អានតួអត្ថបទ
អាមេរិក-សិទ្ធិស្ត្រី

ក្រសួងយុត្តិធម៌អាមេរិកប្តឹងឧទ្ធរណ៍ ចំពោះសាលក្រុមតុលាការរដ្ឋតិចសាស់ ដែល​ហាមឃាត់ការលក់ថ្នាំគ្រប់រំលូតកូន

នៅសហរដ្ឋអាមេរិក បញ្ហាសិទ្ធិរំលូតកូន​របស់​ស្ត្រី កំពុងតែចោទឡើង និងបាន​ដើរថយក្រោយ​កាន់តែខ្លាំង​។ កាលពី​ថ្ងៃសុក្រ​ទី​៧មេសា​ ចៅក្រម​សហព័ន្ធ​ម្នាក់​នៅតុលាការ​រដ្ឋតិចសាស់ បានចេញសាលក្រម បញ្ជាឲ្យ​ទីភ្នាក់ងារឱសថអាមេរិក ត្រូវតែ​ដក​អាជ្ញាបណ្ណចែកចាយ​ថ្នាំ​រំលូតកូន ឈប់ឲ្យចរាចរ​លក់តទៅទៀត​។ ក្រសួងយុត្តិធម៌អាមេរិក បានចេញប្រតិកម្មភ្លាមៗ ដោយ​បានដាក់ពាក្យ​ប្តឹងឧទ្ធរណ៍​ ចំពោះសាលក្រមនេះ ដែលគេចាត់ទុកថា វា​ជាការរារាំងសិទ្ធិសេរីភាព​របស់​​ស្ត្រី​នៅក្នុងការរំលូត​កូន​។​

ប្រអប់ថ្នាំគ្រាប់ mifepristone នៅក្នុង​គ្លីនិក​ West Alabama Women's Center ក្រុង Tuscaloosa ថ្ងៃទី ១៦មីនា ២០២៣
ប្រអប់ថ្នាំគ្រាប់ mifepristone នៅក្នុង​គ្លីនិក​ West Alabama Women's Center ក្រុង Tuscaloosa ថ្ងៃទី ១៦មីនា ២០២៣ AP - Allen G. Breed
ផ្សាយពាណិជ្ជកម្ម

 

ពាក្យ​បណ្តឹង ត្រូវបាន​ដាក់ដោយក្រុមសម្ព័ន្ធ គ្រូពេទ្យនិង​អង្គការមួយចំនួន​ប្រឆាំងនឹងការរំលូតកូន​។ នៅក្នុងសាលក្រម កម្រាស់​ជាង​៦០ទំព័រ លោកចៅក្រម Kacsmaryk នៅតុលាការសហព័ន្ធ រដ្ឋតិចសាស់ បានលើកឡើងថា ថ្នាំគ្រាប់ mifépristone (RU 486) ដែលជាថ្នាំរំលូតកូន អាចបង្កគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរណាស់។ ចៅក្រមរូបនេះ បានស្តីបន្ទោសទៅលើទីភ្នាក់ងារឱសថអាមេរិក ​FDA ថាបាន​អនុញ្ញាតឲ្យចរាចរថ្នាំដ៏គ្រោះថ្នាក់នេះ ដោយ​គ្មានពិនិត្យ​ឲ្យ​បានល្អិតល្អន់ និងដោយរងសំពាធនយោបាយ ពីក្រុមអ្នក​និយម​បើកសិទ្ធិឲ្យស្ត្រីរំលូតកូន​។​

សាលក្រមដ៏ចម្រូងចម្រាសនេះ បានបង្កជាព្យុះ រញ្ជួយ​ដល់​បណ្តាញព័ត៌មានអាមេរិក តាមរយៈការជជែកវែកញែកតឹងសរសៃក រវាងអ្នកគាំទ្រ និងអ្នកប្រឆាំង។ សាលក្រមនឹងចូលជាធរមាន ក្នុងមួយសប្តាហ៍ទៀត ដើម្បីទុកពេល​ឲ្យ​រដ្ឋាភិបាលអាចដាក់ពាក្យប្តឹងឧទ្ធរណ៍។

យ៉ាងណាមិញ លោក Merrick Garland រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានប្រកាសភ្លាមៗ ថារដ្ឋាភិបាលនឹងប្តឹងឧទ្ធរណ៍ រដ្ឋាភិបាល​ជំទាស់ជាដាច់ខាត ចំពោះអ្វីដែលសាលក្រមនេះបានលើកឡើង។ លោក​ប្រធានាធិបតី ចូ បៃដិន បានប្រតិកម្មថា សាលក្រមរបស់តុលាការរដ្ឋតិចសាស់នេះ គឺជាការការប៉ុនប៉ងបំផ្លាញសិទ្ធិរំលូតកូនរបស់ស្ត្រី​។​

នៅក្នុងលិខិតប្រកាសរបស់ខ្លួន ទីភ្នាក់ងារគ្រប់គ្រងឱសថអាមេរិក បានអះអាងថា ជាង២០ឆ្នាំមកហើយ ដែលថ្នាំគ្រាប់នេះ ត្រូវបាន​អនុញ្ញាតឲ្យចរាចរលើទីផ្សារ ដោយ​ឆ្លងកាត់ការពិនិត្យ​គុណភាព ប្រសិទ្ធភាព និងផលវិបាក​យ៉ាងម៉ដ្ឋចត់បំផុត​។ ភស្តុតាងវិទ្យាសាស្ត្រ និងការស្រាវជ្រាវជាច្រើន គឺជាបង្អែកដ៏រឹងមាំមុននឹងមានការអនុញ្ញាតឲ្យចរាចរថ្នាំគ្រាប់រំលូតកូន​នេះ​។

គួរបញ្ជាក់ថា លោកចៅក្រម Matthew Kacsmaryk ត្រូវគេស្គាល់ថា ធ្លាប់ធ្វើជាអ្នកច្បាប់​ឲ្យ​អង្គការ​សាសនាគ្រិស្តជ្រុលនិយម​មួយ នៅរដ្ឋតិចសាស់ មុននឹងត្រូវបាន​លោកដូណាល់ ត្រាំ តែងតាំងឲ្យធ្វើជាចៅក្រម​​តុលាការ​សហព័ន្ធ។

ក្រោយ​ការប្រកាស​សាលក្រមដ៏ចម្រូងចម្រាស់នេះ លោកស្រី ណាន់ស៊ី ប៉េឡូស៊ី អតីតប្រធានសភាតំណាង​មកពី​បក្សប្រជាធិបតេយ្យ បាន​ចាត់ទុកចៅក្រម Kacsmaryk ថាជាចៅក្រុម « ជ្រុលនិយម »។ 

អង្គភាព​ដើម្បី​ផែនការគ្រួសារអាមេរិក Planned Parenthood ដែលគ្រប់គ្រង​ចាត់ចែង​គ្លីនិករំលូតកូនជាច្រើនទីតាំងនៅអាមេរិក បាន​ចាត់ទុក​សាលក្រមនេះ ជាគ្រោះថ្នាក់ធំណាស់។ លោកស្រី​ Alexis McGill Johnson ប្រធានអង្គភាពនេះ លើកឡើងថា គ្រប់ជាន់ថ្នាក់ត្រូវតែរួមគ្នាក្រោកឡើងប្រឆាំងនឹងសាលក្រមបែបនេះ ព្រោះគេមិនអាច​ទុក​ឲ្យ​​ចៅក្រមម្នាក់ មក​បដិសេធភស្តុតាងវិទ្យាសាស្ត្រដ៏រឹងមាំបែប​នេះ​បានទេ។ បើបណ្តោយ​វានឹងជះឥទ្ធិពលអាក្រក់ ទៅលើរឿងផ្សេងទៀត លើសពីបញ្ហាសិទ្ធិរំលូតកូនរបស់ស្ត្រី​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ