អានតួអត្ថបទ
ប៉ាណាម៉ា-អាកាសធាតុ

ដោយសារវិបត្តិរាំងស្ងួត ព្រែកជីក​ប៉ាណាម៉ា នឹងកាត់បន្ថយ​ចំនួន​ឆ្លងកាត់នាវាដឹកទំនិញ រយៈពេល​១ឆ្នាំ

ចំនួន​នាវាដឹកទំនិញ ដែលត្រូវឆ្លងកាត់​ព្រែកជីកប៉ាណាម៉ា រវាងមហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រអាត្លង់ទិក នឹងត្រូវកាត់បន្ថយ​ ដោយសារតែបញ្ហារាំងស្ងួត គ្មានទឹកគ្រប់គ្រាន់។ ផ្អែកតាមអាជ្ញាធរគ្រប់គ្រង​ព្រែកជីកប៉ាណាម៉ា ការរិតត្បិតនេះ នឹងមានរយៈពេល​មួយឆ្នាំ លើកលែងតែ រវាងប៉ុន្មានខែខាងមុខ កម្រិតទឹកភ្លៀងនឹងធ្លាក់ខ្លាំងមកវិញ​។

នាវាដឹកទំនិញ កំពុងរងចាំនៅមាត់ច្រកចូលព្រែកជីកប៉ាណាម៉ា នៅច្រកខាងមហាសមុទ្រប៉ាស៊ីហ្វិក។ ក្រុងប៉ាណាម៉ាស៊ីធី ថ្ងៃទី ២៥សីហា ២០២៣
នាវាដឹកទំនិញ កំពុងរងចាំនៅមាត់ច្រកចូលព្រែកជីកប៉ាណាម៉ា នៅច្រកខាងមហាសមុទ្រប៉ាស៊ីហ្វិក។ ក្រុងប៉ាណាម៉ាស៊ីធី ថ្ងៃទី ២៥សីហា ២០២៣ AP - Agustin Herrera
ផ្សាយពាណិជ្ជកម្ម

លោកស្រី Ilya Espino ទេសាភិបាលរងនៃព្រែកជីកប៉ាណាម៉ា បាន​បញ្ជាក់ថា ការកាត់បន្ថយ​ចំនួន​នាវាឆ្លងកាត់ ត្រូវបានធ្វើសាកល្បង ចាប់ពីថ្ងៃទី៣០កក្កដា។ ជាធម្មតា ​ពីមុនមាននាវាឆ្លងកាត់ចំនួន​៤០គ្រឿង​ក្នុងមួយថ្ងៃ តែត្រូវកាត់បន្ថយ​មកនៅត្រឹមតែ​៣២គ្រឿងក្នុងមួយថ្ងៃវិញ​។ ដោយស្ថានការណ៍​រាំងស្ងួត គ្មានទឹកគ្រប់គ្រាន់ អាជ្ញាធរបាន​សម្រេច​​បន្ត​វិធានការ​នេះ​ រយៈពេលមួយឆ្នាំតែម្តង ចាប់ពីពេលនេះទៅ។ តែយ៉ាងណា អាជ្ញារគ្រប់គ្រងព្រែកជីក អាចនឹង​កែប្រែវិញ ប្រសិន​បើនៅខែតុលា ខែវិច្ឆិកាខាងមុខ មានភ្លៀងធ្លាក់ច្រើន អាចបំពេញ​បឹង​ធំៗ ដែល​ព្រែកជីកប្រើប្រាស់ទឹក យកមក​ចម្លងនាវាដឹកទំនិញ។

លោកស្រីទេសាភិបាលរង នៃព្រែកជីកប៉ាណាម៉ា បានបន្ថែមថា ការប្រកាសដំណឹងនេះ គឺ​ដើម្បី​ប្រាប់ទៅ​បណ្តាក្រុមហ៊ុនដឹកទំនិញទាំងអស់ ឲ្យ​រៀបចំ​កាលវិភាគ​ធ្វើដំណើររបស់ខ្លួន ដោយ​ឆ្លើយតបទៅនឹងលក្ខខណ្ឌលំបាក​ថ្មីនេះ ព្រោះវាគឺ​ជា​ផលវិបាក នៃបម្រែបម្រួលអាកាសធាតុ គ្រោះរាំងស្ងួត បូកផ្សំនឹងបាតុភូត El niño។

គួរកត់សំគាល់ថា ការកាត់បន្ថយ​ចំនួនឆ្លងកាត់របស់នាវាដឹកទំនិញ បាន​ធ្វើឲ្យ​កកស្ទះជាខ្លាំងនៅមាត់ច្រកចូលទាំងសងខាង នៃព្រែកជីកប៉ាណាម៉ា។ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ មាននាវាបន្តកន្ទុយគ្នារងចាំឆ្លង ដល់ទៅ​១៣០គ្រឿង​។ ពេលវេលារងចាំឆ្លងរបស់នាវានីមួយៗ​ កាលពីមុនមានត្រឹមតែ​​ជាមធ្យមពី៣ទៅ៥ថ្ងៃ បានឡើងដល់ទៅ​១៩ថ្ងៃ ក្នុងរវាង​ខែសីហានេះ។

សូមបញ្ជាក់ថា ព្រែកជីកប៉ាណាម៉ា គឺជាច្រកផ្លូវឆ្លងកាត់​ដ៏សំខាន់នៃចរាចរណ៍​ដឹកទំនិញពិភពលោក ព្រោះវាអនុញ្ញាតឲ្យ​នាវាដឹកទំនិញអាចឆ្លងរវាងមហាសមុទ្រអាត្លង់ទិក និងមហាសមុទ្រប៉ាស៊ីហ្វិក ដោយ​មិនចាំបាច់បើកវាងតាមទ្វីបអាមេរិកខាងត្បូង។ ៦%នៃពាណិជ្ជកម្ម​ផ្លូវសមុទ្រពិភពលោក ឆ្លងកាត់ព្រែកជីកដែល​មានប្រវែង​៨០គីឡូម៉ែត្រនេះ​។ ភាគច្រើនបំផុត​នៃនាវាដឹកទំនិញឆ្លងកាត់ គឺជារបស់ចិន សហរដ្ឋ​អាមេរិក និងជប៉ុន​។

ដើម្បីអាចចម្លងបណ្តែតនាវាតាមព្រែកជីកនេះបាន គឺគេត្រូវបាន​ការប្រើទឹក​យ៉ាងច្រើន ចាក់បំពេញ​ទៅក្នុងអាងទឹកដ៏ធំមហិមា ដែលមានកំពស់ទឹក​២៦ម៉ែត្រ ខ្ពស់ជាង​កំពង់ទឹកសមុទ្រ​ ទើបអាច​នាំនាវាដឹកទំនិញឲ្យឆ្លងផុតតំបន់ភ្នំ Isthme នៃប្រទេសប៉ាណាម៉ា។ សម្រាប់នាវា១គ្រឿង​ គេត្រូវការ​ចំណាយ​ប្រើទឹកចំនួន ២០០លានលីត្រ ដែល​បានមកពី​ទឹកបឹងធំៗ២ ដែលគេធ្វើទំនប់​ទប់ គឺបឹង Gatun និងបឹង Alajuela។ ដោយ​សារភ្លៀងធ្លាក់កាន់តែតិចទៅៗ ទឹកបឹងបានថយកំពស់ជាខ្លាំង ដែលតម្រូវឲ្យអាជ្ញាធរគ្រប់គ្រងព្រែកជីក ត្រូវតែរកដំណោះស្រាយសន្សំសំចៃទឹក​។ មិនត្រឹមតែប៉ុណ្ណោះ ប្រមាណ​ពាក់កណ្តាល​នៃប្រជាជនប៉ាណាប៉ា ទាំង៤លាន២សែននាក់ រំពឹងលើទឹកបឹងទាំងនេះ ដើម្បីបរិភោគនឹងប្រើប្រាស់ប្រចាំថ្ងៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ