អានតួអត្ថបទ
បារាំង

តុលាការបារាំង​បើក​សវនាការ កាត់ទោស​អតីតមន្ត្រី​ស៊ើបការណ៍​២នាក់ រឿង​លក់​​ព័ត៌មានសម្ងាត់​ឲ្យ​ចិន

នៅថ្ងៃចន្ទទី​៦កក្កដា តុលាការពិសេសក្រុងប៉ារីស បានបើកសវនាការ ដើម្បីជំនំជំរះ សំណុំរឿងពាក់ព័ន្ធនឹង​អតីតមន្ត្រីស៊ើបការណ៍សម្ងាត់របស់បារាំង២នាក់ ដែលគេសង្ស័យថា បានធ្វើ​សកម្មភាព​​ បម្រើផលប្រយោជន៍ឲ្យមហាអំណាច​បរទេស គឺប្រទេស​ចិន។ ដោយសំណុំរឿងនេះ មានពាក់ព័ន្ធនឹងការសម្ងាត់ការពារជាតិបារាំង សវនាកា ត្រូវបានធ្វើទៅដោយបិទទ្វារជិត។ ជនទាំង២នាក់ អាចប្រឈម​នឹង​ទោស ជាប់ពន្ធនាគាររយៈពេល១៥ឆ្នាំ។

ស្នាក់ការអគ្គនាយកដ្ឋាន​សន្តិសុខក្រៅប្រទេស DGSE
ស្នាក់ការអគ្គនាយកដ្ឋាន​សន្តិសុខក្រៅប្រទេស DGSE AFP - MARTIN BUREAU
ផ្សាយពាណិជ្ជកម្ម

ចាប់ខ្លួនកាលពីខែធ្នូ ឆ្នាំ២០១៧ អតីតមន្ត្រីស៊ើបការណ៍ទាំង២នាក់ របស់អគ្គនាយកដ្ឋានសន្តិសុខក្រៅប្រទេសបារាំង ត្រូវប្រឈមនឹងអង្គជំនំជំរះ នៅតុលាការព្រហ្មទណ្ឌពិសេសក្រុងប៉ារីស។ ជនសង្ស័យទាំង២នាក់ ជាប់ជាប់ចោទ ពីបទ « ផ្តល់ព័ត៌មានសំងាត់របស់ជាតិ ទៅឲ្យ​មហាអំណាច​បរទេស » បទ « បំពាន​នឹងផលប្រយោជន៍គ្រិះរបស់ជាតិឯង » និងបទ « ចូលដៃស៊ើបការសម្ងាត់ជាមួយមហាអំណាចបរទេស »។ គ្មានការប​ញ្ជាក់ជាផ្លូវការណាមួយ ថាមហាអំណាចបរទេសនោះ ជាប្រទេសណានោះទេ។ តែយោងតាមធាតុផ្សំជាច្រើន បណ្តាញព័ត៌មានបារាំងអះអាងថា គឺជាប្រទេសចិន។

ជនទីមួយឈ្មោះ Henri M. ត្រូវបាន​អគ្គនាយកដ្ឋានសន្តិសុខក្រៅប្រទេស (DGSE)​ បញ្ជូនឲ្យ​ទៅ​បំពេញ​បេសកកម្ម​ក្នុង​ប្រទេស​ចិន នៅឆ្នាំ១៩៩៧ ដោយមានមុខតំណែង ជា​លេខាទី២ ប្រចាំទូតបារាំង​នៅប៉េកាំង។ តែធ្វើការបានតែ១ឆ្នាំ ជននេះ ត្រូវ​​គេបញ្ជូនត្រលប់មកវិញ បន្ទាប់ពីគេបានរកឃើញថា មានទំនាក់ទំនងស្នេហាលួចលាក់ ជាមួយស្ត្រីជនជាតិចិន ជា​អ្នកបកប្រែប្រចាំស្ថានទូត។ ក្រោយមកនៅឆ្នាំ​២០០៣ ជននេះបានចូលនិវត្តន៍ ហើយ​បានរៀបការជាមួយស្ត្រីនោះ និងបាន​ទៅរស់នៅលើ​កោះហៃណាន។

ចំណែកជនទី២ ឈ្មោះ Pierre Marie H. មិនធ្លាប់ទៅបំពេញបេសកកម្មនៅបរទេសទេ តែធ្លាប់​ជាមន្ត្រីជំនាញ​ស៊ើបការណ៍សម្ងាត់ និងជាអ្នកឃ្លាំតាមដាន​អង្គការធំៗ ដូចជាសហជីពជាដើម។ ជននេះត្រូវបានគេចាប់ខ្លួន ​នៅព្រលានយន្តហោះក្រុងហ្សុយរិចប្រទេសស្វ៊ីស​ ជាមួយក្រដាសប្រាក់​យ៉ាងសន្ធឹកសន្ធាប់ បន្ទាប់ពីត្រលប់មកពី​ជួប ជាមួយ​មេខ្យល់ជនជាតិចិនម្នាក់ នៅលើកោះមួយ​​​ក្នុងមហាសមុទ្រឥណ្ឌា។ ភរិយារបស់ជននេះ ក៏ត្រូវបានតុលាការចោទប្រកាន់ដែរ ពីបទទទួលផល ពីសកម្មភាព​លក់ព័ត៌មានសម្ងាត់ ឲ្យ​ទៅមហាអំណាចបរទេស។

រហូតមកទល់ពេលនេះ គេមិនដឹងថាជនជាប់ចោទ ដែលជាអតីមន្ត្រីស៊ើបការណ៍​សម្ងាត់បារាំង​ទាំង២នាក់នេះ មានអ្វីពាក់ព័ន្ធនឹងគ្នានោះទេ។ តែយ៉ាងណា ប្រភពច្បាស់ការបញ្ជាក់ថា ជនទាំង២នាក់ ត្រូវបាន​សមត្ថកិច្ច តាមដានឃ្លាំមើលអស់ជាច្រើនខែ មុននឹងឈានទៅដល់ការចាប់ខ្លួន នៅចុងឆ្នាំ២០១៧។

លោកស្រី Florence Parly រដ្ឋមន្ត្រីក្រសួងការពារជាតិបារាំង បានលើកឡើងថា ជនទាំង២នាក់​នេះ ត្រូវគេសង្ស័យថា បានធ្វើអំពើល្មើស ដែលមានកម្រិតធ្ងន់ធ្ងរបំផុត ហើយអាចចាត់ទុកថា ជាអំពើក្បត់ជាតិ។ ក្រសួងការពារជាតិបារាំង បានបញ្ជាក់ផងដែរថា គឺអគ្គនាយកដ្ឋានសន្តិសុខក្រៅប្រទេសខ្លួនឯង ដែលបាន​រកឃើញ​បញ្ហានេះ ហើយបាន​ប្តឹងទៅ​ស្ថាប័នអយ្យកាក្រុងប៉ារីស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ