អានតួអត្ថបទ
សហរដ្ឋអាមេរិក

បាញ់រះនៅក្រុង​Lewiston សហរដ្ឋ​អាមេរិក ស្លាប់យ៉ាងហោច​២២នាក់ របួសជាង​៥០នាក់

នៅសហរដ្ឋអាមេរិក មានករណីបាញ់រះមួយទៀតបានកើតឡើង កាលពីយប់ថ្ងៃពុធ ទី​២៥តុលា ដែលបានបណ្តាល​ឲ្យ​ស្លាប់​មនុស្សយ៉ាងហោច​​​២២នាក់ និងរបួសជាង​៥០នាក់។ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ទី​២៦តុលា ជនដៃដល់​កំពុង​តែ​​រត់គេចខ្លួននៅឡើយ​​ ដោយ​សមត្ថកិច្ចអាមេរិក កំពុងតែបើកប្រតិបត្តិការតាមចាប់ យ៉ាងសកម្មបំផុត​។

សមត្ថកិច្ចកំពុង​ការពារ​សន្តិសុខ​ នៅខាងមុខមន្ទីរពេទ្យ ដែលគេបញ្ជូន​ទៅសង្គ្រោះ នូវអ្នករបួសជាច្រើននាក់ ក្រោយការបាញ់រះ នៅក្រុង​Lewiston រដ្ឋMaine យប់ថ្ងៃទី ២៥តុលា២០២៣
សមត្ថកិច្ចកំពុង​ការពារ​សន្តិសុខ​ នៅខាងមុខមន្ទីរពេទ្យ ដែលគេបញ្ជូន​ទៅសង្គ្រោះ នូវអ្នករបួសជាច្រើននាក់ ក្រោយការបាញ់រះ នៅក្រុង​Lewiston រដ្ឋMaine យប់ថ្ងៃទី ២៥តុលា២០២៣ AP - Steven Senne
ផ្សាយពាណិជ្ជកម្ម

ហេតុការណ៍​បាញ់រះបានកើតឡើង នៅក្នុងទីក្រុង Lewiston ក្នុងរដ្ឋMaine ភាគឦសានសហរដ្ឋអាមេរិក ដោយជនដៃដល់ បានចូលទៅបាញ់រះ នៅក្នុង​ទីតាំងចំនួន​យ៉ាងហោច២កន្លែង​ គឺនៅ​ក្នុងកន្លែងកម្សាន្តលេងប៊ូលីងមួយកន្លែង និងនៅក្នុង​ភោជនីយដ្ឋានមួយកន្លែង​។ ដោយឡែក បណ្តាញព័ត៌មានអាមេរិកបានផ្សាយថា មានករណីបាញ់រះមួយទៀតនៅវេលាយប់ថ្ងៃពុធដែរ នៅ​ទីតាំង​ឃ្លាំងទំនិញ​មួយកន្លែង។ តែយ៉ាងណា គេមិនទាន់អាច​បញ្ជាក់បានទេ ថាជាស្នាដៃរបស់ជនដៃដល់តែមួយ ឬជា​ករណីដាច់ដោយឡែក។

ផ្អែកតាម​សមត្ថកិច្ចនគរបាល គឺជនដៃដល់ ភេទប្រុស ត្រូវគេស្គាល់ថា ឈ្មោះ Robert Card អាយុ៤០ឆ្នាំ។ នៅក្នុងរូបភាព ថតបានដោយ​កាម៉េរ៉ាសុវត្ថិភាព គេឃើញជននេះ បាក់អាវពណ៌ត្នោត ស្លៀកខោពណ៌ខៀវក្រម៉ៅ បានប្រើប្រាស់កាំភ្លើងពាក់កណ្តាលស្វ័យប្រវត្តិ បាញ់រះទៅលើ​មនុស្ស​ដោយ​ឥតរើសមុខ មុននឹងបាន​គេចខ្លួន​បាត់​។​

ទូរទស្សន៍CNN ដែលបានស្រង់ប្រភពពីសមត្ថកិច្ចនគរបាល បាន​ផ្សាយថា ជនដៃដល់ គឺជា​ទាហានបំរុង ហើយ​មានជំនាញជាគ្រូបង្រៀន​ហាត់បាញ់កាំភ្លើងថែមទៀតផង។ ហើយផ្អែកតាមប្រភពខ្លះទៀត បានអះអាងថា ជនដៃដល់នេះ ​ធ្លាប់ត្រូវបាន​បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ​​ ដោយសារតែ​​មានជំងឺផ្លូវចិត្ត ចេះតែឮសំឡេងអ្វីម្យ៉ាងនិយាយនៅក្នុងត្រចៀក​។

ពេញមួយយប់ថ្ងៃពុធ ទី​២៥តុលា សមត្ថកិច្ចនគរបាលតំបន់ជាច្រើនរយនាក់​ ដោយសហការជាមួយសមត្ថកិច្ចFBI ផង បានបើក​ប្រតិបត្តិការតាមរកជនដៃដល់ យ៉ាងសកម្មបំផុត ពេញក្នុងរដ្ឋMaine ។ អាជ្ញាធរនគរបាលបានផ្សព្វផ្សាយរូបថតជនដៃដល់ និងរូបថតរថយន្តរបស់​ជននេះ ដើម្បីឲ្យ​ប្រជាជន​មានការប្រុងប្រយ័ត្ន និងរាយ​ការណ៍​មកសមត្ថកិច្ច ប្រសិនបើ​បានប្រទះឃើញ។ ជាមួយគ្នានេះដែរ អាជ្ញាធរបានជូនដំណឹង​ ទៅដល់​ប្រជាជន​នៅតាមតំបន់ជាច្រើន ​ឲ្យ​​សំងំនៅក្នុងផ្ទះ កុំចេញក្រៅ ហើយ​នៅថ្ងៃព្រហស្បតិ៍ សាលារៀនទាំងអស់នៅក្រុងLewiston ត្រូវបិទទ្វារជាបណ្តោះអាសន្នសិន ដើម្បីបង្ការសុវត្ថិភាព។

លោក Robert McCarthy តំណាងរាស្ត្រម្នាក់ប្រចាំនៅក្រុង Lewiston ដែលមានប្រជាជនប្រមាណតែ ៣៦០០០នាក់ បានថ្លែងថា អ្នករបួសមានចំនួន​ ចន្លោះពី៥០ ទៅ៦០នាក់ ។ ពោល​គឺជាចំនួនច្រើនណាស់ ដែល​មន្ទីរពេទ្យនៅ​​​ទីក្រុងនេះ មិនអាចមានលទ្ធភាពសង្គ្រោះបានទេ។ ដោយឡែក លោក Mike Sauschuck មន្ត្រីទទួល​បន្ទុកសន្តិសុខសាធារណៈប្រចាំតំបន់ បានបដិសេធមិនទាន់​​បញ្ជាក់ អំពីចំនួនមនុស្សស្លាប់​និងរបួសទេ ដោយ​លើកឡើងថាតួលេខអាចប្រែប្រួល​។​ ផ្អែកតាម​សេតវិមាន លោក​ប្រធានាធិបតីចូ បៃដិន បាន​ទូរស័ព្ទទៅនិយាយជាមួយ​ថ្នាក់ដឹកនាំជាច្រើននាក់ ប្រចាំនៅរដ្ឋMaine និងបានធានា​ថារដ្ឋសហព័ន្ធ នឹងសហការជួយគ្រប់តម្រូវការចាំបាច់ទាំងអស់​។​

គួរបញ្ជាក់ថា យោងតាមតួលេខ របស់សមាគម Gun Violence Archive (GVA) គិតពីដើមឆ្នាំ​២០២៣មក នៅសហរដ្ឋអាមេរិក មានមនុស្សស្លាប់​ចំនួនយ៉ាងហោច ១៥០០០នាក់ ដោយសារតែអំពើហិង្សាប្រើប្រាស់​កាំភ្លើង ដោយ​មិនរាប់ករណី​ធ្វើអត្តឃាតទេ។ ករណីបាញ់រះ តែងតែកើតឡើងជាប្រចាំ ហើយជារៀងរាល់លើក វាបានបង្កឲ្យ​មានការតវ៉ាទាមទារ ថាសហរដ្ឋអាមេរិកត្រូវតែរឹតបន្តឹងច្បាប់ ដើម្បីគ្រប់គ្រងចរាចរណ៍អាវុធឲ្យ​បានតឹងតែបំផុត។ តែយ៉ាងណា សភាខុនហ្ក្រេសអាមេរិក នៅតែមិនអាចអនុម័តច្បាប់តឹងតែងបាន​​ ដោយសារតែ​សមាជិកសភាស្តាំនិយម​ច្រើននាក់​ ស្ថិតនៅក្រោម​ឥទ្ធិពល​ដ៏ខ្លាំងរបស់​ក្រុមឡុបប៊ីអាវុធ National Rifle Association (NRA)។ សម្រាប់ប្រជាជនអាមេរិកខ្លះ សិទ្ធិកាន់កាប់អាវុធ គឺជាសិទ្ធិការពារខ្លួនជាមូលដ្ឋាន ដែលត្រូវបាន​​ការពារដោយរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ