អានតួអត្ថបទ
អាមេរិក-កាណាដា

បំណែក​យានទីតាន និង​បំណែកសាកសពមនុស្ស ត្រូវបាន​ស្រង់យក​មក​វិភាគ

ផ្អែកតាមលិខិតប្រកាស របស់ឆ្មាំសមុទ្រ​អាមេរិក កាលពីថ្ងៃពុធទី​២៨មិថុនា គឺគេបានស្រង់យកបំណែករបស់យានទីតានចេញពីក្នុងសមុទ្រហើយ។ នៅក្នុងបំណែកទាំងនេះ ក៏មានផងដែរនូវ​បំណែក​សាកសពមនុស្ស ដែល​បានស្លាប់​ នៅក្នុងគ្រោះថ្នាក​ដ៏អកុសលនេះ​។ ក្រុមជំនាញ នឹងយកបំណែកយាន ព្រមទាំងបំណែកសាកសពមនុស្ស​ ទៅសិក្សាវិភាគ ដើម្បី​រក​ឲ្យ​ឃើញពី​មូលហេតុ​ពិតប្រាកដ នៃគ្រោះថ្នាក់នេះ​

ក្រុមការងារ​កំពុងតែទម្លាក់ បំណែកនាវាមុជទឹក Titan ពីលើកប៉ាល់  Horizon Arctic នៅផែសមុទ្រ Canadian St. John ខេត្ត Terre-neuve ថ្ងៃពុធទី ២៨មិថុនា ២០២៣
ក្រុមការងារ​កំពុងតែទម្លាក់ បំណែកនាវាមុជទឹក Titan ពីលើកប៉ាល់ Horizon Arctic នៅផែសមុទ្រ Canadian St. John ខេត្ត Terre-neuve ថ្ងៃពុធទី ២៨មិថុនា ២០២៣ AP - Paul Daly
ផ្សាយពាណិជ្ជកម្ម

លោកកាពីទែន Jason Neubauer ដែលជាប្រធាន​ក្រុមឆ្មាំសមុទ្រអាមេរិក រុករកនាវាទីតាន បាន​បញ្ជាក់ឲ្យដឹងថា ក្រុមការងារ បានប្រមូលស្រង់ឡើងមកលើ ដោយ​ប្រុងប្រយ័ត្នបំផុត នូវបំណែកនាវា​ទីតាន ព្រមទាំងបំណែកសាកសពមនុស្ស​ផងដែរ​។

បំណែកទាំងនេះ ត្រូវបាន​ប្រមូល​យក​ពីបាតសមុទ្រ អាត្លង់ទិកខាងជើង ក្នុងជម្រៅជិត​៤០០០ម៉ែត្រ ត្រង់តំបន់​ដែល​មាន​ចំងាយ​​ប្រមាណ​៥០០ម៉ែត្រ ពី​បំណែក​នាវាទីតានិក។ កាលពីថ្ងៃពុធ ក្រុមជំនាញ​បាន​ យកបំណែកដែលស្រង់បាន​ ទៅកាន់កំពង់ផែ  Saint-Jean de Terre Neuve ភាគខាងកើតកាណាដា មុននឹងត្រូវបញ្ជូន​តាមនាវា​ឆ្មាំសមុទ្រអាមេរិក ឆ្ពោះទៅកាន់​ទីតាំងវិភាគស្រាវជ្រាវ នៅសហរដ្ឋអាមេរិក​។​

បណ្តាញ​ព័ត៌មានកាណាដា បានផ្សព្វផ្សាយ​រូបភាព បង្ហាញ​ឲ្យឃើញ​បំណែក ដែលគេស្រង់បាន ជាផ្នែក​ខាងមុខនៃ​នា​វា​ទីតាន ព្រមទាំងតួ​ខ្លួននៃនាវា​​នេះ​ខ្លះផង។ អ្នកទទួលខុសត្រូវម្នាក់ នៃក្រុមហ៊ុន Pelagic Research Services ដែលទទួលបន្ទុកប្រើយានរ៉ូបូ ចុះទៅ​រុករកនៅបាតសមុទ្រ បានបញ្ជាក់ថា ការងាររបស់ខ្លួនបានចប់សព្វគ្រប់​ហើយ​។ ជាការងារដ៏លំបាកបំផុត ដែលក្រុមការងារបានធ្វើ រយៈពេល​ពេញ២៤ម៉ោង ដោយ​មិនបានសម្រាក។

សូមរំលឹកថា​ នាវាមុជទឹកបាតសមុទ្រ ទីតាន ដែលមានរាងមូលទ្រវែង ប្រវែង​៦ម៉ែត្រកន្លះ បានចុះទៅបាតសមុទ្រ នៅថ្ងៃទី​១៨មិថុនា នាំមនុស្ស៥នាក់ ទៅមើល​បំណែក​នាវាទីតានិក ដែលបាន​លិចកាលពីឆ្នាំ​១៩១២។ ដំណើរចុះទៅបាតសមុទ្រដែលត្រូវត្រលប់ឡើងមកវិញក្នុងរយៈពេល​៧ម៉ោង តែស្រាប់តែនាវាទីតាន បានបាត់ដំណឹងរលកសញ្ញា បន្ទាប់បានចុះទៅបានជិត​២ម៉ោង។

ការស៊ើបអង្កេត ត្រូវបាន​បើកដោយអាជ្ញាធរកាណាដា និងនៅសហរដ្ឋអាមេរិក ដើម្បីកំណត់អំពីមូលហេតុ ដែលបណ្តាលឲ្យ​នាវាទេសចរណ៍នេះ ផ្ទុះនៅបាតសមុទ្រ​។ មានមតិរិះគន់កាន់តែខ្លាំងផងដែរ ទៅលើ​ក្រុមហ៊ុន OceanGate Expeditions ដែលជាម្ចាស់​នាវា​​ទីតាន ថាមានការធ្វេសប្រហែសខ្លាំងណាស់។ អតីតអ្នកទទួលខុសត្រូវម្នាក់ នៃក្រុមហ៊ុននេះ ធ្លាប់​បាន​ក្រឿនរំលឹកថា បង្អួចកញ្ចក់តែមួយ​របស់នាវានេះ​ មិនត្រូវបាន​ស្ថាបនាឡើង ដើម្បីអាចទប់កម្លាំងសម្ពាធដ៏ខ្លាំងនៅបាតសមុទ្របានឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ