អានតួអត្ថបទ
សហរដ្ឋអាមេរិក

អាមេរិក​៖ លោក Mike Johnson ជាប់ឆ្នោត ជាប្រធានសភាតំណាង​ (Speaker)

សមាជិកសភាតំណាងអាមេរិក បានបោះឆ្នោតកាលពីថ្ងៃទី​២៥តុលា ជ្រើសរើស​លោក Mike Johnson ឲ្យកាន់​មុខតំណែងប្រធានសភាតំណាង បន្ទាប់ពីស្ថាប័ន​កំពូល​នេះ​​ គ្មាន​ប្រធាន​អស់រយៈពេល​២២ថ្ងៃ ក្រោយ​លោក Kevin McCarthy ត្រូវក្រុមសមាជិកបក្សសាធារណរដ្ឋគ្នាឯង បោះឆ្នោតទម្លាក់។

លោក​ Mike Johnson សមាជិកសភាបក្សសាធារណរដ្ឋ ក្នុងពេលស្បថចូលកាន់តំណែង​ប្រធានសភាតំណាង (Speaker) នៅថ្ងៃទី ២៥តុលា២០២៣។
លោក​ Mike Johnson សមាជិកសភាបក្សសាធារណរដ្ឋ ក្នុងពេលស្បថចូលកាន់តំណែង​ប្រធានសភាតំណាង (Speaker) នៅថ្ងៃទី ២៥តុលា២០២៣។ AP - Alex Brandon
ផ្សាយពាណិជ្ជកម្ម

លោក Mike Johnson ត្រូវគេស្គាល់ថា គឺជាសមាជិកសភាបក្សសាធារណរដ្ឋ ដែលមានទំនោរស្និទ្ធនឹងលោក​ក្រុម​គាំទ្រលោកដូណាល់ ត្រាំ​។ មានអាយុ៥១ឆ្នាំ លោក​គឺជាមេធាវី និង​បានជាប់ឆ្នោតជាសមាជិកសភាតំណាង នៅឆ្នាំ​២០១៧ ជាមួយនឹងទំនោរនយោបាយ ស្តាំអភិរក្សនិយមខ្លាំងបំផុត​។​ ការពិតទៅ លោក Mike Johnson ស្ថិតនៅលេងរៀងទី​៤ ក្នុងចំណោមបេក្ខជនឈរឈ្មោះ ដែល​បក្សសាធារណ​រដ្ឋចង់ស្នើឲ្យសភា​​បោះឆ្នោត ជ្រើសរើសធ្វើជាប្រធានសភាតំណាង។ តែទីបំផុត ក្រោយ​បរាជ័យ​ជាបន្តបន្ទាប់ របស់បេក្ខជនផ្សេងៗទៀត លោក Mike Johnson បានរំកិលខ្លួនទទួលបានសំលេងឆ្នោតគាំទ្រ ចំនួន២២០សំឡេង។

គួរបញ្ជាក់ថា អស់រយៈពេល​ជាង​២០ថ្ងៃមកហើយ ដែលនយោបាយ​អាមេរិក ត្រូវរាំងស្ទះ ដោយសារតែសភា​តំណាង គ្មានប្រធានដើម្បីដឹកនាំការប្រជុំពិភាក្សា និងបោះឆ្នោតលើច្បាប់ផ្សេងៗ។ បេក្ខភាពរបស់​លោក Mike Johnson បានទទួលការគាំទ្រ ពីលោក Matt Gaetz មនុស្ស​ស្និទ្ធនឹងលោក​ដូណាល់ ត្រាំ ដែល​ជាអ្នកបាន​​ចេញមុខ ប្រមូលសាមជិកសភាបក្សសាធារណរដ្ឋ ឲ្យ​​បោះឆ្នោតទម្លាក់លោក Kevin McCarthy ពីតំណែងកាលពីថ្ងៃទី​៣តុលា​។​

ទន្ទឹមគ្នានេះ ការឡើងមកធ្វើប្រធានសភា របស់​មនុស្ស​អភិរក្ស​ស្តាំនិយម ដូចរូបលោក​ Mike Johnson បានធ្វើ​ឲ្យ​មាន​ការព្រួយបារម្ភជាខ្លាំង ពីសំណាក់​បក្សប្រជាធិបតេយ្យ​ ដោយលើកឡើងថា សភាតំណាងកំពុងតែធ្លាក់ទៅក្នុងដៃរបស់ក្រុមលោកដូណាល់ ត្រាំ។ លោក Mike Johnson ត្រូវគេ​ដឹងថា បានចូលរួម​ចុះហត្ថលេខា ជាមួយសមាជិកសភាបក្សសាធារណរដ្ឋជាង​១០០នាក់ លើ​លិខិតមួយដើម្បីគាំទ្រពាក្យបណ្តឹង ដែលទាមទារ​ឲ្យចាត់ទុកជា​មោឃៈ នូវ​លទ្ធផល​បោះ​ឆ្នោតប្រធានាធិបតី​កាលពីចុង​​ឆ្នាំ​២០២០។

យ៉ាងណាក៏ដោយ សភាតំណាងអាមេរិកមាន​ប្រធាន ក៏មិនប្រាកដថាដំណើរការនយោបាយអាមេរិក នឹងដើរទៅដោយរលូន​ដែរ ព្រោះថា លោក​ប្រធានសភាថ្មីត្រូវធ្វើការដោយ​លំបាក នៅក្នុងការ​ផ្សះផ្សារការបាក់បែកគ្នា រវាងផ្ទៃក្នុងសមាជិកសភាបក្សសាធារណៈគ្នាឯង។ មតិពីសមាជិកសភាខ្លះអះអាងថា ថ្វីបើលោក​ Mike Johnson ស្និទ្ធខ្លាំងនឹងក្រុមលោក​ដូណាល់ ត្រាំមែន តែលោក​ម្នាក់នេះ មានទំនាក់ទំនងល្អ ជាមួយ​ក្រុមផ្សេងទៀតក្នុងបក្សសាធារណរដ្ឋ។

ឧបសគ្គដ៏ធំបំផុត​ដែលនឹងមកដល់ សម្រាប់​លោក Mike Johnson ក្នុងនាមជាប្រធានសភាតំណាង គឺការចរចាអនុម័តច្បាប់ថវិកាជាតិ ដើម្បី​បញ្ចៀសបញ្ហា « Shutdown » ។ លោកដូណាល់ ត្រាំ បានបញ្ជាប្រាប់ទៅសមាជិកសភាបក្សពួកខ្លួន ថាត្រូវតែដាក់សំពាធលើ​រដ្ឋាភិបាលលោកចូ បៃដិន ធ្វើ​ឲ្យរដ្ឋបាល​សហព័ន្ធរាំងស្ទះធ្វើការលែងកើត ដរាបណារដ្ឋបាលលោកចូ បៃដិនមិនព្រមកាត់បន្ថយ​ការចំណាយ ទៅតាមការទាមទារចង់បានរបស់ពួកគេទេនោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ