អានតួអត្ថបទ

បើគ្មាន​ប្រែប្រួលអាកាសធាតុ ក៏គ្មានសីតុណ្ហភាពក្តៅ​ជាង៥០អង្សា​នៅអាមេរិក ឬជាង៤០អង្សានៅអេស្ប៉ាញ

នៅថ្ងៃអង្គារ៍ ទី​២៥កក្កដា បណ្តាញក្រុម​អ្នកវិទ្យាសាស្រ្តឈ្មោះ WWA - World Weather Attribution បានបញ្ជាក់ថា បើគ្មានការប្រែប្រួលអាកាសធាតុទេ ម្ល៉េះក៏គ្មានសីតុណ្ហភាពឡើងដល់ជាង ៥០អង្សា​នៅអាមេរិក ឬជាង ៤០អង្សា នៅអេស្ប៉ាញដែរ។ ក្រុម​អ្នកវិទ្យាសាស្រ្តនេះ ផ្តុំ​ដោយ​អ្នក​ជំនាញជាតិ​អាមេរិក អង់គ្លេស និង​ហូឡង់ បាន​លើកឡើង​ទៀត​ថា ចាប់​អំពី​អំណឺះតទៅ រលកកម្តៅក្តៅខ្លាំង នឹងកាត់​តែ​បន្តកើត​មាន​ កាន់តែ​ញឹកញាប់​ និង​រយៈ​ពេលក្តៅ​កាន់តែ​យូរ ជាង​ពីលើកមុន​ៗ។​ ​

ទិដ្ឋភាព​ភ្លើងឆេះព្រៃ ​នៅ​កោះ Rhodes ប្រទេស​ក្រិក ថ្ងៃទី​២៥កក្កដា​២០២៣។​
ទិដ្ឋភាព​ភ្លើងឆេះព្រៃ ​នៅ​កោះ Rhodes ប្រទេស​ក្រិក ថ្ងៃទី​២៥កក្កដា​២០២៣។​ AP - Petros Giannakouris
ផ្សាយពាណិជ្ជកម្ម

ក្នុងរដូវ​ក្តៅ​ឆ្នាំនេះ ស៊ីតុណ្ហភាព​ក្តៅឡើងខ្លាំង​ជាង​សព្វដង​។ សហរដ្ឋអាមេរិក បាន​ជួប​កម្តៅ​ក្តៅខ្លាំង ជាង ​៥០អង្សា នៅ​ជ្រលងភ្នំមរណៈ។ កម្តៅ ប្រមាណ ៤៥,៣ ​ ​ ​ក្តៅខ្លាំងជាប្រវត្តិសាស្ត្រ​ នៅ​ក្រុង​ Phoenixរបស់​អាមេរិ​ក ហើយក្តៅបំផុតមិនធ្លាប់ជួបនៅ​តំបន់​ Catalogne របស់​អេស្ប៉ាញ់ ប្រមាណ ​៤៣ អង្សាសេ។​ ​

បាតុភូត​កម្តៅក្តៅខ្លាំងនេះ ដចេញពី​ការប្រែប្រួល​អាកាសធាតុ​ ដែលវា​​កាន់តែបញ្ចេញ​​ឫទ្ធានុភាព​របស់​វា​។ បើតាម​ក្រុម​អ្នកវិទ្យាសាស្រ្តWWA ​ការប្រែប្រួល​អាកាសធាតុ ​កើត​ចេញពីការ​បញ្ចេញ​ផ្សែង​ពុល​ក្នុង​ឧស្សាហកម្មនិងកើត​​ចេញពី​សកម្មភាព​របស់​ម​នុស្ស ដែល​វា​បាន​ជំរុញ​ធ្វើ​ឲ្យ​រលក​កម្តៅ​កាន់តែ​ក្តៅ​ខ្លាំង និង​មាន​រយៈ​ពេល​យូរ​ ព្រមទាំង​ កើត​មាន​ញឹកញយ។​

ក្នុង​កក្កដា​នេះ បណ្តាញក្រុម​អ្នកវិទ្យាសាស្រ្តWWA ​បាន​តាម​ដាន​សង្កេត​ទិន្នន័យ​រលកកម្តៅនៅ​ក្នុង​ប្រទេស​ឧស្សាហកម្ម​ធំៗ​ ​និងបា​នអះអាងថា ប្រសិន​បើជា​គ្មាន​កែប្រែប្រួល​អាកាសធាតុ​ទេ ក៏​គ្មាន​រលកកម្តៅក្តៅខ្លាំង​បែបនេះ កើត​មាន​ទៅរួច​ដែរ។ ក្រុម​អ្នកវិទ្យាសាស្រ្ត ផ្តុំដោយ​ជន​ជាតិអាមេរិក អង់គ្លេស និងហូឡង់ បាន​ពិនិត្យ​ទិន្នន័យ​កម្តៅ​សីតុណ្ហភាពដ៏គ្រោះថ្នាក់ខ្លាំង ចន្លោះ​ថ្ងៃទី ១២-១៨កក្កដា នៅ​អឺរ៉ុបខាងត្បូង ពី​ថ្ងៃ​ទី១ដល់ទី​១៨កក្កដា នៅសហរដ្ឋអាមេរិក នៅ​ក្នុង​រដ្ឋ​តិចសាស់ និង​ប៉ែក​ជើង​ខាង​ម៉ិចស៊ិក​ ហើយ​ព្រមទាំង ​ពីថ្ងៃទី​៥ដល់ទី​១៨កក្កដា នៅ​ប្រទេស​ចិន។

ស្រដៀង​គ្នានឹង​អ្នកវិទ្យាសាស្រ្តWWAដែរ​ ក្រុម​អ្នក​វិទ្យាសាស្ត្រ​អាមេរិក​ Nasa និងអ្នក​វិទ្យាសាស្ត្រ​អឺរ៉ុប​ Copernicus បានទាញ​សន្និដ្ឋានថា ខែ​កក្កដា​ឆ្នាំ២០២៣នេះ ជា​​ខែ​ក្តៅ​ខ្លាំង​បំផុត និងក្តៅខ្លាំងជាងគេ​​នៅក្នុង​ប្រវត្តិ​រដូវក្តៅ​ នៃ​​ខែកក្កដា។​

សីតុណ្ហភាព​ក្តៅខ្លាំង ធ្វើឲ្យ​ឆេះ​ព្រៃ​ច្រើន​កន្លែង​នៅ​អឺរ៉ុបនិងប្រទេស​ផ្សេងទៀត។ ជាក់ស្តែង នៅក្រិក ​​សីតុណ្ហភាព ជាង​ ៤០ អង្សា បណ្តាលឲ្យឆេះព្រៃ ប្រមាណ​ជិត​ ៥០ កន្លែង​។ នៅ​អាល់ហ្សេរី អតីតដែន​ដីក្រោម​ចំណុះបារាំង​ កម្តៅ​ក្តៅខ្លាំង​តាំងពីថ្ងៃអាទិត្យ បង្កការ​ឆេះព្រៃ​ ជិត ១០០ កន្លែង និងសម្លាប់​ផ្តាច់អាយុជីវិត​មនុស្ស​ ៣៤ នាក់​ ហើយ​ច្រើន​រយ​ពាន់​នាក់ រត់​រក​ទីជម្រក​​សុវត្ថិភាព។​ នេះបើតាម​ក្រសួង​មហាផ្ទៃ​អាល់ហ្សេរី។ ចំណែក នៅ​ ទុយនេស៊ី កម្តៅ​ក៏ឡើងដល់ ​៤៩ អង្សាឯណោះ​

អ្នក​ជំនាញ​អាកាសធាតុជាតិ​​អង់គ្លេស អ្នកស្រី Friederike Otto បាន​ប្រកាស​អាសន្ន​ឲ្យ​ថ្នាក់ដឹកនាំ​ពិភពលោក​ យកចិត្ត​ទុកដាក់​ កាត់​បន្ថយ​ការ​បញ្ចេញ​ផ្សែង​ពុល​ និងជួយ​ទប់​ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ​ជាបន្ទាន់។ ហើយ​បើ​គេ​នៅតែបណ្តែត​បណ្តោយ​តទៀត នោះ អាយុជី​វិតមនុស្ស​រាប់ពាន់​លាន​នាក់​នឹង​ស្លាប់។​ អ្នកស្រី ​ក៏​សង្ឈឹមថា កិច្ចប្រជុំ​កំពូល​អាកាសធាតុ​នៅ​ក្រុង​ឌូប៉ៃ​ នា​ចុងឆ្នាំនេះ នឹង​សម្រេច​បាន​ច្បាប់​អន្តរជាតិថ្មី ស្តីពីការ​លុប​បំបាត់​ការ​បញ្ចេញ​ផ្សែងពុល​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ