អានតួអត្ថបទ
ចិន-អឺរ៉ុប-កូវីដ១៩

ចិន​ បន្ធូរ​បន្ថយ​ការ​រឹត​ត្បិត​លើ​ការ​ធ្វើ​ដំណើរ​ពី​ប្រទេស​អឺរ៉ុប​ចំនួន​ ៣៦

ចិន​ បាន​សម្រេច​បន្ធូរ​បន្ថយ​ការរឹតត្បិត​លើ​ការធ្វើដំណើរ​ចូល​ប្រទេស​ខ្លួន​ សម្រាប់​អ្នក​ដំណើរ​មកពី​អឺរ៉ុប​ចំនួន​ ៣៦​ ប្រទេស​។ សេចក្តី​សម្រេច​នេះ​ ធ្វើឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​បន្ទាប់ពី​ចិន​ បាន​បិទ​ព្រំដែន​និង​បាន​កាត់បន្ថយ​ជើង​ហោះហើរ​ជាច្រើន​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃជំងឺកូវីដ​។

អ្នកដំណើរពាក់ម៉ាស់ ដើរនៅអាកាសយានដ្ឋានអន្តរជាតិប៉េកាំងក្នុងទីក្រុងប៉េកាំងប្រទេសចិន នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២០។
អ្នកដំណើរពាក់ម៉ាស់ ដើរនៅអាកាសយានដ្ឋានអន្តរជាតិប៉េកាំងក្នុងទីក្រុងប៉េកាំងប្រទេសចិន នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២០។ REUTERS - CARLOS GARCIA RAWLINS
ផ្សាយពាណិជ្ជកម្ម

ជនជាតិ​បរទេស​ស្ទើរតែ​ទាំងអស់​ទៅហើយ​ ត្រូវបាន​រដ្ឋ​អំណាចចិន​ហាមឃាត់​មិនឲ្យ​ធ្វើ​ដំណើរ​ចូលប្រទេស​ខ្លួន​ នៅពេល​ដែល​ទីក្រុង​ប៉េកាំង​បានដាក់​ចេញ​នូវវិធានការ​ទប់ស្កាត់​កូវីដ​នៅក្នុង​ខែមីនា​។ នៅក្នុង​ចំណោមនោះ​ មាន​សូម្បីតែ​អ្នក​ដែល​មាន​សិទ្ធិ​ធ្វើការ​ អ្នក​ដែល​មាន​លិខិត​អនុញ្ញាត​ស្នាក់នៅ​ ឬក៏​អ្នកដែល​មាន​គ្រួសារ​រស់នៅ​ក្នុងប្រទេស​ចិន​ក៏​ដោយ​។

ក៏ប៉ុន្តែ​ នៅ​សប្តាហ៍នេះ​ ក្រុង​ប៉េកាំង​បាន​ប្រកាស​ថា​ខ្លួននឹង​បន្ធូរបន្ថយ​កំហិត​លើការ​ធ្វើ​ដំណើរ​ចូល​មួយ​ចំនួន​សម្រាប់​ប្រជាជន​អឺរ៉ុប​ណា​ដែល​មាន​បំណង​ចង់​ចូល​ទឹកដី​ចិន​ជាថ្មីម្តង​ទៀត​។

វិធានការ​ថ្មី​នេះ​ នឹង​អនុញ្ញាតឲ្យ​អ្នក​កាន់​លិខិតឆ្លងដែន​ប្រទេស​អឺរ៉ុប​ចំនួន​ ៣៦​ រួម​មាន​ជាអាទិ៍​ ប្រទេស​បារាំង ​​អាល្លឺម៉ង់ ​និងអង់គ្លេស​ជាដើម​ អាច​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​ចិន​បាន​ដោយ​មិនចាំបាច់​ត្រូវការ​លិខិត​អញ្ជើញ​ដូចមុន​ ប្រសិនណាបើ​ពួកគេ​មាន​លិខិត​អនុញ្ញាត​ស្នាក់នៅ​ត្រឹមត្រូវ​ហើយ​នោះ​។ នេះ​ បើ​យោងទៅតាម​សេចក្តី​ជូនដំណឹង​របស់​ស្ថានទូត​ចិន​ប្រចាំនៅ​ទីក្រុងប៊ែរឡាំង​ចេញផ្សាយ​នៅថ្ងៃ​ពុធ​ ទី១២​ សីហា​នេះ​។

គ្រប់​មនុស្ស​ទាំងអស់​ដែល​វិល​ត្រឡប់​ចូលទៅក្នុង​ទឹកដី​នៃប្រទេស​ចិនវិញ​ ត្រូវតែ​ដាក់ពាក្យ​សុំ​ទិដ្ឋាការជាថ្មី​ ដោយ​ហេតុថារាល់​ឯកសារ​ធ្វើដំណើរ​ដែល​បាន​ចេញ​មុន​ពេល​មាន​ជំងឺ​រាតកូវីដ១៩​ ត្រូវបាន​ទុកជា​មោឃៈ​។

គួរកត់សម្គាល់ថា​ នៅមុននេះ​ អាជ្ញាធរចិន​​អនុញ្ញាតឲ្យតែ​ពលករ​បរទេស​ជំនាញ​មួយចំនួន​តូចប៉ុណ្ណោះ​ អាចធ្វើដំណើរ​ចូលស្រុកចិន​បាន​ជាមួយនឹង​លិខិត​អញ្ជើញ​ជាផ្លូវការ​។ តែ​សម្រាប់​ពេលនេះ​ ចិន​បាន​បន្ធូរបន្ថយ​ការរឹតត្បិត​លើការ​ធ្វើដំណើរ​ជាងមុន​។ ក្រសួងការបរទេស​ចិន​ បាននិយាយ​នៅក្នុងសេចក្តីថ្លែងការណ៍​មួយ​ដែល​បានចេញផ្សាយ​កាលពីថ្ងៃ​ចន្ទ​ដើមសប្តាហ៍​នេះថា​ អ្នក​កាន់លិខិត​ឆ្លងដែន​អឺរ៉ុប​ដែល​មាន​លក្ខណៈ​ត្រឹមត្រូវ​គ្រប់គ្រាន់​ ឥឡូវនេះ​នឹង​អនុញ្ញាតឲ្យ​ “ដាក់ពាក្យសុំ​ទិដ្ឋាការចិន​ដោយ​ឥតគិតថ្លៃ​”។

ទោះជាបែបនេះក្តី​ រាល់​អ្នកដំណើរ​ដែល​មកពី​បរទេស​ចូលក្នុង​ប្រទេសចិន​នៅតែ​ត្រូវ​ឆ្លង​កាត់ការ​ធ្វើតេស្ត​រកជំងឺកូវីដ​ និង​ត្រូវដាក់​ឲ្យនៅដាច់ដោយឡែក​រយៈពេល ១៤ ថ្ងៃ​។ មួយវិញទៀត​ ពួកគេ​ នៅតែត្រូវ​ជួបឧបសគ្គខ្លះ​ ក្នុងការ​ស្វែង​រក​ទិញសំបុត្រ​យន្តហោះ​ ដោយហេតុថា​ ទីក្រុងប៉េកាំង​ បាន​បញ្ជាឲ្យ​មាន​ការកាត់បន្ថយ​យ៉ាងខ្លាំង​នូវ​បណ្តាញ​អាកាស​អន្តរជាតិ​តាំងពី​ចុង​ខែមីនា​ ដូច្នោះហើយ​តម្លៃសំបុត្រយន្តហោះ​បាន​​​ឡើងថ្លៃ​ខ្ពស់​ខ្លាំង​កប់ពពក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ