អានតួអត្ថបទ
អាមេរិក-សន្តិសុខព័ត៌មានវិទ្យា

អាមេរិក​អះអាងថាបានរងការវាយ​ប្រហារទ្រង់ទ្រាយធំ ដោយចោរព័ត៌មានវិទ្យារបស់ចិន

អាជ្ញាធរសន្តិសុខព័ត៌មានវិទ្យាអាមេរិក រួមជាមួយ​កាណាដា អូស្ត្រាលី និងនូវែលហ្សេឡង់ បាន​ចេញលិខិតប្រកាសរួមគ្នា ទាញសញ្ញាអាសន្ន អំពីការវាយ​ប្រហារទ្រង់ទ្រាយធំ របស់​ក្រុមចោរព័ត៌មានវិទ្យាមួយក្រុម ដែល​គេជឿថា ស្ថិតក្រោម​បង្គាប់របស់​រដ្ឋាភិបាលចិន​។ ក្រុមចោរព័ត៌មានវិទ្យាចិននេះ ចូលទៅពួនសំងំប្រមូលទិន្នន័យ និងអាចវាយប្រហារ​ធ្វើ​ឲ្យរាំងស្ទះប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធចាំបាច់ នៅទូទៅទាំងពិភពលោក​។

ក្រោមចោរព័ត៌មានវិទ្យា Volt Typhoon ត្រូវគេជឿថាស្ថិតនៅក្រោមបង្គាប់អាជ្ញាធរចិន
ក្រោមចោរព័ត៌មានវិទ្យា Volt Typhoon ត្រូវគេជឿថាស្ថិតនៅក្រោមបង្គាប់អាជ្ញាធរចិន REUTERS - Thomas White
ផ្សាយពាណិជ្ជកម្ម

ក្រុមចោរព័ត៌មានវិទ្យាចិនមួយក្រុម ឈ្មោះ Volt Typhoon ត្រូវគេជឿថាគឺជាអ្នកធ្វើសកម្មភាព ចូលមក​បន្លំខ្លួន ពួន​សំងំនៅតាមប្រព័ន្ធព័ត៌មានវិទ្យាអាមេរិក ដ៏សំខាន់ៗជាច្រើន។ ទីភ្នាក់ងារសន្តិសុខព័ត៌មានវិទ្យាអាមេរិក បានចេញលិខិតរួមគ្នាជាមួយសមភាគី កាណាដា អូស្ត្រាលី នូវែលហ្សេឡង់ ប្រាប់​ឲ្យ​ពិភពលោកទាំងមូល មានការប្រុងប្រយ័ត្នខ្ពស់ ព្រោះក្រុម​នេះអាចនឹងប្រើបច្ចេកទេសនេះ ដើម្បីវាយប្រហារនៅតាមប្រទេសផ្សេងៗ។ លិខិតនេះ អះអាងថា Volt Typhoon គឺ ជាក្រុមចោរព័ត៌មានវិទ្យា ដែលធ្វើការបំរើឲ្យរដ្ឋាភិបាលចិន។

ដោយ​ឡែក ក្រុមហ៊ុនMicrosoft ក៏បានចេញលិខិតប្រកាសមួយ​ផ្សេងទៀតដែរ ដោយ​បានអះអាងថា  Volt Typhoon បានចេញធ្វើសកម្មភាព​តាំងតែពីពាក់​កណ្តាល​ឆ្នាំ​២០២១ ដោយ​បាន​បន្លំខ្លួន ចូលទៅនៅក្នុងប្រព័ន្ធព័ត៌មានវិទ្យារបស់​កោះGuam ជាទីដែល​អាមេរិក​មានមូលដ្ឋានទ័ពដ៏ធំ ក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិក។

Microsoft លើកឡើងថា Volt Typhoon អាចនឹងបើកការវាយប្រហារ ធ្វើឲ្យរាំងស្ទះដល់បណ្តាញទំនាក់ទំនងធំៗ រវាងអាមេរិក ជាមួយ​នឹងបណ្តាប្រទេសនៅអាស៊ី ក្នុងករណី​ដែល​មានវិបត្តិអន្តរជាតិណាមួយកើតឡើង ទៅថ្ងៃអនាគត។ ក្រុម​ហ៊ុន ឬវិស័យដែលអាចរងគ្រោះដោយ​ការវាយប្រហារនេះ គឺមានដូចជា វិស័យទូរគមនាគមន៍ ឧស្សាហកម្ម សេវាសាធារណៈ ការដឹកជញ្ជូន វិស័យសមុទ្រ និង​បច្ចេកវិទ្យាព័ត៌មានវិទ្យា​ ព្រមទាំងវិស័យអប់រំជាដើម។ Microsoft ​អះអាងថា បច្ចេកទេសរបស់ក្រុមចោរ Volt Typhoon គឺជា​ការ​​ពួនសំងំនៅក្នុងប្រព័ន្ធ​ ដោយ​គ្មាននរណា​ដឹង​ រងចាំឱកាសវាយឆ្មក់។

លោកAlastair McGibbon នាយក​យុទ្ធសាស្ត្រនៃក្រុមហ៊ុន​សន្តិសុខព័ត៌មានវិទ្យាអូស្ត្រាលី CyberCX បានលើកឡើងថា ល្បិចរបស់​ Volt Typhoon គឺមិនខុសពី​ទាហានឈ្លបតែងខ្លួនបន្លំភ្នែក ហើយ​មានកាំភ្លើងរងចាំបាញ់នោះឡើយ។ លោកស្រី Jen Easterly នាយកទីភ្នាក់ងារសន្តិសុខព័ត៌មានវិទ្យាអាមេរិក បានអះអាងថា ជាច្រើនឆ្នាំមកហើយ ដែលគេតាមដានដឹងថា ចិនបានធ្វើ​សកម្មភាព​នៅលើប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីឈ្លបយកការណ៍ ប្រមូលកម្មសិទ្ធិបញ្ញា និងប្រមូលទិន្នន័យសំខាន់នៅទូទាំងពិភពលោក​។ លោកស្រីបន្ថែមថា ការស្រាវជ្រាវ វែកមុខឃើញ Volt Typhoon នាពេលនេះ គឺជារឿងចាំបាច់ណាស់ ដើម្បី​ប្រាប់ទៅពិភពលោក​ឲ្យប្រុងប្រយ័ត្ន រកវិធីទប់ស្កាត់ កាត់បន្ថយ​ហានិភ័យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ