អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ចិនបរិហារបារាំងដែលកាត់បន្ថយចំនួនជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ចិនចូលបារាំង

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​អង្គារ ទី១៤ កក្កដា ប្រទេស​ចិន​បាន​បញ្ចេញ​កំហឹង​ដាក់​ប្រទេស​បារាំង​ដែល​បាន​កាត់បន្ថយ​ចំនួន​ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ចិន​ចូល​ទឹកដី​បារាំង។ កំហឹង​របស់​ចិន​នេះ​បាន​ធ្វើ​ឡើង​តាម​រយៈ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​របស់​ស្ថានទូតចិន​ប្រចាំ​ក្រុង​ប៉ារីស។ នៅ​ក្នុង​សេចក្តីប្រកាសព័ត៌មាន ចិន​បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​ការ​សម្រេចចិត្ត​របស់​បារាំង និង​ថា ការ​សម្រេចចិត្ត​ជា​លក្ខណៈ​ឯកតោភាគី​របស់​ក្រុង​ប៉ារីស​នឹង​ធ្វើ​ឲ្យ​មាន​ការ​ខាតបង់​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ដែល​ចងភ្ជាប់​ដោយ​មិត្តភាព​ជា​ប្រពៃណី។ តែ​បារាំង​បាន​បញ្ជាក់​ថា ការ​សម្រេចចិត្ត​របស់​ខ្លួន​បាន​ធ្វើ​ឡើង​ដោយ​ចម្លង​តាម​គំរូ​របស់​ប្រទេស​ចិន។

ចិនបរិហារបារាំងដែលកាត់បន្ថយចំនួនជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ចិនចូលបារាំង
ចិនបរិហារបារាំងដែលកាត់បន្ថយចំនួនជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ចិនចូលបារាំង AFP/File
ផ្សាយពាណិជ្ជកម្ម

វិបត្តិ​ជំងឺ​កូវីដ-១៩ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​វិស័យ​អាកាសចរណ៍​ស៊ីវិល​នៅ​គ្រប់​ប្រទេស​ទាំង​អស់​ក្នុង​លោក។ ដើម្បី​ការពារ​ទប់ស្កាត់​នឹង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ រដ្ឋាភិបាល​សឹង​គ្រប់​ប្រទេស​ទាំង​អស់​ក្នុង​លោក​បាន​បិទខ្ទប់​ប្រទេស​មិន​ឲ្យ​ប្រជាជន​ធ្វើ​ដំណើរ​ចេញ​ក្រៅ​ប្រទេស ព្រម​ទាំង​រឹតបន្តឹង​ការ​ធ្វើ​ដំណើរ​នៅ​ផ្ទៃក្នុង​ប្រទេស។ រូបភាព​ដែល​គេ​បាន​ឃើញ​កន្លង​មក គឺ​ផ្លូវ​គ្មាន​មនុស្ស​ដើរ គ្មាន​ចរាចរណ៍​រថយន្ត ហើយ​យន្តហោះ​បាន​ចតចោល​ត្រៀបត្រា​នៅ​តាម​អាកាសយានដ្ឋាន។ សម្រាប់​ប្រទេស​ចិន ចរាចរណ៍​ផ្លូវអាកាស​ជាមួយ​ពិភពលោក​ត្រូវ​បាន​កាត់បន្ថយ​នា​ដំណាច់​ខែ​មីនា​ដោយ​ចិន​បារម្ភ​ខ្លាច​អ្នកដំណើរ​មាន​ផ្ទុក​ជំងឺ​កូវីដ-១៩ ចូល​ទឹកដី​ខ្លួន។

គឺ​ទើប​នៅ​ថ្ងៃទី៨ មិថុនា​ដែល​ចិន​បាន​អនុញ្ញាត​ឲ្យ​មាន​ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​បរទេស​ឡើង​វិញ តែ​បាន​កំណត់​ឲ្យ​មាន​តែ​មួយ​ជើង​ក្នុង​មួយ​សប្តាហ៍ ក្នុង​នោះ​ក៏​មាន​ក្រុមហ៊ុន Air France របស់​ប្រទេស​បារាំង។ ពី​ប្រទេស​បារាំង​វិញ​រហូត​មក​ដល់​ពេល​នេះ បារាំង​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ចិន​គ្រាក់ៗ​ចំនួន ៣ គឺ Air China China Eastern និង China Southern ចូល​ទឹកដី​បារាំង​បាន​មួយ​ជើង​ក្នុង​មួយ​សប្តាហ៍​សម្រាប់​ក្រុមហ៊ុន​នីមួយៗ មាន​ន័យ​ថា​ក្នុង​មួយ​សប្តាហ៍ យន្តហោះ​ចិន​ចូល​ទឹកដី​បារាំង​បាន​ចំនួន ៣ដង ពោល ២ដង​ច្រើន​ជាង​យន្តហោះ​បារាំង​ចូល​ទឹកដី​ចិន។

អ៊ីចឹង​ហើយ​បាន​ជា​កន្លង​មក បារាំង​បាន​ដាក់​សំណើ​ទៅ​ចិន​ទាមទារ​ឲ្យ​ក្រុមហ៊ុន Air France អាច​ចូល​ចិន​បាន ៣ដង​ក្នុង​មួយ​សប្តាហ៍។ តែ​ការ​ទាមទារ​របស់​បារាំង​មិន​ត្រូវ​បាន​ចិន​ឆ្លើយ​តប​ទេ។ គឺ​អវត្តមាន​ចម្លើយ​របស់​ចិន​នេះ​ហើយ​ដែល​បារាំង​បាន​សម្រេច​ជា​ឯកតោភាគី​ថា ដើម្បី​ឲ្យ​ស្មើភាព​គ្នា យន្តហោះ​ចិន​ក៏​ត្រូវ​ចូល​បារាំង​តែ​មួយ​ដង​ក្នុង​មួយ​សប្តាហ៍​ដែរ មាន​ន័យ​ថា បើ​សប្តាហ៍​នេះ​សម្រាប់​ក្រុមហ៊ុន Air China សប្តាហ៍​បន្ត​បន្ទាប់​ជា​វេន​របស់​ក្រុមហ៊ុន China Eastern ឬ China Southern។ បារាំង​យល់​ថា​ធ្វើ​យ៉ាង​នេះ គឺ​ដើម្បី​កុំ​ឲ្យ​ភាគី​ណា​ស៊ី​ខូង​លើ​ភាគី​ណា។

ចិន​ព្រមាន​បារាំង​ពី​ផល​ប៉ះពាល់​ដល់​ទំនាក់ទំនង​ទ្វេភាគី

ចិន​តាម​រយៈ​ស្ថានទូត​របស់​ខ្លួន​ប្រចាំ​ប្រទេស​បារាំង​បាន​បញ្ចេញ​ប្រតិកម្ម​ប្រឆាំង​នឹង​ការ​សម្រេចចិត្ត​របស់​បារាំង។ នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​អង្គារ ទី១៤ កក្កដា ចិន​បាន​សម្តែង​ការ​សោកស្តាយ ខកចិត្ត និង​មិន​យល់​ចំពោះ​ការ​សម្រេចចិត្ត​របស់​បារាំង។ តែ​ទន្ទឹម​គ្នា​នេះ សេចក្តីប្រកាសព័ត៌មាន​របស់​ស្ថានទូតចិន​ដដែល​ក៏​បាន​លើក​ឡើង​ថា ដោយ​យល់​ពី​មិត្តភាព​ចិន បារាំង និង​សម្លឹង​ឃើញ​ពី​តម្រូវការ​នៃ​ការ​ធ្វើ​ចរាចរណ៍​របស់​ប្រជាជន​ទាំង​ពីរ ភាគី​ចិន​បាន​ផ្តល់​ការ​អនុញ្ញាតពិសេស​ចំពោះ​ក្រុមហ៊ុន​បារាំង Air France ឲ្យ​ចូល​ទឹកចិន​ចំនួន ៣ដង​ក្នុង​មួយ​សប្តាហ៍ ក្នុង​នោះ​មាន​មួយ​ដង​ចូល​ក្រុង​សៀងហៃ។ តើ​នេះ​ជា​ចម្លើយ​របស់​ចិន​តាម​ការ​ទាមទារ​របស់​បារាំង ឬ​យ៉ាង​ណា ព្រោះ​អ្វី​ដែល​បារាំង​ចង់​បាន គឺ​ចង់​ឲ្យ​ចិន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន Air France ចូល​ទឹកដី​ចិន​បាន ៣ដង​ក្នុង​មួយ​សប្តាហ៍។

បន្ទាប់​មក សេចក្តីប្រកាសព័ត៌មាន​ក៏​បាន​រម្លឹក​ឡើង​វិញ​ពី​ទំនាក់ទំនង​រវាង​បារាំង និង​ចិន ពិសេស​រវាង​ពលរដ្ឋ​ទាំង​ពីរ​ដែល​ចងភ្ជាប់​ដោយ​មិត្តភាព​ជា​ប្រពៃណី​មួយ។ មិត្តភាពប្រពៃណី​ដែល​ជា​មរតក​បាន​មក​ពី​ការ​ដែល​បារាំង​ជា​ប្រទេស​បស្ចិមលោក​ទី១ ទទួល​ស្គាល់​ចិនប្រជាមានិត​ក្នុង​ឆ្នាំ ១៩៦៤។ តែ​ស្រប​គ្នា​នេះ សេចក្តី​ប្រកាស​ព័ត៌មាន​មិន​ភ្លេច​ព្រមាន​បារាំង​ថា ទោះ​បី​ជា​រឿងរ៉ាវ​នេះ​ទាក់ទង​នៅ​ក្នុង​វិស័យ​អាកាសចរណ៍​តែ​មួយ​ក៏​ដោយ ក៏​វា​អាច​បង្ក​ភាព​ល្អក់កករ​ដល់​ទំនាក់ទំនង​ទ្វេភាគី​ជា​ទូទៅ ប្រសិន​បើ​រឿងរ៉ាវ​មួយ​នេះ​មិន​ត្រូវ​បាន​ដោះស្រាយ​ត្រឹមត្រូវ​ទេ។ នៅ​ក្នុង​ន័យ​នេះ ស្ថានទូត​ចិន​សង្ឃឹម​ថា បារាំង​អាច​គិត​ពី​ផលប្រយោជន៍​នៃ​ទំនាក់ទំនង​ទ្វេភាគី និង​ជឿ​ថា បារាំង​ត្រឡប់​មក​រក​ផ្លូវ​កិច្ចសន្ទនា​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​មួយ​ដែល​អាច​ទទួល​យក​បាន​ទាំង​អស់​គ្នា។

ខណៈ​នេះ បារាំង​នៅ​មិន​ទាន់​បាន​ឆ្លើយ​តប​យ៉ាង​ណា​ចំពោះ​ចិន​ទេ។ តើ​រឿងរ៉ាវ​មួយ​នេះ​នឹង​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង និង​មិត្តភាព​បារាំង ចិន​ដែរ ឬ​ទេ?។ គេ​ត្រូវ​រង់ចាំ​មើល​នា​ថ្ងៃ​ខាង​មុខ តែ​បើ​តាម​មើល​ទៅ គ្មាន​ភាគី​ណា​មួយ​ចង់​ឃើញ​ទំនាក់ទំនង​ល្អក់កករ​ដោយសារ​តែ​រឿង​តូចតាច​មួយ​នេះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ