អានតួអត្ថបទ
សហរដ្ឋអាមេរិក-ចារកិច្ច

FBI ចាប់ខ្លួន​ទាហាន​ដែល​លួច​យក​ព័ត៌មានសម្ងាត់​របស់​កងទ័ព​អាមេរិក ទៅ​លក់​ឲ្យចិន

ប៉ូលិស​សហព័ន្ធ FBI បាន​ចាប់ខ្លួន​ទាហាន​អាមេរិក​ម្នាក់ ក្នុងបទចោទប្រកាន់​លួចយកព័ត៌មានសម្ងាត់ការពារជាតិអាមេរិក យកទៅលក់​ឲ្យ​ចិន។ តាម​ការប្រកាស​របស់​ក្រសួងយុត្តិធម៌អាមេរិក នាយទាហានម្នាក់ ដែលបម្រើការជា​អ្នកវិភាគ​ព័ត៌មានសម្ងាត់របស់កងទ័ពអាមេរិក ត្រូវគេចូលចាប់ខ្លួន នៅ​នឹង​កន្លែងធ្វើការ ក្នុង​មូលដ្ឋានទ័ព​អាមេរិក Fort Campbell ក្នុង​រដ្ឋ​Kentucky កាលពីថ្ងៃ​ព្រហស្បតិ៍ទី ៧ មីនា។

នាយទាហានម្នាក់ ដែលបម្រើការជា​អ្នកវិភាគ​ព័ត៌មានសម្ងាត់របស់កងទ័ពអាមេរិក ត្រូវគេចូលចាប់ខ្លួន នៅ​នឹង​កន្លែងធ្វើការ ក្នុង​មូលដ្ឋានទ័ព​អាមេរិក Fort Campbell ក្នុង​រដ្ឋ​Kentucky កាលពីថ្ងៃ​ព្រហស្បតិ៍ទី ៧ មីនា។
នាយទាហានម្នាក់ ដែលបម្រើការជា​អ្នកវិភាគ​ព័ត៌មានសម្ងាត់របស់កងទ័ពអាមេរិក ត្រូវគេចូលចាប់ខ្លួន នៅ​នឹង​កន្លែងធ្វើការ ក្នុង​មូលដ្ឋានទ័ព​អាមេរិក Fort Campbell ក្នុង​រដ្ឋ​Kentucky កាលពីថ្ងៃ​ព្រហស្បតិ៍ទី ៧ មីនា។ AP - Mark Humphrey
ផ្សាយពាណិជ្ជកម្ម

រដ្ឋអាជ្ញា​ក្នុងរដ្ឋTennesse បាន​ប្រកាស​នៅថ្ងៃព្រហស្បតិ៍ ទី ៧មីនា ពី​ការចាប់ខ្លួន​នាយទាហានអាមេរិក​ម្នាក់​ក្នុងបទចោទប្រកាន់​ធ្វើ​ចារកម្ម​ឲ្យប្រទេស​ចិន។ តាម​រដ្ឋអាជ្ញា នាយទាហានអាមេរិក​ឈ្មោះ Korbein Schultz ដែលបម្រើការ​ជាអ្នកវិភាគ​ព័ត៌មានសម្ងាត់​នៅមូលដ្ឋានទ័ពអាមេរិក​Fort Campbell ក្នុងរដ្ឋ​Kentucky បាន​លួចយក​ព័ត៌មាន​សម្ងាត់​របស់​កងទ័ព​អាមេរិកដើម្បី​លក់​ទៅ​បុគ្គលម្នាក់ ដែល​ឈរជើង​នៅទីក្រុង​ហុងកុង។

រដ្ឋអាជ្ញាអាមេរិក​មិន​បាន​បញ្ចេញ​ឈ្មោះ បុគ្គល ឬក្រុមហ៊ុនចិន​ដែលទិញព័ត៌មាន​សម្ងាត់​ពីទាហាន​អាមេរិក ប៉ុន្តែ គ្រាន់តែ​បាន​បញ្ជាក់​ថា ព័ត៌មាន​សម្ងាត់​របស់​កងទ័ពអាមេរិក​ដែលបុគ្គលនៅហុងកុង ចាប់អារម្មណ៍​ខ្លាំង ចង់បាន​ខ្លាំង​ពី​ទាហាន​អាមេរិក គឺ ព័ត៌មាន​ស្តីពីផែនការ​របស់កងទ័ព​អាមេរិក នៅក្នុង​ករណី​មានការវាយប្រហារ​លើ​កោះតៃវ៉ាន់។

ក្រៅពីនោះ នៅមាន​ឯកសារ​ផ្សេងទៀត ដែល​និយាយ​ពីប្រព័ន្ធ​ជើងទ្រ​បាញ់គ្រាប់រ៉ូក្កែត Himars ព័ត៌មាន​ទាក់ទង​គ្រឿងសព្វាវុធ​អ៊ីពែរសូនិក ការសិក្សា​ស្តីពីការអភិវឌ្ឍកងទ័ពអាមេរិកនាថ្ងៃអនាគត ​ការស្រាវជ្រាវ​របស់​អាមេរិក​ទៅលើ​កងទ័ពចិន និងចុងក្រោយ គឺ​ការរបាយការណ៍​បូកសរុបស្តីពីសមយុទ្ធ និង​បេសកកម្ម​របស់​កងទ័ព​អាមេរិក។

ជាថ្នូរ​នឹង​ការលួចផ្ញើ​ឯកសារ ព័ត៌មាន​សម្ងាត់​របស់​កងទ័ពអាមេរិកទៅ​ឲ្យ​បុគ្គល នៅ​ហុងកុង គិត​ចាប់តាំង​ពី​ខែ​ឧសភា​ឆ្នាំ ២០២២ រហូត​ដល់​ថ្ងៃចាប់ខ្លួន ទាហាន​អាមេរិក Korbein Schultz បាន​ទទួល​លុយ​ប្រមាណ ៤២០០០​ដុល្លារ។

សម្រាប់​អ្នកទទួល​ខុសត្រូវ​របស់​ប៉ូលិស​សហព័ន្ធ​FBI នាយទាហាន​អាមេរិក ដោយលួចផ្តល់​ព័ត៌មានសម្ងាត់របស់កងទ័ព ទៅលក់​ឲ្យជនបរទេស នាយទាហាន​អាមេរិក Korbein Schultz ​បាន​ក្បត់​ពាក្យសម្បថ នៅពេល​ចូល​បម្រើ​កងទ័ព ដែលថា នឹង​ការពារជាតិអាមេរិក។ ជាជាង​ការពារ​ព័ត៌មាន​ដែលទាក់ទង​នឹង​ការណ៍សម្ងាត់កងទ័ពអាមេរិក Korbein Schultz ផ្ទុយទៅវិញ បាន​សមគំនិត​ជាមួយ​ជនបរទេស ដើម្បី​លក់​ព័ត៌មានសម្ងាត់ ដែលអាច​ធ្វើ​ឲ្យ​សន្តិសុខជាតិអាមេរិក​ប្រឈម​នឹងគ្រោះថ្នាក់។ នេះជា​ប្រសាសន៍​របស់​លោកស្រី Larissa Knapp ទទួល​បន្ទុកផ្នែកសន្តិសុខជាតិ​របស់​ប៉ូលិស​FBI។

ទៅតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងយុត្តិធម៌អាមេរិក Korbein Schultzរងការចោទប្រកាន់​ក្នុងបទ​សមគំនិត​ដើម្បីទទួលបាន​ព័ត៌មាន​សម្ងាត់របស់កងទ័ព ការលួច​បញ្ចេញ​ទិន្នន័យដោយគ្មានការអនុញ្ញាត និងការសូកប៉ាន់​មន្រ្តីរដ្ឋការអាមេរិក។

នៅទីក្រុង​ប៉េកាំង ឆ្លើយតប​នឹង​សំណួរ​របស់អ្នកកាសែត ទាក់ទង​នឹង​ការចាប់ខ្លួន​យោធាអាមេរិក​ដែលត្រូវចាប់ខ្លួន ដោយសារ​លួចយកការណ៍សម្ងាត់​ឲ្យចិន អ្នកនាំពាក្យ​របស់ក្រសួងការបរទេស​ចិន លោកស្រី Mao Ning បាន​បដិសេធ​ថា ចិន​គ្មានជាប់ពាក់ព័ន្ធ​នឹង​រឿង​នោះទេ និង​ថា ចិន​នៅតែ​ប្រកាន់ខ្ជាប់ ការគោរព និងការពារ​កម្មសិទ្ធិបញ្ញា។ ផ្ទុយទៅវិញ អ្នកនាំពាក្យចិនខាងលើ​បាន​ទាមទារ​ឲ្យ​អាមេរិក​ឈប់​ប្រើ​លេស ការពារ​សន្តិសុខជាតិ ដើម្បី​យាយី ចោទប្រកាន់​ដោយ​គ្មានមូលដ្ឋាន ក្រុមហ៊ុន និងពលរដ្ឋចិន។

Korbein Schultz​ជាទាហាន​អាមេរិក​ម្នាក់​ទៀត ដែល​ប៉ូលិស​FBI ចាប់ខ្លួន ក្នុងបទ​លួចយកការណ៍សម្ងាត់ទៅលក់​សម្រាប់ប្រយោជន៍ចិន។ នៅ​ខែ​មករា​កន្លងទៅ តុលាការ​អាមេរិក​ទើបបាន​ផ្តន្ទាទោស​ទាហានអាមេរិក​ដើមកំណើត​ចិន ម្នាក់ ឲ្យជាប់ពន្ធនាគារជាង​២ឆ្នាំ បន្ទាប់ពី​នាយទាហាន​រូបនេះសារភាពថា គេ​បាន​ទទួល​សំណូក និង​សមគំនិតជាមួយ​ភ្នាក់ងារ​ចារកិច្ច​បរទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ