អានតួអត្ថបទ
ប្រេស៊ីល-អាមេរិក-សង្គ្រាមអ៊ុយក្រែន

ប្រមុខការទូតរុស្ស៊ីទៅ​ប្រេស៊ីល ខណៈអាមេរិករិះគន់ប្រេស៊ីល ថាកំពុងប្រឹងបន្ទរសំឡេងតាមរុស្ស៊ីនិងចិន

លោកស៊ែរហ្កី ឡាវរ៉ូវ  ប្រមុខការទូតរុស្ស៊ីបានទៅដល់​រដ្ឋធានីប្រាស៊ីលីយ៉ា កាលពីថ្ងៃចន្ទទិ១៧មេសា​ ដើម្បីជួប​សន្ទនាជាមួយ​លោក​ប្រធានាធិបតី​លូឡា។ ជាទស្សនកិច្ចដែលបាន​បង្ហាញអំពី​ភាពស្អិតរមួត រវាងប្រេស៊ីល និងរុស្ស៊ី ខណៈ​ដែល​​លោក​ប្រធានាធិបតី​ប្រេស៊ីល ទើបតែបានត្រលប់​មកពីធ្វើទស្សនកិច្ចនៅចិន​។ ទន្ទឹមគ្នានេះដែរ អ្នកនាំពាក្យក្រុមប្រឹក្សា​សន្តិសុខជាតិអាមេរិក បានថ្លែងរិះគន់ប្រេស៊ីលថា កំពុងតែប្រឹង​បន្ទរសំឡេង តាម​រុស្ស៊ីនិងចិនថែមទៀតផង ទាក់ទិននឹងសង្គ្រាមនៅអ៊ុយក្រែន​។

លោករដ្ឋមន្ត្រីការបរទេសរុស្ស៊r Sergei Lavrov (ឆ្វេង) និង​លោករដ្ឋមន្ត្រីការបរទេសប្រេស៊ីល Mauro Vieira ពេលធ្វើសន្និសីទកាសែត​នៅរដ្ឋធានីប្រាស៊ីលីយ៉ា ថ្ងៃទី១៧មេសា ២០២៣
លោករដ្ឋមន្ត្រីការបរទេសរុស្ស៊r Sergei Lavrov (ឆ្វេង) និង​លោករដ្ឋមន្ត្រីការបរទេសប្រេស៊ីល Mauro Vieira ពេលធ្វើសន្និសីទកាសែត​នៅរដ្ឋធានីប្រាស៊ីលីយ៉ា ថ្ងៃទី១៧មេសា ២០២៣ AP - Eraldo Peres
ផ្សាយពាណិជ្ជកម្ម

ពុំមាន​សេចក្តីប្រកាសជាផ្លូវការ ក្រោយ​ជំនួបរវាង​លោកស៊ែរហ្កី ឡាវរ៉ូវ និង​លោក​ប្រធានាធិបតី​លូឡាទេ។ តែលោកប្រមុខការទូតរុស្ស៊ី បានថ្លែងក្នុងសន្និសីទកាសែតថា រុស្ស៊ីសូមអរគុណ​ចំពោះប្រេស៊ីល ដែល​បានជួយ​ចូលរួម នៅ​ក្នុងការប្រឹងប្រែង​រកដំណោះស្រាយ​។ លោកឡារ៉ូវ អះអាងថា រុស្ស៊ី និងប្រេស៊ីល មាលគោលជំហរដូចគ្នា គឺការប្តេជ្ញាចិត្ត​ចង់បានឲ្យ​ពិភពលោក​នេះ មាន​ “ពហុចំណុចកណ្តាល” មិនមែនប្រទេសណាមួយ​ខ្លាំងតែម្នាក់ឯង​ ហើយដើរដាក់សំពាធលើគេគ្រប់គ្នានោះទេ។ លោកប្រមុខការទូតរុស្ស៊ីអះអាងទៀតថា ក្នុងសំណុំ​រឿង​អ៊ុយក្រែន គឺរុស្ស៊ីពិតជាចង់ឲ្យ​វិបត្តិឆាប់ចប់ តែ​ត្រូវតែមានដំណោះស្រាយ​ស្ថិតស្ថេរ មិនមែនជាដំណោះស្រាយ​ឲ្យរួចតែមួយគ្រានោះ​ឡើយ​។

សូមបញ្ជាក់ថា ភាពស្អិតរមួយរវាងប្រេងស៊ីល ជាមួយ​ចិន និងរុស្ស៊ី ត្រូវបានគេសង្កេតឃើញកាន់តែច្បាស់ ក្នុងអំឡុងពេលនេះ​។ ក្នុងពេល​ធ្វើដំណើរត្រលប់ពីទស្សនកិច្ចនៅប៉េកាំង ពេល​ចុះប្តូរយន្តហោះនៅ​អេមៀរ៉ាត់អារ៉ាប់រួម  លោកលូឡា ​ប្រធានាធិបតីប្រេស៊ីល បានលើកឡើងថា សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប​ ល្មមឈប់នាំគ្នា​​ចូល​រួម​បន្តធ្វើសង្គ្រាមតទៅទៀតទៅ ហើយត្រូវចាប់​គិតជំរុញឲ្យ​ភាគីជម្លោះចូលតុចរចាហើយ​។

គួរកត់សំគាល់ថា ពាក្យសំដីរិះគន់ មកលើអាមេរិកនិង​អឺរ៉ុប ថាគិតតែពីជំរុញ​ឲ្យ​អ៊ុយក្រែនបន្តធ្វើសង្គ្រាមនេះ គឺមានខ្លឹមសារដូច​អ្វីដែលរដ្ឋាភិបាលរុស្ស៊ី និងចិន បាន​​ព្យាយាម​ស្រែកបន្លឺកន្លងមក។ ចិននិងរុស្ស៊ី​ ចោទបន្ទោសក្រុមប្រទេសលោកខាងលិច ថាជាអ្នកបន្តធ្វើសង្គ្រាម​ តាមរយៈការប្រគល់គ្រឿងសព្វាវុធ​​ឲ្យ​អ៊ុយក្រែន​។

យ៉ាងណាមិញ ពាក្យសំដីរបស់​លោកប្រធានាធិបតី​ប្រេស៊ីលនេះ ត្រូវបាន​សេតវិមានអាមេរិករិះគន់ទៅវិញ។ លោក​ John Kirby អ្នកនាំពាក្យ​ក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក បានបរិហារថា ប្រេស៊ីលកំពុងតែប្រឹង​បន្ទរសំឡេងស្រែកតាមរុស្ស៊ីនិងចិន។ អ្នកនាំពាក្យរូបនេះ បន្តទៀតថា ការលើកឡើងរបស់ភាគីប្រេស៊ីល ដែលហៅ​ឲ្យអ៊ុយក្រែនព្រមកាត់ទឹកដីតំបន់គ្រីម៉េទៅឲ្យ​រុស្ស៊ីដើម្បី​បានទទួលសន្តិភាពនោះ វាគឺសម្តីខ្វះការពិចារណា​ឲ្យ​​​បាន​​គ្រប់ជ្រុងជ្រោយ ហើយ​មិនយល់ពីអង្គហេតុពិតប្រាកដ។

ក្រោយ​ការរិះគន់ពីសំណាក់រដ្ឋាភិបាលអាមេរិកនេះ លោក Mauro Vieira រដ្ឋមន្ត្រីការបរទេសប្រេស៊ីល បានច្រានចោល​ការចោទប្រកាន់ និង​បាន​លើកឡើងថា ភាគីប្រេស៊ីល​មិនយល់ទាល់តែសោះ ថាហេតុអ្វី​ភាគីអាមេរិក គិតសន្និដ្ឋាន​ដោយខុសឆ្គងបែបនេះ មកលើប្រេស៊ីល​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ