អានតួអត្ថបទ
បណ្តាញសង្គម-Twitter

ក្រោយ​ស្ទាក់ស្ទើរ​ចង់​លេប​សំដីវិញ​ ទី​បំផុត​​លោកអេឡុន មើស្ក៍ ប្រកាស​ថា​នឹង​ឈប់​គ្រប់គ្រង​​​​Twitter

លោកអេឡុន មើស្ក៍ ដែល​ជា​ម្ចាស់និង​​ជាអគ្គនាយក​ក្រុមហ៊ុនបណ្តាញ​សង្គមTwitter បានប្រកាសថា លោកនឹងចាកចេញឈប់គ្រប់​គ្រង​ក្រុមហ៊ុននេះ ដើម្បី​ទុក​មុខងារនេះ ទៅឲ្យ​មនុស្សម្នាក់ផ្សេងទៀត។ សូមបញ្ជាក់ថា លោក​​អេឡុន មើស្ក៍ បាន​បើកការស្ទាបស្ទង់មតិ ឲ្យ​អ្នកប្រើប្រាស់បណ្តាញ​Twitter បញ្ចេញ​មតិថាតើលោកត្រូវនៅគ្រប់គ្រង Twitter ឬក៏ត្រូវឈប់​។ លទ្ធផល​​បានបង្ហាញ​ថា មាន​មតិ​៥៧%ដែលចង់ឃើញលោក​ឈប់ធ្វើជាអគ្គនាយក​គ្រប់គ្រង​Twitter តទៅទៀត។ ការប្រកាសលាឈប់​ពីការគ្រប់គ្រងបណ្តាញ​Twitterនេះ គឺត្រូវបាន​ធ្វើឡើង បន្ទាប់ពីលោក អេឡុន មើស្ក៍​បាន​បង្ហាញ​ភាពស្ទាក់ស្ទើរ ចង់លេបសំដីខ្លួនឯងវិញ។

ទំព័រ Twitter របស់​លោក Elon Musk
ទំព័រ Twitter របស់​លោក Elon Musk AP - Eric Risberg
ផ្សាយពាណិជ្ជកម្ម

លោកអេឡុន មើស្ក៍កំពូលមហាសេដ្ឋី ម្ចាស់ក្រុមហ៊ុន Tesla SpaceX​ និង Twitter តែងតែមានទំលាប់ បើក​ឲ្យ​មាន​ការចូលរួម​យោបល់​​នៅលើបណ្តាញសង្គម ដើម្បី​សម្រេច​ធ្វើអ្វី​ថ្មីមួយ ដែលលោកចង់ធ្វើ។ ហើយជានិច្ចជាកាល គឺលទ្ធផលនៃការស្ទាបស្ទង់មតិ តែងតែ​ស្របទៅនឹងគំនិត​ចង់បាន​​របស់​លោក ជាក់ស្តែងដូចជាការ​បើកឲ្យ​ដំណើរការឡើងវិញ នូវគណនី​Twitter របស់លោកដូណាល់ ត្រាំជាដើម​។​

កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ លោក អាឡុន មើស្ក៍​បាន​បើកឲ្យ​អ្ន​ក​ប្រើ​ប្រាស់ Twitter ទាំង​​​១៧លាននាក់ បញ្ចេញ​មតិ​មកថា តើគាំទ្រឬមិនគាំទ្រ ឲ្យ​លោកធ្វើជាអគ្គនាយក​ Twitter​តទៅទៀត។ ទោះលទ្ធផលយ៉ាងណា គឺលោក​នឹងគោរពលទ្ធផលនោះ។ ចំណេះ​ជិះកឯង លទ្ធផល​ស្ទាបស្ទង់មតិ​ បានបង្ហាញថា ៥៧% នៃអ្នកបានបញ្ចេញមតិ គឺមិនគាំទ្រ​ឲ្យ​លោកគ្រប់គ្រង​ Twitter​ តទៅទៀតទេ។

ក្រោយ​បាន​លទ្ធផលនេះភ្លាម​ ​កំពូល​មហាសេដ្ឋីរូបនេះ​ ហាក់បានបង្ហាញ​ភាពស្ទាក់ស្ទើរ ចង់លេបសំដីខ្លួនឯងវិញ ដោយ​នៅស្ងាត់ស្ងៀម មុននឹង​អះអាងថាមានបញ្ហាបច្ចេកទេស​​ ទើបបានធ្វើ​ឲ្យ​លទ្ធផលស្ទាបស្ទង់មតិ​ចេញមកបែបនេះ​។ បន្ទាប់មកទៀត នៅថ្ងៃអង្គារ លោក​អេឡុន មើស្ក៍ ​បាន​ផ្សាយ​លទ្ធផល​ស្ទាបស្ទង់មតិ​មួយទៀត ដែលលោក​បាន​ទិញសេវាកម្ម​​ឲ្យ​វិទ្យាស្ថានស្ថិតិ HarrisX ជាអ្នកធ្វើ ហើយដែលលទ្ធផល​បង្ហាញថា ៦១%នៃមនុស្ស​ដែលគេបានសួរ គឺចង់ឲ្យ​លោក​​បន្តធ្វើជាអគ្គនាយក​​ Twitter។ តែទីបំផុត ប្រឈមនឹងការរិះគន់សើចចំអក ពីសំណាក់អ្នកប្រើប្រាស់​Twitter លោកអេឡុន មើស្ក៍ បានប្រកាសនៅថ្ងៃពុធទី​២១ធ្នូថា លោកនឹងចុះពីកៅអីអគ្គនាយក​ នៅពេល​ណារក​អ្នកមក​ជំនួស​បាន​។​

សូមរំលឹកថា លោកអេឡុន មើស្ក៍​បានទិញ​បណ្តាញសង្គម Twitter ក្នុងតម្លៃ​៤៤ពាន់​លាន​អឺរ៉ូ។ ក្រោយ​ក្លាយ​ជាម្ចាស់ និងជាអគ្គនាយកផ្តាច់មុខ​តែម្នាក់ឯង លោកបានបណ្តេញ​បុគ្គលិក​Twitter​ ចំនួនពាក់កណ្តាល​ចោល ហើយថែមទាំងបាន​ប្រកាស​ធ្វើកំណែទម្រង់ថ្មីៗ​ ដូចជាការ​ដាក់កំហិត ឲ្យ​អ្នកប្រើប្រាស់ត្រូវបង់ប្រាក់​ជាដើម​។ ក្រៅពីនេះ លោកអេឡុន មើស្ក៍​ បាន​បើកឲ្យដំណើរការឡើងវិញ នូវ​គណនី​មួយចំនួន ដែលធ្លាប់ត្រូវបានគេព្យួរ ហើយថែមទាំងបានបិទគណនី ​របស់អ្នកកាសែតជាច្រើននាក់ថែមទៀត។​

ភាពក្រអឺតក្រទម និងគំនិតអត្តនោម័តរបស់​មហាសេដ្ឋីរូបនេះ បានធ្វើមានការព្រួយបារម្ភផងដែរ ទៅដល់ទីផ្សារភាគហ៊ុន​​។ ៣ខែមកនេះ តម្លៃភាគហ៊ុន​របស់ Tesla នៅ​Wall Street បានធ្លាក់ថ្លៃចំនួន​៥៥% ហើយ​បើគិតពីពេលដែល លោកអេឡុន មើស្ក៍បាន​ទិញ​Twitter គឺភាគហ៊ុនរបស់​ Tesla បានធ្លាក់ថ្លៃចំនួន​៣៣%។ អនាគត​របស់Twitter ក៏មិនសូវជាស្រស់បំព្រងដែរ ព្រោះក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ជាច្រើន កំពុងពិចារណាដកខ្លួនចេញពីTwitter៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ