អានតួអត្ថបទ
ចិន-គ្រោះធម្មជាតិ

ចិន​ ៖ បន្ទាប់​ពីកូវីដ វូហាន​រង​ការ​គំរាម​កំហែង​ទឹក​ជំនន់ដ៏​ធ្ងន់ធ្ងរ​មិន​ធ្លាប់​មាន

មាន​ស្លាប់​និ​ងបាត់​ខ្លួន​យ៉ាងហោច​១៤០​នាក់ នៅ​ក្នុង​គ្រោះ​ទឹក​ជំនន់​នៅ​ភាគ​កណ្តាល​និង​ខាង​កើត​ប្រទេស​ចិន​។ ក្រុង​វូហាន​ដែល​ជា​ប្រភព​ផ្ទុះ​ជំងឺ​​កូវីដ​១៩​ដ៏​ធ្ងន់ធ្ងរ​ ទើប​ងើប​ចេញជា​​ ពី​វិបត្តិ​សុខភាព ​ត្រូវ​ប្រឈម​នឹង​​កា​រគំរាមកំហែង​ទឹក​ជំនន់ទឹក​ទន្លេ​ យ៉ងសេ មួយ​ជាន់​ទៀត។

ផ្លូវ​នៅ​ក្រុង​វូហាន​លិច​លង់​ដោយ​ទឹក​ជំនន់​ទន្លេ​ Yangtsé
ផ្លូវ​នៅ​ក្រុង​វូហាន​លិច​លង់​ដោយ​ទឹក​ជំនន់​ទន្លេ​ Yangtsé STR / AFP
ផ្សាយពាណិជ្ជកម្ម

ភ្លៀងរដូវ​​វស្សា​ តាំង​ពី​ខែ​មិថុនា  បាន​ជន់​លិច​តំបន់​ប៉ែក​ខាង​ត្បូង​ប្រទេស​អស់​ជិត​ពាក់​កណ្តាល និង​បង្ក​ឱ្យ​មាន​អ្នក​ស្លាប់​និង​បាត់ខ្លួន​យ៉ាង​ហោច​១៤១​នាក់​ ផ្ទះ​ជាង​២៨០០០​ខ្នង​ត្រូវ​បំផ្លាញ ប្រជាពលរដ្ឋ​ជិត​៣៨​លាន​នាក់​រង​គ្រោះ។ ហើយ​នៅ​សប្តាហ៍​មុន​នេះ ភ្លៀងស្រាប់​តែ​​ធ្លាក់​កាន់​តែ​ខ្លាំង ​គួរ​ឱ្យ​ព្រួយ​បារម្ភ​មែន​ទែន​។ គ្រប់​ប្រភព​ស្តុក​ទឹក​ទាំង​៣៣ ទន្លេ​ស្ទឹង​ទាំង​៤៣៣​ក្នុង​តំបន់ សុទ្ធ​​ឡើង​ពោរ​ដល់​កម្ពស់​​អាសន្ន​ទាំងអស់។ នេះ​បើ​សេចក្តី​ប្រកាស​របស់ក្រសួង​ធនធានទឹក​នៅ​ថ្ងៃចន្ទទី ១៣កក្កដា២០២០។ ប្រភព​ទឹក​សាប​ដ៏ធំ​របស់​ចិន​ក៏​ពេញ​ហៀ ហូរ​ចាក់​ទម្លាក់​បន្ថែម​ទៅ​ក្នុង​ទន្លេ​យ៉ង់សេ ឱ្យ​កាន់​ជន់​ជោរខ្លាំង​ថែម​ទៀត​។

ប្រព័ន្ធ​ឃោសនា​ព័ត៌មាន​រដ្ឋ​ បាន​បង្ហាញ​រូប​ភាព​ទឹក​ជន់​ឡើង​​ពន្លិច​ភូមិ​ និង​ក្រុង​ជា​ច្រើន ខ្លះ​លិច​ដល់​ដំបូល​ផ្ទះ ខ្លះ​ហូរ​បាត់​ទៅ​តាម​កម្លាំង​ទឹក​ កម្លាំង​ដី​បាក់ ឯ​ប្រជាពលរដ្ឋ​ប្រឹង​រក​វិធី​លើក​ទំនប់​ទប់​។ ខេត្ត​ដែល​រងគ្រោះខ្លាំង​ជាង​គេ គឺ​ខេត្ត​ ជៀនស៊ី ហ៊ូពេ ហូណាន ជៀនស៊ូ ព្រមទាំង​ក្រុង​ចុងឈីង។ ប្រឈម​នឹង​គ្រោះទឹក​ជំនន់​ដ៏​​ធំ ប្រធានាធិបតី​ស៊ីជីនពីង បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ និង​​ទាហាន​ប្រមូល​ផ្តុំ​កម្លាំង​ជួយ​សង្គ្រោះ​និង​ផ្តល់​ជំរក​ដល់​ប្រជាជន​រងគ្រោះ។ ចិន​រង​ការ​គំរាមកំហែង​ទឹក​ជំនន់​​​ដំណាក់កាល​ធ្ងន់ធ្ងរ​ខ្លាំង​ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល។​

ជា​ទន្លេ​ដ៏​វែង​ជាងគេ​របស់​ចិន​ (​៦ពាន់​គីឡូម៉ែត្រ​) និង​វែង​ជាង​គេ​ទី​បីនៅលើ​ពិភពលោក​ បន្ទាប់​ពី​ទន្លេ​នីល​ និង​អាម៉ាហ្សូន យ៉ងសេ ដែល​មាន​ប្រជាពលរដ្ឋ​ចិន​១/៣​រស់​រំពឹង​​រាល់​ថ្ងៃ តែង​តែ​ឡើង​ជន់​ជោរ​ខ្លាំង តាមច្បាប់​​​ធម្មជាតិនៅ​​រដូវ​វស្សាដោយ​សារ​ភ្លៀង​ធ្លាក់​ច្រើន និង​ការ​រលាយ​ទឹក​កក​នៅ​ភ្នំ​ហិមាល័យ។​​ ប៉ុន្តែ​ថ្ងៃនេះ​​​ កម្ពស់​ទឹក​ទន្លេ​យង់សេ ​ បាន​ឡើង​ដល់​កំរិត​ខ្ពស់ បំផុត​ជា​លើក​ទី​បី ក្នុង​ប្រវត្តិ​ទឹក​ជំនន់​នៅ​វូហាន។  និន្នាការ​ទឹក​ជំនន់កំណាច​​ខុស​ប្រក្រតី បាន​កើត​ឡើង​កាន់តែ​ញយ ​ នា​​ប៉ុន្មានទសវត្សរ៍​ចុងក្រោយ​នេះ មួយ​ភាគ​គឺ​ដោយហេតុ​តែ​ការ​សាង​សង់​ទំនប់​វារីអគ្គីសនី​បាន​មក​រំខាន​មិន​ឱ្យ​បឹង​និង​វាល​ទំនាប​អាច​ស្រូប​ទឹក​បាន​ពេញ​លេញ​និង​ត្រឹម​ត្រូវ។ ការ​ប្រែប្រួល​អាកាសធាតុ​​ ​ភព​ផែន​ដី​ឡើង​កម្តៅ​ ទឹកកក​លើ​ភ្នំ​ហិមាល័យ​រលាយ​លឿន​ អាច​ជា​កត្តា​មួយ​ទៀត​ជំរុញ​ឱ្យ​ចិន​​អាច​ជួប​គ្រោះ​ទឹក​ជំនន់​កាន់​តែ​កំណាច​នៅ​ថ្ងៃ​អនាគត។ នេះ​បើ​តាម​ការ​បន្ថែម​របស់​ក្រុម​អ្នក​បរិស្ថាន។

ចិន​ធ្លាប់​រងគ្រោះ​ទឹក​ជំនន់​មរណៈ​បំផុត​កាលពី​ឆ្នាំ​១៩៩៨ ដោយ​មាន​ស្លាប់​មនុស្ស​អស់​ជាង​៤ពាន់​​នាក់ ភាគ​ច្រើន​រស់​នៅ​តំបន់​ទំនាប​ទន្លេយ៉ង់សេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ