អានតួអត្ថបទ
អាមេរិក-អូស្ត្រាលី-អង់គ្លេស

អាមេរិក អូស្ត្រាលី អង់គ្លេស ប្រកាស​ជាផ្លូវការ​នូវ​សម្ព័ន្ធភាព​​យុទ្ធសាស្ត្រ​កងទ័ព​​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​ ធ្វើឲ្យ​ចិន​ខឹង​ច្រលោត

លោក​ប្រធានាធិបតីចូ បៃដិន បាន​ប្រកាសជាផ្លូវការ​ កាលពីថ្ងៃចន្ទម្សិលមិញនៅ​ឯមូលដ្ឋានទ័ពជើងទឹក​ ក្រុង​​San Diego រដ្ឋកាលីហ្វ័រញ៉ា ដោយ​មានការចូលរួម​ដោយ​លោក​នាយករដ្ឋមន្ត្រីអង់គ្លេស រីស៊ី ស៊ូណាក់ និងលោក​នាយករដ្ឋមន្ត្រី​អូស្ត្រាលី អង់តូនី អាល់បាណេស នូវគម្រោង​ដ៏ធំមួយ ដែលជា​ការសហការ​ផ្នែកកងទ័ព នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ជាមួយអូស្ត្រាលី និង អង់គ្លេស តាមរយៈផែនការស្ថាបនាសាងសង់នាវាមុជទឹកបាតសមុទ្ទប្រភេទទំនើបថ្មី។ សម្ព័ន្ធភាពនេះមានឈ្មោះថា AUKUS ដែលនឹង​ចាប់​ផ្តើម ដោយការ​ប្រតិបត្តិការ​នាវា​មុជទឹកបាតសមុទ្ទ នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក​ មុននឹងឈាន​ទៅផលិតនាវាមុជទឹកប្រភេទថ្មី​ ដើរដោយថាមពលនុយក្លែអ៊ែរ។

នាវាមុជទឹក​បាតសមុទ្ទអាមេរិក បណ្តែតខ្លួននៅក្នុងទឹក ខណៈលោក​លោកប្រធានាធិបតី ចូ បៃដិន កំពុងថ្លែងប្រកាសពីគម្រោង​សម្ព័ន្ធភាព​ ​AUKUS អមដោយ​វត្តមាន​លោក​នាយរដ្ឋមន្ត្រីអង់គ្លេស រីស៊ី ស៊ូណាក់ (ស្តាំ) និង​លោកនាយករដ្ឋមន្ត្រី​អូស្ត្រាលី​ អង់តូនី អាល់បាណេស (ឆ្វេង)។  មូលដ្ឋានទ័ពជើងទឹក​ Point Loma ក្រុង San Diego ថ្ងៃទី ១៣ មីនា ២០២៣
នាវាមុជទឹក​បាតសមុទ្ទអាមេរិក បណ្តែតខ្លួននៅក្នុងទឹក ខណៈលោក​លោកប្រធានាធិបតី ចូ បៃដិន កំពុងថ្លែងប្រកាសពីគម្រោង​សម្ព័ន្ធភាព​ ​AUKUS អមដោយ​វត្តមាន​លោក​នាយរដ្ឋមន្ត្រីអង់គ្លេស រីស៊ី ស៊ូណាក់ (ស្តាំ) និង​លោកនាយករដ្ឋមន្ត្រី​អូស្ត្រាលី​ អង់តូនី អាល់បាណេស (ឆ្វេង)។ មូលដ្ឋានទ័ពជើងទឹក​ Point Loma ក្រុង San Diego ថ្ងៃទី ១៣ មីនា ២០២៣ AP - Evan Vucci
ផ្សាយពាណិជ្ជកម្ម

ដំណាក់កាលទី១នៃគម្រោងនេះ គឺអាមេរិកនឹងបញ្ជូន​នាវាមុជទឹកបាតសមុទ្ទ៤គ្រឿង និងអង់គ្លេសបញ្ជូន​១គ្រឿង ទៅប្រតិបត្តិការ​នៅ​មូលដ្ឋានទ័ពជើងទឹក​អូស្ត្រាលី​ នៅទីក្រុង​​ភើត ចាប់ពីឆ្នាំ​២០២៧ទៅ​។ ហើយដំណាក់​កាលទី២​ គឺអូស្ត្រាលី​នឹងទិញពីអាមេរិក នូវ​​នាវាមុជទឹកបាតសមុទ្ទដើរដោយ​ថាមពលនុយក្លេអ៊ែរ ប្រភេទថ្នាក់Virginia ចំនួន​៣គ្រឿង ជាមួយនឹងជំរើសថែម២គ្រឿងទៀត ប្រសិន​អាចទៅរួច​ ដោយ​ការប្រគល់ឲ្យ ​នឹងធ្វើនៅរវាងឆ្នាំ​២០៣០។ ចំណែកដំណាក់កាលទី​៣ និងដ៏សំខាន់​បំផុតនោះ គឺការសហការគ្នាទាំង៣នាក់ អាមេរិក អូស្ត្រាលី អង់គ្លេស ក្នុងការសាងសង់នាវាមុជទឹក​បាត​សមុទ្ទ​វាយប្រហារ ប្រភេទថ្មី ដែលគេនឹងដាក់ឈ្មោះហៅថា SSN AUKUS។ លោក​ចូ បៃដិន បានសង្កត់ធ្ងន់ថា នាវាមុជទឹកបាតសមុទ្រដែលគេនឹងសាសង់នេះ ដើរដោយថាមពល​នុយក្លេអ៊ែរ តែនឹងមិន​បំពាក់​ដោយ​អាវុធនុយក្លេអ៊ែរនោះទេ។​

01:10

សម្រង់​ប្រសាសន៍​លោកចូ បៃដិន ប្រកាសចាប់ផ្តើមជាផ្លូវការនូវគម្រោងទី១ នៃ​សម្ព័ន្ធភាព AUKUS ថ្ងៃទី​១៣ មីនា ២០២៣

“ ថ្ងៃនេះ យើងប្រកាស​ចាប់ផ្តើម​អនុវត្ត​គម្រោងទីមួយ នៃសម្ព័ន្ធភាព​ AUKUS។ គឺជាគម្រោងសាងសង់នាវាមុជទឹកបាតសមុទ្ទ ដើរដោយថាមពលនុយក្លេអ៊ែរ សម្រាប់អូស្ត្រាលី​។ AUKUSមាន​កម្មវត្ថុធំចំបង គឺពង្រឹងស្ថិរភាពតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ជាទីដែល​ស្ថានភាព​អាចប្រែប្រួល យ៉ាងឆាប់រហ័ស។ អ្វីៗទើបតែចាប់ផ្តើម​តែប៉ុណ្ណោះ ជាមួយនឹងគម្រោងទី​១នេះ។ វានឹងមាន​សហប្រតិបត្តិការផ្សេងបន្ថែមទៀត ទៅថ្ងៃអនាគត ដើម្បី​ធ្វើឲ្យ​កាន់តែមានសន្តិភាពនិង​សន្តិសុខ។ បើនិយាយឲ្យ​សាមញ្ញទៅ គឺ​ថាយើងនឹងត្រៀមខ្លួន ឈរនៅ​លើ​ជំហរដែល​មានកម្លាំង ដើម្បី​ប្រឈមជាមួយ​នឹង​ឧបសគ្គនៅថ្ងៃនេះ និងនៅ​ថ្ងៃអនាគត។ យើងរួមកម្លាំងគ្នា។ ដូច្នេះ ខ្ញុំសូមថ្លែង​អំណ​រគុណជាថ្មីម្តងទៀត​ ដល់លោក​នាយករដ្ឋមន្ត្រី អាល់បាណេស និងលោក​នាយករដ្ឋមន្ត្រីស៊ូណាក់។ អ្នកទាំង២​ គឺជាមិត្តនិងជា​ដៃគូដ៏ល្អបំផុត​ ដែល​​សហរដ្ឋអាមេរិក ស្រម៉ៃចង់បាន​​។"

គួរបញ្ជាក់ថា ទោះគេមិនបានបញ្ចេញឈ្មោះ តែកម្រោងសម្ព័ន្ធភាព AUKUS រវាងអាមេរិក អូស្ត្រាលី និងអង់គ្លេសនេះ គឺជាការរួម​កម្លាំងគ្នា ទប់ទល់​នឹងឥទ្ធិពលវាតទីរបស់ចិន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ សកម្មភាពរបស់​កងទ័ព​ចិននៅក្នុងតំបន់នេះ កំពុងតែធ្វើឲ្យអាមេរិក ជាពិសេសអូស្ត្រាលីតែម្តង ព្រួយបារម្ភជាខ្លាំង ថាវាអាចនឹងបង្កឲ្យ​បាត់បង់តុល្យភាព​សន្តិសុខតំបន់​។

ក្រោយការប្រកាសគម្រោងនេះជាផ្លូវការ​ ចិន​ដែលដឹងខ្លួន បានប្រតិកម្ម​ឆ្លើយតបវិញភ្លាម។ លោក វ៉ាង វែនពីន អ្នកនាំពាក្យក្រសួងការបរទេសចិន បាន​លើកឡើងថា៖ “អាមេរិក អូស្ត្រាលី និងអង់គ្លេស កំពុងតែដឹកដៃគ្នាដើរទៅកាន់ផ្លូវខុស និងដ៏គ្រោះថ្នាក់​បំផុត​ ដោយ​គិតតែពីប្រយោជន៍ភូមិសាស្ត្រនយោបាយ​របស់​ខ្លួន​ ហើយមិនខ្វល់ពី​ការបារម្ភ​របស់សហគមន៍អន្តរជាតិ​ទាល់តែសោះ”។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ