អានតួអត្ថបទ
ចិន-សហរដ្ឋអាមេរិក

លោកស៊ី ជីនពីង និង​លោកចូ បៃដិន ភ្ជា​ប់ទំនាក់ទំនងឡើងវិញ តែ​នៅតែ​ជំទាស់គ្នារឿងតៃវ៉ាន់

កាលពីថ្ងៃពុធ ទី​១៥វិច្ឆិកា លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង ​បានជួប​ប្រជុំជាមួយ​លោក ចូ បៃដិន នៅឯទី​ក្រុង​សាន់​ហ្វ្រាន់ស៊ីស្កូ។ តាមរយៈជំនួបនេះ​​ លោក​ប្រធានាធិបតីនៃមហាអំណាច​ទាំង២​ បាន​ព្រមព្រៀងគ្នា​ ភ្ជាប់ទំនាក់ទំនងឡើងវិញ បន្ទាប់ពី​ជួប​ភាពរកាំរកូសខ្លាំង ប្រមាណ​១ឆ្នាំមកនេះ​។ តែទន្ទឹមនឹងនេះ ភាគីទាំងពីរបានបង្ហាញជំហរ និង​ការយល់ឃើញខុសគ្នា លើច្រើនសំណុំរឿង ជាពិសេសក្នុង​រឿងកោះតៃវ៉ាន់។

President Joe Biden and China's President President Xi Jinping walk in the gardens at the Filoli Estate in Woodside, Calif., Wednesday, Nov, 15, 2023, on the sidelines of the Asia-Pacific Economic Coo
លោកចូ បៃដិន និង​លោកស៊ី ជីនពីង ដើរប្រកៀកស្មាសាសងគ្នា ក្នុងសួនច្បារ នៅឯវិមាន Filoli Estate តំបន់​ Woodside មិនឆ្ងាយប៉ុន្មានពីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ ។ កាលីហ្វ័រញ៉ា ថ្ងៃទី ១៥ វិច្ឆិកា ២០២៣ AP - Doug Mills
ផ្សាយពាណិជ្ជកម្ម

យោងតាមប្រភពផ្លូវការ​​ លទ្ធផល​នៃជំនួប​នៅសាន់ហ្វ្រាន់​ស៊ីស្កូ បាន​អនុញ្ញាតឲ្យ​មហាយក្សទាំង​២ បង្កើតបាន​នូវបណ្តាញ​ទំនាក់ទំនងជាន់ខ្ពស់​មួយ ​ផ្នែកកងទ័ព។ ប្រព័ន្ធទាក់ទងគ្នាជាប្រចាំរវាងកងទ័ពទាំង២ ដែលបាន​ព្យួរចោល​អស់រយៈពេលជាង​១ឆ្នាំមកហើយ ដោយសារតែវិវាទជាបន្តបន្តាប់​។

លោក​ ចូ បៃដិន បាន​ប្រាប់អ្នកកាសែតថា ជំនួប​រយៈពេល​៤ម៉ោងជាមួយ​លោកស៊ី ជីនពីង ព្រមទាំងមន្ត្រី​ជាន់​ខ្ពស់ចិន គឺ​បានធ្វើ​ឡើងក្នុងបរិយាកាសល្អ ប្រកប​ដោយ​ការស្ថាបនា។ លោក​បានអះអាងទៀតថា ចាប់ពីពេលនេះទៅ ក្នុងករណីមានវិបត្តិកើតឡើង គឺលោក​និងលោកស៊ី ជីនពីង អាចទូរស័ព្ទទាក់ទងគ្នា “ដោយ​ផ្ទាល់ និងភ្លាមៗ” តែម្តង​។​ ដើម្បី​បង្ហាញ​ពីភាពប្រសើរឡើង នៃទំនាក់ទំនង​រវាង​ប្រធានាធិបតីទាំង​២ លោកស៊ី ជីនពីង និង​លោក​ចូ បៃដិន បានដើរប្រកៀកស្មាក្នុងសួនច្បារ​ សាសងគ្នាយ៉ាងស្និទ្ធស្នាល ដើម្បី​​​ឲ្យ​អ្នកកាសែតថតរូប។

តែយ៉ាងណា ​បញ្ហាវិវាទប្រឈមមុខដាក់​គ្នា រវាង​មហាអំណាចទាំង២ គឺនៅតែដដែល បើទោះបី​មេដឹកនាំទាំង២ បានចាប់ផ្តើម និយាយគ្នាឡើងវិញ​។​ នៅ​ក្នុ​ងសន្និសីទកាសែត​ ក្រោយចប់ការប្រជុំ លោកប្រធានាធិបតី​ ចូ បៃដិន បាន​រក្សាសំដីលោកដដែល ដោយ​លោក​បានចាត់ទុកលោកស៊ី ជីនពីង ថាជាប្រធានាធិបតីផ្តាច់ការ​។

ក្នុងពេលប្រជុំ លោក​ប្រធានាធិបតីចិន បាន​សន្យា​ថារដ្ឋាភិបាល​លោក​ និ​ងចាត់វិធានការចាំបាច់មួយចំនួន ដើម្បីកាត់បន្ថយ​ការនាំចូល​សារធាតុ Fentanyl ពីចិនមកសហរដ្ឋអាមេរិក។ សារធាតុ​ Fentanyl គឺជាសារធាតុគីមី ធ្វើឲ្យ​អ្នកប្រើប្រាស់វាញៀន និង​បាន​បណ្តាលឲ្យ​មនុស្ស​ជាច្រើនម៉ឺននាក់ស្លាប់ ក្នុងមួយឆ្នាំៗ នៅ​សហរដ្ឋអាមេរិក។ ប្រធានាធិបតី​ទាំង​២ ក៏បានព្រមព្រៀងគ្នាដែរ ក្នុង​ការបង្កើតឲ្យមាន​​ក្រុមការងារជំនាញ​មួយក្រុម ទទួល​បន្ទុក​ជជែកពិគ្រោះយោបល់គ្នា អំពី​​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។

គួរកត់សំគាល់ដែរថា ការសុខចិត្ត​​បន្ទន់ឥរិយាបថ របស់​លោក​ប្រធានាធិបតីចិន មកជួប​លោកចូ បៃដិន នៅលើទឹកដីសហរដ្ឋអាមេរិក អាចបណ្តាលមកពីកត្តាលំបាកមួយចំនួន ដែលសេដ្ឋកិច្ច​ចិនកំពុងតែប្រឈម។ តែទន្ទឹមគ្នានេះ លោកស៊ី ជីនពីង បានព្យាយាមរក្សាជំហរ បង្ហាញថាលោក​មិន​ទន់ជ្រាយ​ ឬចាញ់​ប្រៀប​លោក​ចូ​ បៃដិន​ឡើយ ជាពិសេស​នៅក្នុងសំណុំរឿងកោះតៃវ៉ាន់ ដែលការបោះឆ្នោតប្រធានាធិបតី​ថ្មី ​កាន់តែខិតជិតមកដល់។

ក្នុងពេលជួបគ្នា លោក​ចូ បៃដិន​បាន​ប្រាប់ទៅលោកស៊ី ជីនពីង ថាចិនត្រូវតែគោរព​ដំណើរការប្រជាធិបតេយ្យ​នៅតៃវ៉ាន់ផង។​ តាមរយៈសំដីនេះ លោកចូ បៃដិន​បានព្យាយាម​ប្រាប់ទៅចិន ថាអាមេរិក​មិនគាំទ្រ​ការប្រកាសឯករាជ្យរបស់​តៃ​វ៉ាន់ទេ​ តែអាមេរិក​ក៏មិនគាំទ្រឲ្យចិន​ លើកទ័ពប្រើកម្លាំង​ក្តាប់យកតៃវ៉ាន់ដែរ​។ ផ្អែកតាមប្រភពមន្ត្រី​ទូតចិន គឺ​​លោកស៊ី ជីនពីង បានថ្លែងប្រាប់ទៅលោក​បៃដិន​​វិញថា អាមេរិកត្រូវតែឈប់​បំពាក់អាវុធឲ្យតៃវ៉ាន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ