អានតួអត្ថបទ
អាកាសធាតុ-ហិរញ្ញវត្ថុ

OXFAM៖ ​ប្រទេសក្រីក្រ​ត្រូវការប្រាក់២៧០០០ពាន់លានដុល្លារ ពីនេះដល់ឆ្នាំ​២០៣០ ដើម្បីទប់ទល់​វិបត្តិ​អាកាសធាតុ

ពេញមួយសប្តាហ៍នេះ ថ្នាក់ដឹកនាំ​និងអ្នកជំនាញ​ហិរញ្ញវត្ថុ នៃធនាគារពិភពលោក និង​មូលនិធិរូបិយវត្ថុអន្តរជាតិ ជួបប្រជុំគ្នានៅទីក្រុងវ៉ាស៊ីនតោន​ ដើម្បី​គូសវាស​ផែនការហិរញ្ញវត្ថុ ជួយ​ប្រទេសក្រីក្រ ដែល​ប្រឈមខ្លាំងបំផុត​និងវិបត្តិអាកាសធាតុ។ មានការអំពាវនាវជាច្រើន ទាមទារឲ្យស្ថាប័ន​ហិរញ្ញវត្ថុកំពូលទាំង២នេះ ត្រូវធ្វើ​កំណែទម្រង់ស៊ីជំរៅ ដល់​ប្រតិបត្តិការនិងបេសកកម្ម​របស់​ខ្លួន ដើម្បី​ឈានទៅ​ពង្រឹងប្រភពហិរញ្ញវត្ថុវិនិយោគក្នុងវិស័យអាកាសធាតុ និង​សុខភាពសាធារណៈជាដើម។

ជនភៀសខ្លួន​សូម៉ាលី ដែលបង្ខំចិត្តផ្លាស់ទី ដោយសារតែគ្រោះរាំងស្ងួត គ្រោះទុរ្ភឹក្ស នៅខែកញ្ញា ២០២២
ជនភៀសខ្លួន​សូម៉ាលី ដែលបង្ខំចិត្តផ្លាស់ទី ដោយសារតែគ្រោះរាំងស្ងួត គ្រោះទុរ្ភឹក្ស នៅខែកញ្ញា ២០២២ AP - Jerome Delay
ផ្សាយពាណិជ្ជកម្ម

ធនាគារពិភពលោក​ បានអះអាងថា ខ្លួន​នឹងប្រឹងធ្វើកំណែទម្រង់ ប្រមូល​ប្រាក់ចំនួន​៥០ពាន់លានដុល្លារបន្ថែមទៀត ក្នុងរវាង១០ឆ្នាំ យកទៅ​ផ្តល់កំចីក្នុងវិស័យអាទិភាព សម្រាប់ប្រទេសក្រីក្រ។ តែយ៉ាងណា ទំហំទឹកប្រាក់នេះ ត្រូវបាន​អ្នកនាំពាក្យ​អង្គការ Oxfam ចាត់ទុកថា គឺជាដំណក់ទឹកដ៏តូចមួយ ក្នុងមហាសាគរតែប៉ុណ្ណោះ។ យោងតាមរបាយការណ៍របស់អង្គការនេះ ពិភពលោក​ត្រូវការប្រាក់យ៉ាងហោច ចំនួន ២៧០០០ ពាន់លានដុល្លារ ពីពេលនេះដល់ឆ្នាំ​២០៣០ ដើម្បីជួយប្រទេសក្រីក្រ និង​ប្រទេសមានចំណូលមធ្យម។

01:57

សម្រង់ប្រសាសន៍របស់លោក Louis-Nicolas Jandeaux អ្នកនាំពាក្យអង្គការ Oxfam ដែលបានផ្តល់បទសម្ភាសន៍ ឲ្យវិទ្យុRFI ថ្ងៃចន្ទ១០មេសា២០២៣

"នៅពេលយើង​និយាយអំពីតម្រូវការជាក់ស្តែង គឺយើងសំដៅទៅដល់​ការចំណាយ​នានា ដើម្បី​ប្រឈមនឹង​បម្រែបម្រួលអាកាសធាតុ ដែលមានដូចជា ការខាតបង់ ការប៉ះប៉ូវសំណងខូចខាត ការ​សម្របខ្លួនជួយនឹងវិបត្តិ ការកាត់បន្ថយភាពប្រឈមធ្ងន់ធ្ងរ រួមទាំង​​កញ្ចប់ថវិកា ចំណាយ​លើប្រព័ន្ធសុខាភិបាល វិស័យអប់រំ សេវាសន្តិសុខសង្គម និង​បញ្ហា​បំណុល​លើសសមត្ថភាព​ជាដើម​។​

បូកផ្សំតួលេខទាំងអស់នេះ គឺយើងត្រូវការប្រាក់ យ៉ាងហោច ២៧០០០ ពាន់លានដុល្លារ ពីពេលនេះ រហូតដល់ឆ្នាំ​២០៣០។ ដូច្នេះ ត្រឹមទំហំទឹកប្រាក់ដែលគេប្រកាស ៥០ពាន់​លានដុល្លារ ក្នុងរវាង១០ឆ្នាំនោះ គឺវាកំទេចម្ស៉ៅតែប៉ុណ្ណោះ។ យើង អំពាវនាវឲ្យ​មាន​ការបើក​ផ្លូវ ឈានទៅ ធ្វើ​ការដោះដូរ​បំណុល​អាកាសធាតុ។ ក្រុមប្រទេសអ្នកមាន​ ត្រូវតែ​ចេញមុខខ្ចីប្រាក់ចំនួន​ ១១០០០ ពាន់លានដុល្លារ ពីទីផ្សារហិរញ្ញវត្ថុ ហើយយកប្រាក់នោះមកជួយ​ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីឲ្យ​គ្នាអាច​រៀបចំគោលនយោបាយ វិធានការ​ប្រឈមនឹងវិបត្តិអាកាសធាតុ។​

យើងក៏អាចបើកផ្លូវ​ឲ្យ​មូលនិធិរូបិយវត្ថុអន្តរជាតិ អាចប្រើសិទ្ធិ​ បោះពុម្ពសាច់ប្រាក់ ជាពិសេស ដើម្បីចាក់បញ្ចូលក្នុងទីផ្សារ​យកទៅ​វិនិយោគលើ​វិស័យអាកាសធាតុ។ ប្រទេសអ្នកមាន ត្រូវតែចូលរួមបង្កើនថវិកាវិនិយោគដើម្បីការ​អភិវឌ្ឍន៍​នៅតាម​ប្រទេសក្រីក្រដែរ។ ជាក់ស្តែងបារាំង គិតមកត្រឹមពេលនេះ បារាំងមិនទាន់បានគោរពការសន្យា កាលពី៥០ឆ្នាំមុននោះទេ។ ជម្រើស​បង្កើត តារាង​អត្រាពន្ធលើ​ទ្រព្យសម្បតិ្ត ដែលអាច​ប្រែប្រួលឡើងដល់ ៥% ក៏ជាចំណុចមួយគួរពិចារណាដែរ។ និយាយរួម គឺ​យើងអាចមានជំរើសច្រើនដែលគួរពិចារណា !"

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ