អានតួអត្ថបទ
អាមេរិក-បច្ចេកវិទ្យា-បញ្ញាសិប្បនិម្មិត

អ្នកជំនាញ​ច្រើនរយនាក់រួមគ្នា​ចេញ​លិខិតចំហ អំពាវនាវ​ឲ្យផ្អាក​ការស្រាវជ្រាវ​លើ “បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត”

ប៉ុន្មានខែចុងក្រោយនេះ ការស្រាវជ្រាវលើ​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត បាន​វិវឌ្ឍន៍​យ៉ាងលឿនរហ័ស និង​កាន់តែអស្ចារ្យ សឹងតែលើស​ខួរក្បាលរបស់មនុស្ស។ សន្ទុះប្រកួតប្រជែងគ្នាយ៉ាងខ្លាំងក្លានេះ កំពុងតែបង្កឲ្យ​មានការព្រួយបារម្ភជាខ្លាំងមកលើមនុស្សជាតិយើង ខណៈបច្ចេកវិទ្យាប្រភេទនេះ អាចត្រូវគេយកទៅប្រើប្រាស់​​ ដើម្បី​បំពុល​សង្គម បំភ្លៃប្រឌិត​ព័ត៌មានក្លែងក្លាយ​ ឬដោយ​ចេតនាអាក្រក់ណាមួយ។ យ៉ាងណាមិញ ក្រុមអ្នកជំនាញ​ធំៗផ្នែកបច្ចេកវិទ្យាជាច្រើនរយនាក់​ បានរួមគ្នាចេញលិខិតចំហមួយ នៅថ្ងៃព្រហស្បតិ៍ទី​៣០មីនានេះ អំពាវនាវ​ថា ត្រូវ​តែ​ផ្អាកការស្រាវជ្រាវ​លើវិស័យ​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនេះមួយរយៈសិន ដើម្បីយកពេលវេលា​ទៅ​គិត និង​​រៀបចំឲ្យ​មាន​លក្ខខណ្ឌគ្រប់គ្រង​វាឲ្យ​បានត្រឹមត្រូវ​។

Capture d'écran web site : futureoflife.org
Capture d'écran web site : futureoflife.org © RFI
ផ្សាយពាណិជ្ជកម្ម

កម្មវិធីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ChatGPT 4 បានធ្វើឲ្យ​ផ្អើលពេញពិភពលោក ជាមួយ​នឹងសមត្ថភាព​ដ៏ខ្លាំងអស្ចារ្យ អាចធ្វើអ្វីៗបាន​សឹងតែលើសពីសមត្ថភាពរបស់មនុស្ស​។ សន្ទុះនៃការស្រាវជ្រាវ អភិវឌ្ឍន៍​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិតនេះ​ បាន​កើនល្បឿនយ៉ាងខ្លាំងជាមួយនឹងការប្រកួតប្រជែងគ្នា យកឈ្នះរៀងខ្លួន​​។ ការវិវឌ្ឍន៍គ្មាន​ព្រំដែននេះ​ កំពុងតែធ្វើ​ឲ្យ​មានការព្រួយបារម្ភជាពន់ពេក ព្រោះបច្ចេកវិទ្យា​នេះ​ អាចជះឥទ្ធិពលអាក្រក់​ដ៏ធ្ងន់ធ្ងរ​មកលើមនុស្សជាតិយើង​។

អ្នក​ជំនាញ​បច្ចេកវិទ្យាជាច្រើនរយនាក់ បានរួមគ្នាចុះហត្ថលេខា លើលិខិតចំហមួយ​ អំពាវនាវថាត្រូវតែផ្អាកការស្រាវជ្រាវទាំងនេះ​ ចំនួន​៦ខែសិន។ លិខិតចំហរ ត្រូវបាន​ចុះផ្សាយ​នៅលើគេហទំព័រ futureoflife.org មាន​ការចូលរួមចុះហត្ថលេខាពីលោក Elon Musk នាយក Tesla និង SpaceX លោក Yuval Noah Harari អ្នកនិពន្ធសៀវភៅដ៏ល្បីល្បាញឈ្មោះ Sapiens លោក Steve Wozniak ស្ថាបនិកម្នាក់របស់Apple លោក Emad Mostaque អគ្គនាយក Stability AI ព្រមទាំងសមាជិកច្រើននាក់នៃមន្ទីរពិសោធន៍ Google DeepMind និង​អ្នកជំនាញ​ វិស្វករ​​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត​នៅ Microsoft និងនៅសកលវិទ្យាល័យអាមេរិក​ជាច្រើនសិបនាក់ទៀត។

អ្នកជំនាញ​ធំៗទាំងនេះ បាន​លើកឡើងថា “​សូម្បីតែ​អ្នក​បង្កើតបច្ចេកវិទ្យានេះ​ខ្លួនឯង មិនទាន់​ទាំងអាចរកវិធីគ្រប់គ្រង​បច្ចេកវិទ្យានេះឲ្យ​បានផង។ តើយើងអាចបណ្តោយ​ឲ្យ​បច្ចេកវិទ្យានេះ វាមកផ្សព្វផ្សាយព័ត៌មានបោកប្រាស់ បំពុលសង្គមបានដែរឬទេ? តើយើងអាច​បណ្តោយ​ឲ្យ​បញ្ញាសិប្បនិម្មិតដែលមិនមែនជាមនុស្សនេះ ចូលមកត្រួតត្រាស្មារតីយើង ធ្វើឲ្យ​មនុស្សយើងអស់ការងារធ្វើ ហើយបាត់បង់អរិយធម៌នៃមនុស្សជាតិ​ដែរឬទេ? ការសម្រេចដ៏ធំធេងនេះ យើងមិនអាចប្រគល់ទៅក្នុងដៃរបស់​ក្រុមអ្នកស្រាវជ្រាវបច្ចេកវិទ្យា​ដែលមិនត្រូវបាន​ប្រជាជន បោះឆ្នោត​ជ្រើសតាំងនោះឡើយ។”

លិខិតចំហរបានបន្ថែមថា “ត្រូវតែផ្អាក ដើម្បី​យកពេលវេលាគិតពិចារណាឲ្យ​ល្អិតល្អន់​ ឈានទៅរៀបចំបង្កើត​ប្រព័ន្ធសន្តិសុខ ដោយ​មានអាជ្ញាធរមានសមត្ថកិច្ចជាអ្នកត្រួតពិនិត្យតាមដាន បច្ចេកវិទ្យាដ៏គ្រោះថ្នាក់នេះ​។ ពិភពលោកត្រូវតែ​មានយន្តការ ឬវិធីសាស្ត្រដើម្បីអនុញ្ញាតឲ្យ​មនុស្សយើង អាចបែងចែកថា អ្វីជាការពិត អ្វីដែលជាការប្រឌិតបង្កើតឡើងដោយ​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។ ត្រូវតែបង្កើតឲ្យ​មានស្ថាប័នមានសមត្ថភាព​​​ គ្រប់គ្រងផលវិបាកជាក់ស្តែងបណ្តាលមកពីបច្ចេកវិទ្យានេះ​ មិនថា​មកលើសេដ្ឋកិច្ច សង្គម និងនយោបាយ​ ជាពិសេសគឺ​​​លទ្ធិប្រជាធិបតេយ្យ​​។"

គួរបញ្ជាក់ថា កាលពីពាក់កណ្តាលខែមីនា ថ្លែងនៅ​តាមកញ្ចក់ទូរទស្សន៍ ABCNews ​ លោក Sam Altman អគ្គនាយក OpenAI ដែលជាអ្នក​បង្កើត ChatGPT បានទទួលស្គាល់ថា បច្ចេកវិទ្យាដែលខ្លួនបានបង្កើតពិតជាគួរឲ្យ​ខ្លាច​មែន ប្រសិនបើគេប្រើវាដើម្បី​ប្រឌិតព័ត៌មានក្នុងទ្រង់ទ្រាយធំ ឬប្រើដើម្បីវាយ​ប្រហារតាមប្រព័ន្ធអ៊ីនធ័រនែត។ ​ដោយឡែក លោក Yoshua Bengio អ្នកជំនាញ​បច្ចេកវិទ្យាបញ្ញា​សិប្បនិម្មិតកាណាដាដ៏ល្បីម្នាក់ បាន​លើកឡើងថា ត្រូវតែ​ជជែកពិភាក្សាគ្នាជាលក្ខណៈអន្តរជាតិ លើបច្ចេកវិទ្យានេះ​ ព្រោះវាជារឿងសកលលោក​។​ ត្រូវតែរៀបចំយន្តការគ្រប់គ្រងវិស័យបច្ចេកវិទ្យានេះ ឲ្យដូចការគ្រប់គ្រងថាម​ពលនិង​អាវុធនុយក្លេអ៊ែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ