អានតួអត្ថបទ
APEC-ហ្កាហ្សា

APECប្តេជ្ញា​សហការ​សេដ្ឋកិច្ចនិង​បរិស្ថាន តែបញ្ជាក់​គំនិត​​ខ្វែង​គ្នា​ខ្លាំង​រឿង​ហ្កាហ្សា

ជំនួប​កំពូល​ក្រុមប្រទេសនៅ​ជុំ​វិញ​មហា​សមុទ្ទ​ប៉ាស៊ីហ្វិក ហៅកាត់​ថា​APEC បាន​ចេញ​សេចក្តីថ្លែងការណ៍​​ប្តេជ្ញា​ពង្រឹង​​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ ប៉ុន្តែ​ដោយ​គ្មានការ​ភ្ញាក់​ផ្អើល​ ជំនួបAPEC​បាន​បញ្ជាក់​អំពី​គំនិត​ខ្វែង​គ្នា​យ៉ាង​ខ្លាំង​លើ​វិបត្តិ​ហ្កាហ្សា​និង​អ៊ុយក្រែន។

APECប្តេជ្ញា​សហការ​សេដ្ឋកិច្ចនិង​បរិស្ថាន តែបញ្ជាក់​គំនិត​​ខ្វែង​គ្នា​ខ្លាំង​រឿង​ហ្កាហ្សា
APECប្តេជ្ញា​សហការ​សេដ្ឋកិច្ចនិង​បរិស្ថាន តែបញ្ជាក់​គំនិត​​ខ្វែង​គ្នា​ខ្លាំង​រឿង​ហ្កាហ្សា AP - Evan Vucci
ផ្សាយពាណិជ្ជកម្ម

APECដែល​មាន​សមាជិក​២១​ប្រទេស​​នៅជុំ​វិញ​មហា​សមុទ្ទ​ប៉ាស៊ីហ្វិក បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​ប្តេជ្ញា​លើក​កម្ពស់​កំណើន​សេដ្ឋកិច្ច​ ឱ្យបាន​សមស្រប​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ស្ថានភាព​បរិស្ថាន​ ពោល​គឺ​ការ​ប្រែប្រួល​អាកាសធាតុ។ ប៉ុន្តែ​គ្មាន​ទេ​ឆន្ទៈ​រួម​ទាក់ទង​នឹង​សំណុំ​រឿង​ភូមិសាស្ត្រ​នយោបាយ​ដែល​កំពុង​ពុះ​កញ្ជ្រោល​យ៉ាង​​ក្តៅ​គគុក។ តាម​សំណើ​របស់​​ក្រុមប្រទេស​ជា​សមាជិកខ្លះ​ដែល​យល់​ថា​APEC គ្មានប្រវត្តិ​​សមត្ថកិច្ច​ពិភាក្សា​លើ​ប្រធានបទ​ភូមិសាស្ត្រ​នយោបាយ ជំនួប​កំពូល​​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ដាច់​ដោយ​ឡែក​មួយ​ផ្សេង​ទៀត។

ក្នុងវិបត្តិ​អ៊ុយក្រែន សមាជិក​មួយភាគធំ​​បាន​ថ្កោល​ទោស​យ៉ាង​ដាច់​ណាត់​អំពើ​ឈ្លានពានលើ​អ៊ុយក្រែនពី​សំណាក់​​​រុស្ស៊ី​ដែល​បាន​បញ្ជូន​ឧបនាយករដ្ឋមន្ត្រី​ អាឡិចសី អូវឺជុក Alexeï Overchukមក​ចូល​រួម​។ នេះ​ជា​តំណាង​ជាន់​ខ្ពស់​បំផុតរបស់​រុស្ស៊ី​​មក​កាន់​ទឹក​ដី​អាមេរិក​ជា​លើក​ទី​មួយ​គិត​តាំង​ពី​ផ្ទុះ​សង្គ្រាមនៅ​​អ៊ុយក្រែន​មក។

​ស្តីអំពី​សង្គ្រាម​នៅ​ហ្កាហ្សាវិញ​ សេចក្តី​ថ្លែងការណ៍​ដាច់ដោយ​ឡែក​នេះ បាន​បញ្ជាក់​ថា​ ​រដ្ឋ​ជា​សមាជិក​ ​ដែលជា​មហាអំណាច​ប្រកួត​ប្រជែង​គ្នាដូច​យ៉ាង​សហរដ្ឋ​អាមេរិកនិង​ចិន​ ឬ​រុស្ស៊ី និង​សមាជិក​ជា​ប្រទេស​​មាន​ពលរដ្ឋ​ភាគ​ច្រើន​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម​ ដូច​យ៉ាង​ឥណ្ឌូណេស៊ី​និង​ម៉ាឡេស៊ី បាន​ផ្តោះ​ប្តូរ​ទស្សនៈ​គ្នា​ទៅ​វិញ​ទៅ​មក​។ ប្រមុខ​ដឹកនាំ​ខ្លះ​បានថែម​ទាំង​ពាំ​នាំ​សារ​របស់​អង្គការ​សហប្រតិបត្តិការ​អ៊ីស្លាម​ដែល​ថ្កោល​ទោស​សកម្មភាពដ៏​ឃោរឃៅ​របស់​យោធា​អ៊ីស្រាអែល​​។ យោធា​អ៊ីស្រាអែលកំពុង​​បន្ត​វាយប្រហារ​លើ​តំបន់​ហ្កាហ្សា​ គ្មាន​បន្ធូរ​ដៃ​ឬ​ផ្អាក​បាញ់​មនុស្សធម៌ពិត​ប្រាកដ​ទេ។ បើ​តាម​ក្រសួង​សុខាភិបាល​ហ្កាហ្សា នៅ​ថ្ងៃសៅរ៍​នេះ ទាហាន​អ៊ីស្រាអែល​បានវាយប្រហារ​លើ​អាគារ​លំនៅឋាន​និង​សាលា​រៀន​របស់​អង្គការ​សហប្រជាជាតិ បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​យ៉ាង​ហោច​៥០​នាក់ និង​​​កំពុងសម្រុក​បាញ់​លើ​​មន្ទីរពេទ្យ​al-Chifaដ៏​ធំបំផុត​នៅហ្កាហ្សា​ដោយ​ប្រកាស​ទុក​ពេល​ឱ្យ​​តែ​មួយ​ម៉ោងដើម្បី​ជម្លៀស​ខ្លួន​ចេញ។

ប៉ុន្តែ​ជា​ថ្មី​ម្តង​ទៀត ពី​វេទិកា​APEC ប្រធានាធិបតីអាមេរិក​លោក​ ចូ បៃដិន បាន​បញ្ជាក់​អំពី​ជំហរ​គាំទ្រ​អ៊ីស្រាអែល​យ៉ាង​មុះមុតដដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ