អានតួអត្ថបទ
អាមេរិក-អាហ្វ្រិក

សហរដ្ឋ​​អាមេរិក​ក្រាល​ព្រំ​ក្រហម​​ បើក​វេទិកា​កំពូល ទទួល​​មេដឹកនាំ​​ទ្វីបអាហ្វ្រិក

ចាប់ពីថ្ងៃអង្គារទី​១៣ធ្នូនេះទៅ សេតវិមាន​អាមេរិក នៅទីក្រុង​វ៉ាស៊ីនតោន បានចាប់​បើកវេទិកា​​កំពូល រវាងសហរដ្ឋ​អាមេរិក ជាមួយ​មេដឹកនាំប្រទេសទ្វីបអាហ្វ្រិក ប្រមាណជាង​៥០នាក់​។ វេទិកាកំពូល​របៀបនេះ ត្រូវបានខកខាន៨ឆ្នាំ​មកហើយ ហើយ​សហរដ្ឋអាមេរិក ត្រូវ​បាន​​គេមើលឃើញថា ហាក់បាន​ងាកមុខចេញពីទ្វីបអាហ្វ្រិក ទុកឲ្យចិន​និង​រុស្ស៊ី ពង្រឹងឥទ្ធិពល​កាន់តែខ្លាំង​។ រដ្ឋបាល​លោកចូ បៃដិន បានបង្ហាញ​ផែន​ការយុទ្ធសាស្ត្រ កាលពីឆ្នាំ​ទៅម៉ិញ ដើម្បី​កាច់ចង្កូតបែរទៅចាប់អារម្មណ៍​លើទ្វីបអាហ្វ្រិកវិញ​។​

លោក Jake Sullivan ទីប្រឹក្សាពិសេស​ផ្នែកសន្តិសុខជាតិ របស់លោក​ ចូ បៃដិន ក្នុងពេលឆ្លើយសំណួរអ្នកកាសែត​ នៅសេតវិមាន ថ្ងៃទី​១២ ធ្នូ ២០២២
លោក Jake Sullivan ទីប្រឹក្សាពិសេស​ផ្នែកសន្តិសុខជាតិ របស់លោក​ ចូ បៃដិន ក្នុងពេលឆ្លើយសំណួរអ្នកកាសែត​ នៅសេតវិមាន ថ្ងៃទី​១២ ធ្នូ ២០២២ AP - Susan Walsh
ផ្សាយពាណិជ្ជកម្ម

សហរដ្ឋអាមេរិក កំពុងតែប្រឹងប្រែងរាយមន្តស្នេហ៍ យកចិត្តថ្នាក់ដឹកនាំនៃបណ្តាប្រទេសទ្វីបអាហ្វ្រិក តាមរយៈវេវេទិកាកំពូល​នៅទីក្រុងវ៉ាស៊ីនតោន ដែលមានរយៈពេល​៣ថ្ងៃ។​ យោងតាម សេតវិមាន គឺ​សហរដ្ឋអាមេរិក គ្រោងនឹង​បញ្ចេញ​កញ្ចប់ថវិកា ចំនួន៥៥ពាន់លានដុល្លារ ដើម្បី​ចំណាយ​ទៅលើទ្វីបអាហ្វ្រិក ក្នុងរយៈពេល​៣ឆ្នាំ។

លោក Jake Sullivan ទីប្រឹក្សាពិសេសរបស់​លោកចូ បៃដិន បាន​បញ្ជាក់កាលពីថ្ងៃចន្ទម្សិល​មិញថា កញ្ចប់ថវិកានេះ នឹងត្រូវផ្តល់ឲ្យជាអាទិភាព​ ក្នុងវិស័យ​សុខាភិបាល ព្រមទាំង​​ការប្រយុទ្ធប្រឆាំង នឹងបម្រែបម្រួលអាកាសធាតុ។ ហើយទំហំចំណែកថវិកា ដែលត្រូវបែងចែក នឹងត្រូវប្រកាសឲ្យដឹង នៅរវាងប៉ុន្មានថ្ងៃខាងមុខ។ លោក​បាន​បញ្ជាក់បន្ថែមផងដែរថា ការបែងចែងថវិកានេះ​ គឺវាមិនអាស្រ័យលើ​អាកប្បកិរិយារបស់​ប្រទេសអាហ្វ្រិក ទាក់ទិន​សង្គ្រាម​នៅ​អ៊ុយក្រែន​នោះទេ។ លោកបានអះអាងថា សហរដ្ឋអាមេរិក គ្មានចេតនាយកថវិកាជំនួយនេះ ទៅ​ដាក់សំពាធ ឬក៏ដាក់ពិន័យ​លើប្រទេសអាហ្វ្រិកណាមួយ​ ដែល​មិន​បានប្រកាសគោលជំហរ ថ្កោលទោសរុស្ស៊ីនោះឡើយ។

គួរកត់សំគាល់ថា ចាប់តាំងពីចូលកាន់អំណាចមក លោកចូ បៃដិន មិនដែលធ្លាប់ទៅធ្វើទស្សនកិច្ចនៅ​ប្រទេសអាហ្វ្រិក ខាងត្បូងសមុទ្រខ្សាច់សាហារ៉ាទេ។ តាមការឲ្យដឹងពីសេតវិមាន​ នៅថ្ងៃពុធទី​១៤មិថុនា លោកចូ បៃដិន​នឹងឡើងថ្លែងសុន្ទរថា ក្នុងវេទិកា​កំពូល ដោយ​លោកនឹងថ្លែងគាំទ្រឲ្យ​ប្រទេសអាហ្វ្រិក មានអាសនៈមួយ នៅក្នុង​ក្រុមប្រឹក្សាសន្តិសុខ ហើយ​លោក​នឹងគាំទ្រ ឲ្យ​សហភាពអាហ្វ្រិកក្លាយជាសមាជិកផ្លូវការ នៅក្នុង​G20។

គួរបញ្ជាក់ថា វេទិកាកំពូលនេះ គឺជា​ផ្នែកមួយ​នៃការបង្វែរយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ឆ្ពោះទៅកាន់ទ្វីបអាហ្វ្រិក ។​ ទ្វីបអាហ្វ្រិក​ដែលគេដឹងថា កំពុងតែទទួល​ឥទ្ធិពល សេដ្ឋកិច្ចពាណិជ្ជកម្ម និង​ការវិនិយោគយ៉ាងជោគជាំ របស់ចិន។ ចិន​គឺជាម្ចាស់បំណុលធំបំផុត របស់បណ្តាប្រទេសអាហ្វ្រិក​ ដែលសំបូរទៅដោយ​ធនធានធម្មជាតិរ៉ែកម្រជាដើម​។​ ក្រសួងការបរទេសអាមេរិក អះអាងថា ក្រៅពីសំណុំរឿងវិនិយោគ សំណុំរឿងអាកាសធាតុ និង​សន្តិសុខស្បៀងអាហារ នៅក្នុងវេទិកាកំពូលនេះ គេនឹងលើកមកនិយាយផងដែរ អំពី​បញ្ហា​អភិបាលកិច្ចល្អ ព្រម​ទាំង​តួនាទីរបស់អង្គការ​សង្គមស៊ីវីល​ជាដើម។

ដោយ​ឡែក លោក Qin Gang ​អគ្គរដ្ឋទូតចិនប្រចាំនៅក្រុងវ៉ាស៊ីនតោន បានប្រតិកម្ម​កាលពីថ្ងៃចន្ទថា ទ្វីបអាហ្វ្រិក ត្រូវតែជាទីកន្លែង​នៃការសហប្រតិបត្តិការ មិនមែនជាទីកន្លែងប្រកួតប្រជែង រវាងមហាអំណាច ដើម្បីហេតុផលភូមិសាស្ត្រនយោបាយ​នោះទេ។ លោកបន្ថែមថា ការវិនិយោគ និងជំនួយហិរញ្ញប្បទាន របស់ចិននៅអាហ្វ្រិក វាមិនមែនជាអន្ទាក់នោះទេ តែវាគឺការ​ផ្តល់អត្ថប្រយោជន៍​ដល់ការរីកចម្រើន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ