹកដីរុស្ស៊ីទេ

នៅ​សហរដ្ឋអាមេរិក រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ថ្លែង​ច្បាស់ៗ​ថា ខ្លួន​មិន​បាន​ផ្តល់​អាវុធ​ឲ្យ​អ៊ុយក្រែន​ដើម្បី​វាយប្រហារ​រុស្ស៊ី​នៅ​ក្នុង​ទឹកដី​រុស្ស៊ី​ទេ។ ការ​ថ្លែង​នេះ​បាន​ធ្វើ​ឡើង​ដោយ​រដ្ឋមន្រ្តី​ការបរទេស​លោក​អង់តូនី ប៊្លីនកិន រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​លោក​ឡយដ៍ អូស្ទីន និង​អ្នកនំាពាក្យ​ក្រសួង​ការបរទេស​លោក​នែដ ប្រៃយ៍។ គួរ​បញ្ជាក់​ថា​ក្នុង​ថ្ងៃ​ចន្ទ ទី៥ ធ្នូ រុស្ស៊ី​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​រង​ការ​វាយប្រហារ​ដោយ​ដ្រូន​លើ​មូលដ្ឋាន​ទ័ពអាកាស​ចំនួន​ពីរ​កន្លែង​របស់​ខ្លួន​ដែល​បណ្តាល​ស្លាប់​មនុស្ស​ចំនួន ៣នាក់ និង​ខូចខាត​យន្តហោះ​ចំនួន ២គ្រឿង។ ដោយ​មិន​បង្អង់​យូរ រុស្ស៊ី​បាន​ចង្អុល​ចំ​មុខ​អ៊ុយក្រែន តែ​អ៊ុយក្រែន​បាន​ឆ្លើយ​បដិសេធ។ ចំណែក​ក្រុម​អ្នកជំនាញ​គិត​ថា អ៊ុយក្រែន​ប្រហែល​ជា​បាន​ចូល​ក្នុង​លំហ​អាកាស​រុស្ស៊ី​ដោយ​ប្រើ​ដ្រូន​ជំនាន់​សហភាពសូវៀត ពោល​មិនមែន​ដ្រូន​ផ្តល់​ដោយ​បស្ចិមលោក​ទេ។ ទាក់ទង​នឹង​ជំនួយ​យោធា​របស់​បស្ចិមលោក​ចំពោះ​អ៊ុយក្រែន​ត្រូវ​បាន​ថ្នាក់ដឹកនាំ​ក្នុង​រដ្ឋបាល​អាមេរិក​បញ្ជាក់​ច្បាស់ៗ​ថា ជា​គ្រឿងសព្វាវុធ​សម្រាប់​ឲ្យ​អ៊ុយក្រែន​ការពារ​ខ្លួន​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី។ តាម​អ្នក​នំា​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក​លោក​នែដ ប្រៃយ៍ អាមេរិក​មិន​បាន​លើកទឹកចិត្ត​ឲ្យ​អ៊ុយក្រែន​វាយប្រហារ​រុស្ស៊ី​នៅ​ក្នុង​ទឹកដី​រុស្ស៊ី​ទេ។

អ្នក​នំា​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក​លោក​នែដ ប្រៃយ៍។
អ្នក​នំា​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក​លោក​នែដ ប្រៃយ៍។ AP - Andrew Harnik
ផ្សាយពាណិជ្ជកម្ម

« យើង​មិន​បាន​ផ្គត់ផ្គង់​អាវុធ​ឲ្យ​អ៊ុយក្រែន​ដើម្បី​ឲ្យ​អ៊ុយក្រែន​ប្រើ​សម្រាប់​វាយប្រហារ​នៅ​ផ្ទៃក្នុង​ទឹកដី​រុស្ស៊ី​ទេ។ យើង​មាន​ជំហរ​ច្បាស់លាស់​ណាស់​នៅ​ក្នុង​រឿង​នេះ។ អាវុធ​ដែល​យើង​បាន​ផ្តល់​ឲ្យ​អ៊ុយក្រែន​សុទ្ធសឹង​ជា​អាវុធ​សម្រាប់​ការពារ​ខ្លួន​ប្រឆាំង​នឹង​ការ​ឈ្លានពាន​ពី​រុស្ស៊ី។ ប្រធានាធិបតី​អាមេរិក​លោក​បៃដិន​បាន​និយាយ​ច្បាស់​ហើយ​នា​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ។

យើង​មិន​បាន​ផ្តល់​ឲ្យ​អ៊ុយក្រែន​នូវ​មធ្យោបាយ​ដើម្បី​ឲ្យ​អ៊ុយក្រែន​បើក​ការ​វាយប្រហារ​នៅ​ក្រៅ​ព្រំដែន​របស់​ខ្លួន​ទេ។ យើង​មិន​បាន​លើក​ទឹកចិត្ត​ឲ្យ​អ៊ុយក្រែន​ធ្វើ​អន្តរាគមន៍​ហួស​ពី​ព្រំដែន​របស់​ខ្លួន​ឡើយ។ អ្វី​ដែល​យើង​បាន​ធ្វើ និង​អ្វី​ដែល​ពិភពលោក​បាន​ធ្វើ​ដើម្បី​ជួយ​អ៊ុយក្រែន គឺ​គាំទ្រ​ឯករាជ្យភាព​របស់​អ៊ុយក្រែន អធិបតេយ្យភាព​របស់​អ៊ុយក្រែន និង​បូរណភាពទឹកដី​របស់​អ៊ុយក្រែន។

យើង​ផ្តល់​ឲ្យ​អ៊ុយក្រែន​នូវ​អ្វី​ដែល​អ៊ុយក្រែន​ត្រូវ​ការ​ដើម្បី​ប្រើប្រាស់​នៅលើ​ដែនដី​អធិបតេយ្យ​របស់​ខ្លួន នៅ​លើ​ទឹកដី​អ៊ុយក្រែន​ក្នុង​ការ​ប្រេឈម​ទប់​នឹង​អ្នក​ឈ្លានពាន​រុស្ស៊ី »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ