អានតួអត្ថបទ
អាមេរិក-រុស្ស៊ី

អាមេរិក​ថា ​រុស្ស៊ី​​​ព្យួរកិច្ចព្រមព្រៀង​ ​​New Start​ ជាទង្វើ​ គ្មាន​ទំនួល​ខុស​ត្រូវ

សេចក្តី​ប្រកាស​​របស់​រុស្ស៊ី ព្យួរ​​កិច្ច​ព្រមព្រៀង​ទ្វេភាគី​ជាមួយ​សហរដ្ឋ​អាមេរិក​ ស្តី​ពី​ការ​រំសាយ​អាវុធ​នុយក្លេអ៊េរNew Start បាន​ជំរុញ​ឱ្យ​មាន​ប្រតិកម្ម​ជា​បន្ត​បន្ទាប់​ ពី​សំណាក់​ បារាំង ​អង់គ្លេស​ អាមេរិក ... ជា​សេចក្តី​សម្រេចគួរ​ឱ្យសោក​ស្តាយ និង​គ្មាន​ទំនួល​ខុស​ត្រូវ​ទេ។ នេះ​ជា​ប្រសាសន៍​របស់​ប្រមុខ​ការទូត​អាមេរិក​ លោក អង់តូនី ប្លីងកិន ដោយប្រកាស​បើក​​ចំហ​ច្រក​​​ចរចាចាំ​​រុស្ស៊ី​ជា​និច្ច។

លោក អង់តូនី ប្លីងកិន សោកស្តាយ​ដែល​រុស្ស៊ី​ព្យួរកិច្ចព្រមព្រៀងស្តីពី​ការ​​រំសាយ​អាវុធ​នុយក្លអ៊ែរ
លោក អង់តូនី ប្លីងកិន សោកស្តាយ​ដែល​រុស្ស៊ី​ព្យួរកិច្ចព្រមព្រៀងស្តីពី​ការ​​រំសាយ​អាវុធ​នុយក្លអ៊ែរ AP - RONALDO SCHEMIDT
ផ្សាយពាណិជ្ជកម្ម

ជាការ​សម្រេចចិត្ត​​​គួរ​ឱ្យ​សោក​ស្តាយ និង​គ្មាន​ទំនួល​​ខុស​ត្រូវ​ទេ ប៉ុន្តែ​សហរដ្ឋ​អាមេរិក​បន្ត​តាម​ដានសកម្មភាព​ជាក់​ស្តែង​របស់​រុស្ស៊ី​ ​យ៉ាង​ល្អិន​ល្អន់​បំផុត ហើយ​ត្រៀម​លក្ខណៈ​ចរចាជាមួយ​រុស្ស៊ី​​ជុំ​វិញ​ការ​កំរិត​​អាវុធ​នុយក្លែអ៊ែរ​ គ្រប់​ពេលវេលា​ទាំង​អស់ មិន​ទាក់ទង​នឹង​វិបត្តិ​ពិភពលោក ឬ ​ទំនាក់ទំនង​រវាងប្រទេស​ទាំងពីរទេ។ នេះ​ជា​ប្រតិកម្ម​របស់​​លោក​ប្រមុខ​ការទូតអាមេរិក អង់តូនី ប្លីងកិន ក្រោយ​ពី​លោក​ពូទីន បាន​ប្រកាស​ព្យួរ​សន្ធិសញ្ញា​អាមេរិក-រុស្ស៊ី New Start ស្តី​ពី​ការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ភ្លាម។

ចុះហត្ថលេខានៅឆ្នាំ​២០១០ ​សន្ធិ​សញ្ញា​ New Start ជា​កិច្ចព្រមព្រៀង​ទ្វេ​ភាគីចុងក្រោយ​​​ដែល​​ផ្សារភ្ជាប់​ទំនាក់ទំនង​​​​សហរដ្ឋ​អាមេរិក និង​រុស្ស៊ី និង​​មាន​ទិសដៅ កំរិត​បរិមាណ​ក្បាលគ្រាប់​​នុយក្លេអ៊ែរ។ កាលពី​ខែ​សីហា​២០២២ មូស្គូ​បាន​ប្រកាស​ផ្អាក​មិន​ឱ្យ​ក្រុម​អធិការ​កិច្ច​អាមេរិក​ចុះ​ទៅ​ត្រួត​ពិនិត្យ​​ទីតាំង​យោធា​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​រួច​មក​ហើយ​ ដោយ​សំអាង​ជា​ចម្លើយ​តប​ទៅ​នឹង​សកម្មភាព​រារាំង​របស់ក្រុម​អធិការ​កិច្ច​រុស្ស៊ី​នៅ​អាមេរិក។

នៅក្នុង​សុន្ទរកថា​ នា​ព្រឹក​ថ្ងៃ​អង្គារ​ទី ២១​កុម្ភៈ រយៈ​ពេល​មួយ​ម៉ោង​និង​៤៥នាទី លោកប្រធានាធិបតី​រុស្ស៊ី ពូទីន ​បានថែម​​អំពាវនាវ​ឱ្យ​អាជ្ញាធរ​រុស្ស៊ី​ត្រៀម​លក្ខណៈ​សាក​ល្បង​នុយក្លេអ៊ែរ​ភ្លាម​ ប្រសិន​បើ​វ៉ាស៊ីនតោន​ហ៊ាន​បាញ់​មុន និង​ប្តេជ្ញា​បន្ត​ការ​វាយ​លុក​លើ​អ៊ុយក្រែន​។

ទន្ទឹម​នឹង​សេចក្តី​ប្រកាស​របស់​លោក​ពូទីន ក្រសួងការបរទេស​រុស្ស៊ី​បាន​កោះ​ហៅ​ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ប្រចាំ​មូស្គូ មក​ប្រាប់អំពី​ការ​ទាមទារ​ឱ្យ​អាមេរិក​ដក​ទ័ព​និង​សព្វាវុធ​អូតង់ (ជំនួយ​យោធា​របស់​បស្ចិមលោក) ​ចេញ​ពី​ទឹក​ដី​អ៊ុយក្រែន​។

សម្រាប់​ទីប្រឹក្សា​សន្តិសុខ​ជាតិអាមេរិក សំដី​បែប​ប្រឆាំង​នឹង​ក្រុម​បស្ចិម​លោក​របស់​លោក​ពូទីន​ មិនសម​ហេតុ​ផល​ទេ។ ចំណែក​ប្រមុខ​អង្គការ​អូតង់​ក៏​សម្តែង​ការ​សោក​ស្តាយ​ចំពោះ​សវិធានការ​ថ្មី​របស់​រុស្ស៊ី​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ