អានតួអត្ថបទ

អាមេរិក៖នាវាមុជទឹកទេសចរណ៍ផ្ទុកមនុស្ស ៥នាក់ទៅមើលបំណែកនាវាទីតានិកក្នុងជម្រៅ ៤ ០០០ម៉ែត្របានបាត់ខ្លួន

នៅ​ថ្ងៃ​អង្គារ ទី២០ មិថុនា​នេះ កងឆ្មាំ​សមុទ្រ​អាមេរិក និង​កាណាដា​កំពុង​បន្ត​ប្រតិបត្តិការ​ស្វែង​រក​នាវាមុជទឹកទេសចរណ៍​មួយ​ឈ្មោះ ទីតាន (Titan )ដែល​មាន​ដឹក​មនុស្ស​ចំនួន ៥នាក់។ បេសកកម្ម​របស់​នាវាមុជទឹក​ទីតាន គឺ​នាំ​មនុស្ស​ដែល​ចង់​ចុះ​ទៅ​មើល​បំណែក​នាវាទីតានិក​នៅ​ក្នុង​មហាសមុទ្រ​អាត្លង់ទិកខាងជើង​ក្នុង​ជម្រៅ ៤ ០០០ម៉ែត្រ។ ប្រតិបត្តិការ​ស្វែង​រក​កំពុង​បន្ត​យ៉ាង​សកម្ម ព្រោះ​នាវាមុជទឹក​ទីតាន​មាន​ខ្យល់​អុកស៊ីសែន​សម្រាប់​មនុស្ស​ទាំង ៥នាក់​តែ​ពី ៧០ម៉ោង​ទៅ ៩៦ម៉ោង​ប៉ុណ្ណោះ។

នាវាមុជទឹកទេសចរណ៍ផ្ទុកមនុស្ស ៥នាក់ទៅមើលបំណែកនាវាទីតានិកក្នុងជម្រៅ ៤ ០០០ម៉ែត្របានបាត់ខ្លួននារសៀលថ្ងៃទី១៨ មិថុនា ២០២៣។
នាវាមុជទឹកទេសចរណ៍ផ្ទុកមនុស្ស ៥នាក់ទៅមើលបំណែកនាវាទីតានិកក្នុងជម្រៅ ៤ ០០០ម៉ែត្របានបាត់ខ្លួននារសៀលថ្ងៃទី១៨ មិថុនា ២០២៣។ AP
ផ្សាយពាណិជ្ជកម្ម

ដំណឹង​នៃ​ការ​បាត់​នាវាមុជទឹក​ទីតាន​ត្រូវ​បាន​ឧត្តមនាវីទោ​អាមេរិក John Mauger បញ្ជាក់​នៅ​ក្នុង​សន្និសីទកាសែត​នា​ថ្ងៃ​ចន្ទ ទី១៩ មិថុនា។ តាម​លោក Mauger ការ​បាត់​នាវាមុជទឹកទីតាន​ត្រូវ​បាន​ក្រុមហ៊ុន OceanGate Expedition ដែល​ជា​ម្ចាស់​បញ្ជាក់​ប្រាប់​កងឆ្មាំ​អាមេរិក​នា​រសៀល​ថ្ងៃ​អាទិត្យ ទី១៨ មិថុនា។ ឧត្តមនាវីទោ​អាមេរិក​រូប​នេះ​ដដែល​បាន​បញ្ជាក់​ថា ការ​ស្វែង​រក​នាវា​ទីតាន​បាន​ធ្វើ​នៅ​លើ​ផ្ទៃទឹក និង​ក្នុង​មហាសមុទ្រ​អាត្លង់ទិក​ខាងជើងក្នុង​ជម្រៅ​ប្រមាណ​ជា ៤ ០០០ម៉ែត្រ។ គួរ​បញ្ជាក់​ថា អ្នក​ដែល​ចង់​ជិះ​នាវាមុជទឹក​ទីតាន​ទៅ​មើល​បំណែក​នាវា​ទីតានិក​នៅ​បាត​សមុទ្រ​ត្រូវ​ចុះ​ហត្ថលេខា​ទទួល​ខុស​ត្រូវ​ខ្លួន​ឯង និង​ត្រូវ​បង់​លុយ​ចំនួន ២៥ម៉ឺន​ដុល្លារ។

នៅ​ពេល​ពន្លិច​ខ្លួន​ចូល​ក្នុង​សមុទ្រ នាវាទីតាន​នឹង​ត្រូវ​បញ្ជា​ដោយ​ក្រុម​ការងារ​នៅ​ខាង​លើ ហើយ​តាម​ធម្មតា នាវា​នោះ​ត្រូវ​ផ្តល់​សញ្ញា​នៅ​រាល់ ១៥នាទី​ម្តង។ តែ​បើ​តាម​កងឆ្មាំសមុទ្រ​អាមេរិក នាវាទីតាន​បាន​ឈប់​ផ្តល់​សញ្ញា បន្ទាប់​ពី​បាន​ពន្លិច​ខ្លួន​ចូល​ក្នុង​សមុទ្រ​រយៈពេល ១ម៉ោង និង ៤៥នាទី។ នៅ​ក្នុង​អតីតកាល នាវាទីតាន​ក៏​ធ្លាប់​បាត់​ទំនាក់ទំនង​ជាមួយ​ក្រុម​ការងារ​នៅ​ខាង​លើ​ដែរ តែ​មិន​យូរ​ដូច​លើក​នេះ​ទេ។ ដូច្នេះ វា​ជា​ពេល​វេលា​បន្ទាន់​ដើម្បី​ស្វែង​រក​នាវា​ទីតានឲ្យ​ឃើញ ហើយ​វា​កាន់​តែ​បន្ទាន់​ខ្លាំង​ជាង​នេះ ព្រោះ​នៅ​ក្នុង​នាវា​នោះ គឺ​មាន​ខ្យល់​អុកស៊ីសែន​សម្រាប់​មនុស្ស​ទាំង ៥នាក់​តែ​រយៈពេល​ពី ៧០ម៉ោង​ទៅ ៩៦ម៉ោង​ប៉ុណ្ណោះ។

អាទិភាព​មុន​គេ​នៅ​ក្នុង​ប្រតិបត្តិការ​របស់​កងឆ្មាំ​សមុទ្រ​អាមេរិក និង​កាណាដា គឺ​ស្វែង​រក​ឲ្យ​ឃើញ​នូវ​ទីតាំង​របស់​នាវា​ដើម្បី​ចុះ​ទៅ​រំដោះ​មនុស្ស​ទាំង ៥នាក់​ក្នុង​នោះ មាន​ម្នាក់​ជា​អ្នកជំនួញ​អង់គ្លេស​វ័យ ៥៨ឆ្នាំ​ដែល​មាន​ទម្លាប់​ធ្វើ​ដំណើរ​ផ្សងព្រេង​ក្នុង​សមុទ្រ លើ​អាកាស ឬ​នៅ​ក្នុង​អវកាស។ មាន​ការ​លើក​ឡើង​នូវ​សេណារីយ៉ូ​ចំនួន​ពីរ​ចំពោះ​ការ​បាត់​នាវាមុជទឹក​ទីតាន ទី១ មាន​បញ្ហា​អគ្គិសនី ឬ​ឧបករណ៍​ទាក់ទង។ ក្នុង​ករណី​នេះ នាវាទីតាន​អាច​ងើប​ឡើង​អណ្តែត​លើ​ផ្ទៃទឹក ហើយ​សេណារីយ៉ូ​ទី២ តួ​នាវាទីតាន​រង​ការ​ធ្លុះធ្លាយ​ចូល​ពេញ​ដោយ​ទឹកសមុទ្រ។ ក្នុង​ករណី​នេះ អ្វីៗ​ត្រូវ​ចប់ ពិសេស​ជីវិត​មនុស្ស​ទាំង ៥នាក់​នៅ​ក្នុង​នាវាមុជទឹកទីតាន​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ