អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ចិនបញ្ចូន​យន្តហោះប្រដេញទៅព្រំដែន ស្របពេល​ជំនួបអាមេរិកនិងតៃវ៉ាន់

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃចន្ទទី​១០សីហា រដ្ឋមន្ត្រីសុខាភិបាល​អាមេរិក លោក  Alex Azar បានជួបមេដឹកនាំតៃវ៉ាន់ ដូចការគ្រោងទុក។ ទស្សនកិច្ចរបស់រដ្ឋមន្រ្តីអាមេរិកនៅតៃវ៉ាន់ លើកនេះ​ ជាដំណើរទស្សនកិច្ចថ្នាក់ខ្ពស់ដ៏កម្រ ចាប់តាំងពីសហរដ្ឋ​អាមេរិក ប្តូរនយោបាយ​ការបរទេស​ពី«ការទទួលស្គាល់រដ្ឋតៃវ៉ាន់» ទៅទទួលស្គាល់ចិនដីគោកវិញ កាលពីឆ្នាំ១៩៧៩។ ទស្សនកិច្ចផ្លូវការ​រយៈពេល​បីថ្ងៃ​របស់មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​នេះ គឺ​ស្ថិតក្នុង​បរិបទ​ពិសេស​នៃ​វិបត្តិ​កូវីដ​១៩ផង​ និង​បរិ​បទ​នៃស្ថានការណ៍​ដ៏តាន់តឹងខ្លាំង​​រវាង អាមេរិក​និងចិន ផង​។

លោកស្រីប្រធានាធិបតី​​តៃវ៉ាន់ ទទួល​ស្វាគមន៍​​រដ្ឋមន្រ្តីសុខាភិបាលអាមេរិក នៅតៃប៉ិ ថ្ងៃទី​១០សីហា។
លោកស្រីប្រធានាធិបតី​​តៃវ៉ាន់ ទទួល​ស្វាគមន៍​​រដ្ឋមន្រ្តីសុខាភិបាលអាមេរិក នៅតៃប៉ិ ថ្ងៃទី​១០សីហា។ Pei Chen / POOL / AFP
ផ្សាយពាណិជ្ជកម្ម

ចិន​ខឹងខ្លាំង​ និងបញ្ចូន​យន្តហោះ​ប្រដេញ​ឱ្យ​ហោះ​ហើរនៅ​ព្រំដែន។​​

ចិនមិន​សប្បាយ និង​ខឹងច្រលោត​ គឺ​ជាការ​ធម្មតា ព្រោះ​សម្រាប់​ចិន តៃវ៉ាន់​ជា​ទឹកដីរបស់ខ្លួន ជា​ខេត្ត​របស់​ខ្លួន​។ តាំងពីសប្តាហ៍​មុន​ មុន​ពេល​​លោក​​រដ្ឋមន្ត្រី​អាមេរិក​ទៅជាន់ដី​​តៃវ៉ាន់ ថ្ងៃអាទិត្យ​ម្សិលមិញ​​ម្ល៉េះ ដែល​ចិនបានថ្កោលទោស​អាមេរិក និង​ព្រមាន​ឱ្យ​លុប​ចោល​ដំណើរ​ទស្សនកិច្ចនេះ ហើយ​និងបាន​​ដាស់តឿនថា ទស្សនកិច្ចនេះវាបង្កការគំរាម​កំហែង​ដល់​សន្តិភាព​និង​ស្ថិរភាព​​ ក្នុង​តំបន់​។​

ថ្ងៃចន្ទនេះទៀត នៅ​មុន​ពេលបន្តិច​នៃ​ជំនួប​សន្ទនាគ្នា​​រវាង​រដ្ឋមន្ត្រីអាមេរិក និង​ប្រធានាធិបតី​ស្រី​តៃវ៉ាន់ ឆៃ អ៊ីងវេន គឺ​ ចិន​បានបញ្ចូន​​យន្តហោះ​ប្រដេញ​ជាច្រើនគ្រឿង​ ​​ទៅហោះហើរ​ក្បែរៗ​ព្រំដែនទឹក​ ជាប់​រវាង​​ចិន​និងតៃវ៉ាន់។ នេះ​បើ​តាម​ព័ត៌មាន​ពី​ក្រុម​យោធាតៃវ៉ាន់ ដែល​ប្រាប់អ្ន​កកាសែតបារាំង​ AFP ។​

ទោះបី​ជា​នៅ​ក្រោម​កំហឹង​​ចិនយ៉ាងណាក្តី​ ក៏​រដ្ឋមន្រ្តីអាមេរិកនិងប្រធានាធិបតី​​តៃវ៉ាន់ នៅតែ​អាច​ជជែកពិភាក្សា​​គ្នា​បាន​យ៉ាង​ល្អូកល្អើន។  ​អាមេរិក​​កោត​សរសើរ​តៃវ៉ាន់​ជាច្រើន​ចំពោះ​ចំណាត់ការ​ទប់​ស្កាត់កូវីដ ហើយ​តៃវ៉ាន់វិញ​ ក៏​អរគុណ​សម្បើមណាស់ដែរ ចំពោះការ​គាំទ្រ​របស់​អាមេរិក​។​

អាមេរិកកោតសរសើរតៃវ៉ាន់ចំពោះចំណាត់ការទប់ស្កាត់កូវីដ ពីព្រោះ​ថា តាមរយៈរបាយការណ៍​ផ្លូវការ​​ ក្នុង​ចំណោ​ម​ប្រជាជន​តៃវ៉ាន​ ប្រមាណ​ជាង​ ២៣លាន​នាក់ គឺ​តៃវ៉ាន់​មា​នអ្នក​ឆ្លង​កូវីដ​១៩ តិច​ជាង​៥០០ករណី ហើយ​មាន​ស្លាប់​តែ​៧នាក់ប៉ុណ្ណោះ។ សម្រាប់​អាមេរិក គឺតៃវ៉ាន់​ បាន​ចាត់ចែង​ចំណាត់​ការ​ទប់​ទល់​មេរោគ​​ យ៉ាងមាន​ប្រសិទ្ធភាព និង​ល្អជាងគេ​លើពិភពលោក បើទោះបីជា ​តៃវ៉ាន ​នៅ​ក្បែរ​ជាប់​ចិន​ដែលផ្ទុះមេរោគ​មុនគេក្តី។ ​រដ្ឋមន្ត្រីសុខាភិបាលអាមេរិក លោក  Alex Azar ថ្លែងសរសើរទៀត​ថា ចំណាត់ការ​យ៉ាងមានប្រសិទ្ធភាព​របស់​តៃវ៉ាន​នេះ គឺស្តែង​បង្ហាញពី​ភាព​បើកចំហ  តម្លាភាព មាន​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​ ក្នុង​សង្គមនិង​វប្បធម៌​តៃវ៉ាន់។​

ចំណែក​ប្រធានាធិបតីតៃវ៉ាន់ វិញ លោកស្រី​ ឆៃ អ៊ីងវេន អរគុណ​អាមេរិក​ជាថ្មី ដែល​សហរដ្ឋ​អាមេរិក​បាន​គាំទ្រ​បេក្ខភាព​តៃវ៉ាន់​ជាអ្នក​សង្កេតការណ៍​នៅក្នុង​អង្គការ​សុខភាព​ពិភពលោក​។ បើទោះ​ជា​បេក្ខភាព​នេះ ត្រូវ​ប្រទេស​​ចិន​ច្រាន​ចោល​ក៏ដោយ។ គួររម្លឹកថា​ កាលពីឧសភា នៅ​ក្រុង​ហ្សឺណែវ ប្រទេស​ស្វីស អង្គការសុខភាពពិភពលោក បានរៀបចំកិច្ចប្រជុំមួយ​​ស្តីពី​បេក្ខភាពតៃវ៉ាន់ជាអ្នកសង្កេតការណ៍ ក៏ប៉ុន្តែ​ចិន​បដិសេធ​យ៉ាង​ដាច់​អហង្ការ។​ នៅថ្ងៃនេះ លោកស្រី ឆៃ អ៊ីងវេន បានរម្លឹក​​រិះគន់ចិន​ថា មិន​គួរ​យក​ទស្សននយោបាយ​ទៅ​លាយឡំ​នឹង​រឿង​សុខភាពសោះ ហើយ​លោកស្រី​សោកស្តាយជាខ្លាំង​​ចំពោះ​ការ​បដិសេធ​របស់​ចិន​ ដែល​មិន​ឱ្យ​តៃវ៉ាន​​ចូលជា​សមាជិក​របស់​អង្គការសុខភាពពិភពលោក​។​

យ៉ាងណាក៏ដោយ​ សហរដ្ឋអាមេរិក​នៅតែ​គាំទ្រ​​ខាង​តៃវ៉ាន់​ជានិច្ច។​ ចំពោះ​មុខ​អ្នក​កាសែត​ ក្នុង​ជំនួប​ជាមួយប្រធានាធិបតីស្រីតៃវ៉ាន់​, ​រដ្ឋមន្ត្រីសុខាភិបាលអាមេរិក ​បញ្ជាក់​​ថា «​តៃវ៉ាន់​និងអាមេរិក​​​មាន​តម្លៃ​រួមគ្នា​ នោះគឺ​ប្រជាធិបតេយ្យ សេរីភាព​ជួញដូរ​ពាណិជ្ជកម្ម និង​សិទ្ធិសេរីភាព។​» ​លោក  Alex Azar ក៏​បានពាំនាំ​ពាក្យ​ នាំសារ​ពី​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន ដែល​លោក​ចង់​លើកសង្កត់ធ្ងន់ ​ជាថ្មី នៅគ្រានេះ​ គឺ​ពី​កិច្ចសហ​ការ​ទ្វេភាគីរវាង​តៃវ៉ាន់​និង​អាមេរិក​ មានភាព​ស៊ីជម្រៅ គ្រប់​ជ្រុងជ្រោយ​​ ទៅលើ​គ្រប់​ទិដ្ឋភាព​ ​ទាំង​ផ្នែក​សន្តិសុខ និង សុខាភិបាល​។

​រដ្ឋមន្ត្រី​អាមេរិក​ទៅតៃវ៉ាន់​ បញ្ឆេះ​កំហឹង​ចិន​ ជៀសមិន​រួច​​ តែ​វា​ស្ថិត​នៅក្នុង​កាលៈទេសៈ​មួយ​ពិសេស​។​ អ្ន​កវិភាគ​និងអ្នក​ជំនាញ  យល់ថា អាមេរិក​ ក៏​មិនចង់​ដើរ​រំលង​«បន្ទាត់ក្រហម»​ដែល​គូស​ដោយ​ចិន​ប៉េកាំង​​ដែរ។

ជាការ​ពិត​ ការ​បញ្ចូនរដ្ឋមន្ត្រីអាមេរិកទៅតៃប៉ិ គឺសឱ្យឃើញ​ថា អាមេរិក​បាន​​ចូល​ក្បែរកៀក​កិត​​បំផុត​បន្ទាត់​ក្រហម​ដែល​ចិន​​កំណត់​ខណ្ឌ។ បន្ទាត់​ក្រហម​នេះ គឺ​ចិន​ហាម​ដាច់​ខាត​ ថា​គ្មានត្រូវ​បញ្ចូន​ទីប្រឹក្សា​សន្តិសុខ ឬរដ្ឋមន្ត្រី​ទទួល​បន្ទុក​សន្តិសុខជាតិ​អាមេរិក​ ទៅ​តៃវ៉ាន់​ នោះទេ។​

ជាក់ស្តែង នា​កន្លងមក សហរដ្ឋអាមេរិក​ ក៏​គោរព​លក្ខខណ្ឌ​នេះដែរ។ ប្រមាណ​៤០ឆ្នាំចុងក្រោយ​នេះ តាំងពី​អាមេរិកាំង​ទទួល​ស្គាល់​គោលនយោបាយ​ចិន​តែមួយមក គឺជាផ្លូវការ ពុំ​មាន​ដំណើរ​ទស្សនកិច្ច​ថ្នាក់​រដ្ឋមន្ត្រីការពារជាតិ​​ ទៅ​តៃប៉ិ នោះឡើយ​។ កាលអំឡុង​ឆ្នាំ​១៩៩០ គឺ​មាន​មន្ត្រីជាន់​ខ្ពស់​អាមេរិក​ខាង​ពាណិជ្ជកម្ម ចុះទៅ​តៃវ៉ាន់​ច្រើន​សា បង្កក្តី​តាន់តឹង​ខ្លាំងបន្តិច​ដែរ​ ហើយ​ឆ្នាំ​២០១៤ គឺមាន​ត្រឹមតែ​ទស្សនកិច្ច របស់​មន្ត្រីជាន់​ខ្ពស់​និងអ្នក​ជំនាញ​ខាង​បរិស្ថាន​អាកាសធាតុ​​ប៉ុណ្ណោះ​។​

ពេល​នេះ ស្ថិត​ក្នុង​ដំណាក់​កាល​ដែល​ពិភព​លោក​ជួប​គ្រោះភ័យ​មេរោគកូវីដ,​ ការ​បញ្ចូន​រដ្ឋម​ន្ត្រី​​សុខាភិបាល​អាមេរិក​ទៅតៃវ៉ាន់ គឺ​បង្ហាញ​រូប​ផ្សេង។ អាចថា ក្នុង​បរិបទ​នៃការ​រៀន​សូត្រ​ពី​ចំណាត់ការទប់​ស្កាត់​កូវីដ​ ដែល​តៃវ៉ាន​ចាត់ចែង​បាន​ល្អ មានប្រសិទ្ធភាព។ ក៏ប៉ុន្តែ ការ​បញ្ចូន​មន្ត្រី​លំដាប់​ថ្នាក់​សក្តិ​រដ្ឋមន្ត្រី​ទៅ​តៃវ៉ាន់ ចំពេល​ដែល​ ចិន និង​អាមេរិក កំពុងតែ​មានភាព​តាន់តឹង​គ្នា​ដ៏​សម្បើម ដូចសព្វថ្ងៃនេះ គឺ​ជាចេតនា​បង្កហេតុ ដូច​ជា​យកដៃ​ចាក់​​ភ្នែក​ចិន​ អ៊ីចឹង​ដែរ។

នេះបើតាម​ការ​យល់ឃើញ​របស់​អ្នក​ជំនាញ លោក Douglas Paal ដែលធ្លាប់​ដឹកនាំ​វិទ្យាស្ថានអាមេរិក​នៅ​តៃវ៉ាន់។​ បើ​តាមការវិភាគ​របស់​អ្ន​កជំនាញ​រូបនេះ ការបញ្ចូនរដ្ឋមន្ត្រីសុខាភិបាលទៅតៃវ៉ាន់ ជាការ​បង្ហាញថា​ សហរដ្ឋអាមេរិក​ នៅ​គោរព​បន្ទាត់​ក្រហម​របស់ចិន​ តែ​​ក៏​ចង់​ទៅ​កៀកៗ​ក្បែរ​ៗ​នឹង​ព្រំខណ្ឌ​ដែល​ចិនគូសដែរ។ និយាយបែបផ្សេង អាមេរិក​ចង់ទៅ​ឱ្យ​កៀកបំផុត​នឹងបន្ទាត់​ក្រហម តែ​ក៏​មិន​ដើររំលងព្រំខណ្ឌដែរ ដោយ​គ្រាន់តែ​ឆ្កឹះរុកភ្នែក​ឱ្យ​មហាយក្ស​ចិន​ ក្តៅក្រហាយ​​តែ​ប៉ុណ្ណោះ ដើម្បី​ចំណេញប្រយោជន៍​នយោបាយ​ក្នុងស្រុក​ និង​នៅថ្នាក់​តំបន់​៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ