អានតួអត្ថបទ
ម៉ិកស៊ិក-អន្តោប្រវេសន៍

ប្រមុខការទូត​អាមេរិក​ទៅម៉ិកស៊ិក​ដើម្បី​សាកល្ប​ង​ដោះស្រាយ​វិបត្តិ​អន្តោប្រវេសន៍

លោក​អង់តូនី ប្លីងកិន រដ្ឋមន្ត្រីការបរទេស​អាមេរិក ត្រូវ​អញ្ជើញ​ទៅប្រទេស​ម៉ិកស៊ិក​ នា​ថ្ងៃ​ពុធ​ទី​២៧​ធ្នូ​២០២៣​នេះ ដើម្បី​​សាកល្បង​ស្វែង​រក​ដំណោះស្រាយ​ឱ្យ​វិបត្តិ​អន្តោប្រវេសន៍​ដ៏​ស្មុគស្មាញ។ ​រលក​អន្តោប្រវេសន៍​​កំពុងបោក​បក់​ជា​ថ្មី​​នៅ​តាម​​ព្រំ​ដែន និង​​កំពុង​ក្លាយ​ជា​ប្រធានបទ​នយោបាយ​ដ៏​ក្តៅ​គគុក​នៅ​សហរដ្ឋ​អាមេរិក​។

អន្តោប្រវេសន៍​ ឆ្លង​​ព្រំដែន​ Lukevilleរដ្ឋ​ Arizonaថ្ងៃទី ១៤​ធ្នូ​២០២៣
អន្តោប្រវេសន៍​ ឆ្លង​​ព្រំដែន​ Lukevilleរដ្ឋ​ Arizonaថ្ងៃទី ១៤​ធ្នូ​២០២៣ REUTERS - GO NAKAMURA
ផ្សាយពាណិជ្ជកម្ម

លោក​ប្រមុខ​ការទូត​អាមេរិក​ត្រូវ​ធ្វើ​ដំណើរទៅបំពេញ​ទស្សនកិច្ច​ដ៏​កម្រ​មួយ​នៅ​​ប្រទេស​ម៉ិកស៊ិក​ ព្រោះសម្ពាធ​​នយោបាយ​ផ្ទៃក្នុងបង្ខំ។ ​រដ្ឋាភិបាល​លោក​បៃដិនចង់​បាន​កិច្ច​​ព្រមព្រៀង​ជាមួយសភា​អ្នក​តំណាង​បក្ស​សាធារណរដ្ឋ ក្នុង​​​វិបត្តិ​​អន្តោប្រវេសន៍ជា​ថ្នូរ​នឹង​ការ​យល់​​ព្រមអនុម័ត​កញ្ចប់​​ជំនួយ​ថវិកា៦១​ពាន់​លាន​​ថ្មី​ទៀត​សម្រាប់​​អ៊ុយក្រែន។

ដូច្នេះ​លោក​អង់តូនី​ប្លីងកិន​ត្រូវ​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​ម៉ិកស៊ិក​លោក​ អង់ដ្រេ ម៉ាណុយអែល​ឡូប៉េ អូប្រាដរ នៅ​ក្រុង​ម៉ិកស៊ិកូ ព្រមទាំង​រដ្ឋលេខាធិកា​រ​​ក្រសួង​មហាផ្ទៃទទួល​បន្ទុក​ព្រំដែន​ និង​ទី​ប្រឹក្សា​​សន្តិសុខ​ជាតិ។ អាមេរិក​ចង់​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​ម៉ិកស៊ិក​អំពី​ភាព​បន្ទាន់​ចាំបាច់​ក្នុង​បង្កើត​ផ្លូវ​អន្តោប្រវេសន៍​ស្រប​ច្បាប់ និង​ការ​ពង្រឹង​សកម្មភាព​រួមនគ្នា​នៅ​តាម​ព្រំដែន។ បើ​តាម​អ្នក​ជំនាញ​ វ៉ាស៊ីនតោន​ទំនង​ជា​ត្រូវសុំ​ពឹង​ពាក់​ឱ្យ​ម៉ិកស៊ិក​បន្ត​រក្សាជន​​អន្តោប្រវេសន៍​នៅលើ​ទឹក​ដី​ខ្លួន​សិន​ តាម​រយៈ​ការ​ផ្តល់​សិទ្ធិឱ្យ​ធ្វើការជា​ដើម។ នៅក្នុង​ការ​ចរចា​ រដ្ឋាភិបាល​អាមេរិកគ្រោង​ផ្តល់​ហិរញ្ញវត្ថុ​សម្រាប់​បង្កើន​ចំនួន​ប៉ូលិស​ព្រំដែន​​ចំនួន​១៣០០នាក់។

រដ្ឋបាល​លោក​បៃដិន​ ចង់​បង្ហាញ​​ឱ្យ​ឃើញ​ថា​ដោយ​ហេតុ​តែ​នយោបាយ​ផ្ទៃក្នុង រដ្ឋាភិបាល​អាមេរិក​បាន​ប្រើ​គ្រប់​លទ្ធភាព​ដែល​មាន​ក្នុង​សំណុំ​រឿង​អន្តោប្រវេសន៍​នេះ។  គ្រប់គ្នា​សុទ្ធ​តែ​ចង់​បាន​ដំណោះស្រាយ​ភ្លាម​ ប៉ុន្តែ​អន្តោប្រវេសន៍​ជា​វិបត្តិ​ពិភពលោក រ៉ាំរ៉ៃ​កើត​មាន​តាំងពី​យូរយារ​។ 

តាំងពី​ប៉ុន្មាន​សប្តាហ៍​មក​នេះ ចំនួនជន​អន្តោប្រវេសន៍​ប៉ុន​ប៉ង​ឆ្លង​ព្រំ​ដែនទៅ​អាមេរិក​​ដោយ​ខុស​ច្បាប់​បាន​កើន​ឡើង​ក្នុង​ចំនួន​ប្រមាណ​១ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ​ ពោល​គឺ​ច្រើនជិត​​ទ្វេ​ដង​បើ​ប្រៀប​ទៅ​នឹង​ពេល​មុន​កូវីដ។ រលក​អន្តោប្រវេសន៍​សម្រុក​ឆ្លង​ព្រំដែន​ច្រើន​ពេក​រហូត​ដល់​អាជ្ញាធរ​អាមេរិក​សម្រេចបិទប៉ុស្តិ៍​​ព្រំដែន ដើម្បី​ងាក​មើល​ខុស​ត្រូវ​ក្រុម​អន្តោប្រវេសន៍​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់​វិញ។  

ជន​អន្តោប្រវេសន៍​រាប់​ពាន់​នាក់ បាន​ដឹក​កូន​ជញ្ជូន​​ចៅ​ធ្វើ​ដំណើរ​ទាំង​ហ្វូងៗ ចាក​ចេញ​​ពី​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ម៉ិកស៊ិក​ ជាមួយ​ឆន្ទៈ​ដាច់​ខាត​ថា ជីវិតពួកគេ​​នឹងល្អ​​ប្រសើរ​នៅ​លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក។ ពួកគេ​ភាគ​ច្រើន​​បាន​រត់​គេច​ពី​ប្រទេស​កំណើត​នៅ​តំបន់​អាមេរិក​កណ្តាល ដែល​ញាំញី​ដោយ​ភាព​ក្រីក្រ អំពើ​ហិង្សា និង​គ្រោះ​មហន្តរាយ​ធម្មជាតិ។ បើ​តាម​អង្គការ​សហប្រជាជាតិ ចំនួនជន​​អន្តោប្រវេសន៍​មក​ពី​ហៃទី ដែល​មាន​​ហិង្សា​បង​ធំ​បង​តូច​ និង​មក​ពី​វេណេស៊ុយអេឡាដែល​លង់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច បាន​ឡើង​ដល់​ជាង​៧លាន​នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ