អានតួអត្ថបទ
សហរដ្ឋ​អាមេរិក

បោះឆ្នោត​ប្រធានាធិបតី​អាមេរិក ៖ ​ ដូណាល់​ត្រាំ​មិន​អាច​ឈរ​ឈ្មោះជា​បេក្ខជន​ប្រធានាធិបតី​ នៅរដ្ឋ​Maine

លោកស្រី​Shenna Bellows ​ទទួល​បន្ទុក​រៀប​ចំការ​បោះឆ្នោតនៅ​​​រដ្ឋ​Maineសហរដ្ឋ​អាមេរិក បាន​ប្រកាស​នៅល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ទី ២៨ធ្នូ​ថា លោក ដូណាល់​ត្រាំ គ្មាន​សិទ្ធិ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​នៅក្នុង​រដ្ឋ​Maineទេ ព្រោះ​លោក​មាន​ពាក់​ព័ន្ធ​នឹង​ហេតុការណ៍​សម្រុក​ចូល​វិមាន​កាពីតូល​កាលពី​ថ្ងៃទី ៦​មករា​២០២១។ នេះរដ្ឋ​ទីពីរ​ហើយ​ដែល​សម្រេច​មិន​ឱ្យ​លោក​ដូណាល់ត្រាំ​ឈរ​ឈ្មោះបោះឆ្នោត។ ដូច្នេះ​ឈ្មោះ​លោក​អតីត​ប្រធានាធិបតី​ដែល​កំពុងចុះ​​ឃោសនា​ដើម្បី​ចូល​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ​២០២៤ គ្មាន​​នៅ​ក្នុង​បញ្ជី​បោះឆ្នោត​​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋនា​ថ្ងៃ​ទី​១៥​មីនា​២០២៤​ទេ។

រដ្ឋ​Maine ប្រកាសថា​លោក ដូណាល់​ត្រាំ​ មិន​សម​​ឈរ​ឈ្មោះជា​បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​
រដ្ឋ​Maine ប្រកាសថា​លោក ដូណាល់​ត្រាំ​ មិន​សម​​ឈរ​ឈ្មោះជា​បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​ via REUTERS - POOL
ផ្សាយពាណិជ្ជកម្ម

លោកដូណាល់​ត្រាំ មិន​អាចឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​ នៅក្នុង​រដ្ឋ​Maineបាន​ទេ ព្រោះ​លោក​មាន​ពាក់​ព័ន្ធ​នឹង​ហេតុការណ៍​នៅ​វិមានកាពីតូលកាលពី​ថ្ងៃទី​៦​មករា​២០២១។ ការ​សម្រុក​​ចូលវិមាន​រដ្ឋសភា​ កាពីតូល​​ ពី​សំណាក់​បាតុករ ត្រូវ​បាន​ធ្វើ​ឡើងដោយ​មាន​បញ្ជា​និង​ការ​គាំទ្រ​ពី​លោកអតីត​ប្រធានាធិបតី​ផុត​អាណត្តិ។ ​​នៅក្នុង​សេចក្តីថ្លែងការណ៍​លោកស្រី​Shenna Bellows​​ទទួល​បន្ទុក​រៀប​ចំការ​បោះឆ្នោត​ រដ្ឋ​Maine បានពន្យល់​​ទៀតថា លោក ដូណាល់ ត្រាំ មិន​សម​នឹង​ទទួល​តួនាទី​ជា​ប្រធានាធិបតី​ទេ បើ​យោង​តាម​មាត្រ១៤​នៃ​រដ្ឋធម្មនុញ្ញ​សហរដ្ឋ​អាមេរិក ដែល​មិន​អនុញ្ញាតឱ្យ​បុគ្គលសាធារណៈធ្លាប់​បង្ក​សកម្មភាព​បះបោរ​ មាន​ទំនួល​ខុស​ត្រូវ​ដឹកនាំ​ប្រទេស​។

Maine​គឺ​រដ្ឋ​ទីពីរ​របស់​សហរដ្ឋ​អាមេរិក​ហើយ​ដែល​ប្រកាស​ថា​​លោក​ដូណាល់ត្រាំ គ្មាន​សិទ្ធិ​​​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី។ ក្រោមហេតុផល​តែ​មួយ​ដូចគ្នា កាលពី​ថ្ងៃទី​១៩​ធ្នូ តុលាការ​កំពូល​​រដ្ឋ​កូឡូរ៉ាដូ​ បានចេញ​ដីការ​​បញ្ជាឱ្យ​ដក​ឈ្មោះ​លោក​ដូណាល់​ត្រាំ អតីត​ប្រធានាធិបតី​​ចេញ​ពី​សន្លឹក​ឆ្នោត។

ប៉ុន្តែ​សេចក្តី​សម្រេច​ចិត្តរបស់​​រដ្ឋ​Maine ​អាច​នឹង​ត្រូវ​ព្យួរ​វិញ ​បើ​មាន​ការ​តវ៉ា​ទៅ​តុលាការ។ ហើយ​​ដោយ​គ្មាន​បង្អង់ លោកមហាសេដ្ឋី​ត្រាំ បាន​ប្រកាស​ឆន្ទៈ​ដាក់​បណ្តឹង​ទៅ​តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​តែ​ម្តង​ប្រឆាំង​នឹង​​​សេចក្តី​សម្រេចរបស់​រដ្ឋ​Maine និង​ដោយ​ចាត់​ទុក​ជា​សេចក្តី​សម្រេច​បែប​ឆ្វេង​និយម​ជ្រុល​ និង​បែប​គាំទ្រ​លោក​ចូបៃដិន​ងប់ងល់។ ទាំងអ្នក​សាធារណរដ្ឋ​ក៏​ដូច​ជា​អ្នក​ប្រជាធិបតេយ្យ​មួយ​ចំនួន​ សុទ្ធ​តែនាំ​គ្នា​រិះគន់​សេចក្តី​សម្រេចរបស់​រដ្ឋ​Maine ថា​ធ្វើ​ឡើង​មុន​ការ​ជំនុំ​ជម្រះរបស់​តុលាការ។

ប្រសិន​បើ​លោក​ដូណាល់​ត្រាំ ​​ពិត​ជា​មិនអាច​​​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​នៅ​រដ្ឋ​Maineបាន​មែន ផលវិបាក​អាច​ធ្ងន់ធ្ងរ​ខ្លាំងសម្រាប់​លោក​ត្រាំ ក្នុងករណី​មាន​លទ្ធផលឆ្នោត​ប្រធានាធិបតី​២០២៤​ប្រកៀកប្រកិត​គ្នា ព្រោះគឺ​នៅ​រដ្ឋ​Maineនេះ​ហើយ​ដែល​​កាលពី​ឆ្នាំ​២០២០​លោក​ដូណាល់ត្រាំ​ធ្លាប់​មាន​ជោគជ័យ​ទទួល​បាន​អង្គបោះឆ្នោតមួយ​ សម្រាប់​ជា​តំណាង​ទៅ​​បោះឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​និង​អនុប្រធានាធិបតីនោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ