អានតួអត្ថបទ
អេក្វាទ័រ-ប្រេងកាត-បរិស្ថាន

ប្រជាជន​អេក្វាទ័រ​បោះឆ្នោត​ប្រជាមតិ​ ​សម្រេច​បិទ​អណ្តូង​ប្រេងកាត​នៅ​តំបន់ព្រៃ​អភិរក្ស​យ៉ាស៊ូនី

អស់រយៈពេល​១០ឆ្នាំមកហើយ ដែល​ក្រុមអង្គការបរិស្ថាន បាន​ទាមទារ​ឲ្យ​មានការបោះឆ្នោត​ប្រជាមតិ ដើម្បីឲ្យ​ពលរដ្ឋ​អេក្វាទ័រ សម្រេចបន្ដដំណើរការ​ឬបិទ អណ្តូងជីងខួងយករ៉ែប្រេងកាត នៅក្នុង​តំបន់ព្រៃអភិរក្ស យ៉ាស៊ូនី (Yasuni) ស្ថិតក្នុងតំបន់ព្រៃ​អាម៉ាហ្សូន។ ទីបំផុត តុលាការកំពូលអេក្វាទ័របានសម្រេចកាលពីខែឧសភា កំណត់ឲ្យ​មានការបោះឆ្នោតប្រជាមតិនេះ​​ ហើយដែល​វា​​បានប្រព្រឹត្តិធ្វើទៅ ស្របពេលជាមួយគ្នានឹងការបោះឆ្នោត​សភាមុនអាណត្តិ កាលពីថ្ងៃអាទិត្យ ទី​២០សីហា។ លទ្ធផល​បានបង្ហាញថា ប្រជាជនអេក្វាទ័រប្រមាណ​៥៩% បានគាំទ្រ ឲ្យ​បិទសកម្មភាពជីងខួងយករ៉ែប្រេងកាត នៅតំបន់ព្រៃ​អភិរក្សយ៉ាស៊ូនី។

ក្រុមជនជាតិដើមភាគតិច Waorani កំពុងឃោសនាផ្សព្វផ្សាយ​ ឲ្យ​ប្រជាជនអេក្វាទ័រ បោះឆ្នោត យល់ព្រម លើគម្រោង​បិទអណ្តូងរ៉ែប្រេងកាត Bloc 43 នៅក្នុងព្រៃអភិរក្ស Yasuni។ រដ្ឋធានីគីតូស ថ្ងៃទី​ ១៤សីហា២០២៣
ក្រុមជនជាតិដើមភាគតិច Waorani កំពុងឃោសនាផ្សព្វផ្សាយ​ ឲ្យ​ប្រជាជនអេក្វាទ័រ បោះឆ្នោត យល់ព្រម លើគម្រោង​បិទអណ្តូងរ៉ែប្រេងកាត Bloc 43 នៅក្នុងព្រៃអភិរក្ស Yasuni។ រដ្ឋធានីគីតូស ថ្ងៃទី​ ១៤សីហា២០២៣ AP - Dolores Ochoa
ផ្សាយពាណិជ្ជកម្ម

សម្ព័ន្ធ​អង្គការ Yasunidos Amazon Frontlines និង​ Alianza Ceibo ដែលជាអ្នកផ្តួចផ្តើមគំនិតប្រជាមតិនេះ បានថ្លែងអបអរនៅក្នុងលិខិតប្រកាសរួមគ្នាមួយ ថានេះគឺជាលើកទី១ហើយ ដែល​ប្រទេសមួយ​បានបោះឆ្នោតសម្រេច​ការពារអាយុជីវិត ដោយសុខ​ចិត្តទុកប្រេងកាតកប់នៅក្នុងដី។ លិខិតបន្តថា វាគឺជាជោគជ័យដ៏ធំ ជាគម្រូមួយដ៏ប្រសើរសម្រាប់ប្រទេសឯទៀត​ ដែល​ពលរដ្ឋរួមគ្នាប្រើប្រាស់លទ្ធិប្រជាធិបតេយ្យ អំណាចសំឡេងឆ្នោតដោយ​ផ្ទាល់ ដើម្បីសម្រេច​ការពារអាយុជីវិត ការរស់នៅរបស់សហគមន៍ជនជាតិដើមភាគតិច ការពារ​ព្រៃត្រូពិក ធនធានធម្មជាតិ ប្រព័ន្ធជីវចម្រុះ​​ ព្រមទាំងឈានទៅកំណត់គោលនយោបាយ​ ដោះស្រាយវិបត្តិអាកាសធាតុ​។

 

តំបន់ព្រៃអភិរក្ស Yasuni National Park ស្ថិតនៅ​ភាគឦសានប្រទេសអេក្វាទ័រ មានទំហំប្រមាណ​១លានហិកតា។ រូបថតថ្ងៃទី ១៧ ឧសភា ២០០៧
តំបន់ព្រៃអភិរក្ស Yasuni National Park ស្ថិតនៅ​ភាគឦសានប្រទេសអេក្វាទ័រ មានទំហំប្រមាណ​១លានហិកតា។ រូបថតថ្ងៃទី ១៧ ឧសភា ២០០៧ ASSOCIATED PRESS - Dolores Ochoa

សូមបញ្ជាក់ថា តំបន់ព្រៃអភិរក្សយ៉ាស៊ូនី មានទំហំប្រមាណ​១លានហិកតា ស្ថិតនៅក្នុងតំបន់ព្រៃអាម៉ាហ្សូន គឺជាតំបន់ព្រៃធម្មជាតិ​ដ៏​សំបូរបែប។ តំបន់នេះ ក៏គឺជាជម្រកដែនដី​រស់នៅ នៃសហគមន៍ជនជាតិដើមភាគតិចជាច្រើនក្រុម មានដូចជាក្រុមជនជាតិ Waorani ជនជាតិ Kichwa ជនជាតិ Tagaeri ជនជាតិ​​Traromenane និង ជនជាតិ​ Dugakaeri ដែលក្រុមជនជាតិ​ដើមទាំងនេះ បាន​សម្រេចចិត្តរស់នៅឆ្ងាយ​ពី​អរិយធម៌ទំនើប។

គួរបញ្ជាក់ដែរថា ការធ្វើប្រជាមតិបិទអណ្តូងរ៉ែប្រេងកាតក្នុងព្រៃ​យ៉ាស៊ូនីនេះ​ គឺពាក់ព័ន្ធនឹងអណ្តូងរ៉ែចំនួន៣កន្លែង ដែលគេស្គាល់ជាទូទៅថា តំបន់អណ្តូងរ៉ែ Bloc 43។ ក្នុងចំណោមប្រេងកាតផលិត​ដោយ​ប្រទេសអេក្វាទ័រ ចំនួនប្រមាណ​៥សែនធុងបារីល​ក្នុងមួយថ្ងៃ គឺមាន​ប្រមាណ​១២% ដែល​បូមចេញពីតំបន់ Bloc 43។ មានន័យថា នៅតែមានអណ្តូងប្រេងកាតផ្សេងទៀត ដែល​នឹងបន្តដំណើរការ​នៅអេក្វាទ័រ។

ស្ត្រីនិងកុមារជនជាតិ​ Waorani នៅក្នុងព្រៃអភិរក្ស Yasuni National Park ដែលជា​តំបន់ព្រៃអភិរក្សប្រព័ន្ធជីវចម្រុះសំបូរបែប ចុះបញ្ជីដោយអង្គការ UNESCO នៅ​ឆ្នាំ​១៩៨៩
ស្ត្រីនិងកុមារជនជាតិ​ Waorani នៅក្នុងព្រៃអភិរក្ស Yasuni National Park ដែលជា​តំបន់ព្រៃអភិរក្សប្រព័ន្ធជីវចម្រុះសំបូរបែប ចុះបញ្ជីដោយអង្គការ UNESCO នៅ​ឆ្នាំ​១៩៨៩ ASSOCIATED PRESS - Dolores Ochoa

សូមរំលឹកថា ក្រុមហ៊ុន​ប្រេងជាតិប្រេងកាត Petroecuador ដែលជាអ្នក​ធ្វើសកម្មភាពជីកខួង មានសិទ្ធប្រតិបត្តិការ លើផ្ទៃដីចំនួន​៣០០ហិកតា នៅក្នុងតំបន់ព្រៃអភិរក្សយ៉ាស៊ូនី។ តែកន្លងមកក្រុមហ៊ុននេះ អះអាងថាខ្លួនធ្វើសកម្មភាព​ បានត្រឹមតែ​ លើផ្ទៃដី​៨០ហិកតាប៉ុណ្ណោះ។​ យោងតាមលិខិតប្រកាសចេញផ្សាយថ្ងៃចន្ទទី​២១សីហា ក្រុមហ៊ុននេះ បាន​អះអាងថា ​ខ្លួននឹង​គោរពលទ្ធផល​ប្រជាមតិ ដែលជាការសម្រេចចិត្ត​របស់ពលរដ្ឋអេក្វទ័រ។ ដោយឡែក ផ្អែក​តាម​រដ្ឋាភិបាលអេក្វាទ័រ ដែល​តែងតែប្រឆាំងនឹងការធ្វើប្រជាមតិនេះ គឺការបិទអណ្តូងរ៉ែប្រេងកាត Bloc 43 នឹងធ្វើឲ្យរដ្ឋបាត់បង់ប្រាក់ចំណូល​​ ជាង​១៦ពាន់លានដុល្លារ ក្នុងរយៈពេល​២០ឆ្នាំ​ទៅ​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ