អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ភាព​តាន​តឹង​នៅ​ថៃ​កើន​ឡើង​ ក្រោយ​ការ​ចាប់​ខ្លួន​មេ​ចលនា​ទាម​ទារ​ប្រជា​ធិប​តេយ្យ​ ៣​រូប

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថៃ​ ភាពតានតឹង​បានកើនឡើង​បន្ទាប់ពី​មេដឹកនាំ​ចលនា​ទាមទារ​ប្រជាធិបតេយ្យ​ ៣ នាក់​ ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​។ ក្រុម​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ចំនួន​រាប់​ពាន់​នាក់​ បាន​ទៅ​ជួបជុំគ្នា​សាជាថ្មី​នៅ​ឯវិមាន​ប្រជាធិបតេយ្យ​កណ្តាល​ទីក្រុង​បាងកក​ នា​ថ្ងៃអាទិត្យ​ ទី​១៦​ សីហានេះ​ ខណៈ​ដែល​ក្រុម​បាតុករ​ម្ខាង​ទៀត​ដែលជា​អ្នក​រាជានិយម​ ក៏​ចេញ​ធ្វើ​បាតុកម្ម​ដូចគ្នា​ក្នុងថ្ងៃ​តែ​មួយ​ដែរ​។

បាតុករប្រឆាំងរដ្ឋាភិបាលថៃ ប្រមូលផ្តុំគ្នានៅឯវិមានប្រជាធិបតេយ្យក្នុងទីក្រុងបាងកកនាថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២០នេះ។
បាតុករប្រឆាំងរដ្ឋាភិបាលថៃ ប្រមូលផ្តុំគ្នានៅឯវិមានប្រជាធិបតេយ្យក្នុងទីក្រុងបាងកកនាថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២០នេះ។ AFP - MLADEN ANTONOV
ផ្សាយពាណិជ្ជកម្ម

ហេតុអ្វី​យុវជនថៃ​ជំនាន់​ក្រោយ​នៅតែ​បន្ត​ធ្វើការ​ប្រឆាំង​តវ៉ា​នឹង​រដ្ឋាភិបាល​ឥតឈប់​?

រយៈពេល​ប្រមាណ​ជា​មួយ​ខែ​កន្លង​មកនេះ​ គេ​ឃើញ​មាន​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ថៃ ដឹកនាំដោយ​ចលនា​និស្សិត​ស្ទើរតែ​មិនលោះ​ថ្ងៃសោះឡើយ​ បើទោះបីជា​មាន​វិធានការ​រឹតត្បិត​ដើម្បី​ទប់ស្កាត់​ការ​ឆ្លងរាលដាល​ជំងឺកូវីដ១៩​យ៉ាងណាក្តី​។ នៅពេល​ធ្វើ​បាតុកម្ម​ម្តងៗ​ គេឃើញ​បាតុករ​ចំនួន​រហូត​ដល់​រាប់ពាន់នាក់​និង​ដែល​ភាគច្រើន​ជា​យុវជន​ និស្សិត​អាយុក្រោម​ ៣០ឆ្នាំ​ នាំគ្នា​ចេញ​ទៅ​តវ៉ាទាមទារ​៣​ចំណុច​សំខាន់ៗពីថ្នាក់ដឹកនាំប្រទេសថៃ​។

ទី១​ គឺទាមទារ​ឲ្យ​រំលាយ​សភា​។ ទី២​ ទាមទារ​ឲ្យ​​សរសេរ​រដ្ឋធម្មនុញ្ញ​ឡើងវិញ​ និង​ទី៣​ ទាមទារឲ្យអាជ្ញាធរ​ថៃ​​បញ្ឈប់​រាល់​សកម្មភាព​ធ្វើទុក្ខបុកម្នេញ​ទៅលើ​ក្រុមអ្នកប្រឆាំង​ ឬអ្នករិះគន់​។

បាតុករ​ថៃ​ដឹកនាំ​ដោយ​ចលនា​និស្សិត​ ដែលយក​គំរូ​តាម​សកម្មជន​ចលនា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​របស់​ហុងកុង​ ធ្លាប់​បាន​អះអាងហើយថា​ ពួកគេ​នឹង​បន្ត​ធ្វើការប្រឆាំងតវ៉ា​ ប្រសិនណា​បើ​ការទាមទារ​របស់​ពួកគេ​ទាំងបី​ចំណុច​ខាងលើ​ មិនត្រូវ​បាន​ផ្តល់​ឲ្យទេនោះ​។

រឿងគឺវាពិត​ដូចជាការបញ្ជាក់ប្រាប់​របស់​ពួកគេ​មែន​​។ ក្រោយ​ការ​ចេញ​ធ្វើបាតុកម្ម​ស្ទើរតែរាល់ថ្ងៃ​ ក្នុង​រយៈពេល​ប្រមាណជា​មួយខែ​កន្លង​មកនេះ​ រដ្ឋាភិបាល​នៅតែ​មិនអើពើ​ និង​ព្រមឆ្លើយតប​ទៅនឹង​ការស្នើ​សុំ​របស់​ពួកគេឡើយ​។

មិនតែប៉ុណ្ណោះ​ អាជ្ញាធរថៃ​ថែមទាំង​បានចាប់ខ្លួន​មេដឹកនាំ​ចលនា​ទាមទារ​ប្រជាធិបតេយ្យ​ចំនួន​ ៣ នាក់​ទៀតផង​នៅពេល​កន្លងមកនេះ​។ ជាមួយគ្នានេះ​ លោក​នាយករដ្ឋមន្ត្រី​ ប្រាយុទ្ធ​ ចាន់អូចា​ បែរ​ថែមទាំង​និយាយ​ថា​ប្រជាជន​ថៃ​ទូទៅ​មិនគាំទ្រ​បាតុកម្ម​ទាមទារ​ប្រជាធិបតេយ្យ​ទៅទៀត​។​

ហេតុដូច្នោះហើយ​ ទើប​ក្រុមបាតុករគាំ​ទ្រលទ្ធិប្រជាធិបតេយ្យ​ថៃ​ កើតទុក្ខ​មិនសុខចិត្ត​និងបាន​ប្រកូកប្រកាស​ហៅគ្នា​ចេញធ្វើ​បាតុកម្ម​សាជាថ្មីទៀត​នៅឯ​វិមាន​ប្រជាធិបតេយ្យ​ចំ​កណ្តាល​ទីក្រុង​បាងកក​ នាថ្ងៃអាទិត្យ​ ទី១៦​ សីហា​នេះ​តែម្តង​។

ស្ថានការណ៍​តវ៉ា​ក្នុង​ក្រុង​បាងកក​នៅ​ថ្ងៃ​អាទិត្យ ទី១៦​ សីហា ឆ្នាំ២០២០​នេះ

យ៉ាងហោច​ណាស់​អ្នក​តវ៉ាចំនួន​ ៥ ពាន់​នាក់​ បាន​ទៅ​ជួបជុំ​ប្រមូលផ្តុំគ្នា​នៅ​វិមាន​ប្រជាធិបតេយ្យ​កណ្តាលទីក្រុង​បាងកក​នាថ្ងៃ​អាទិត្យ ទី ១៦ សីហា​នេះ​។ បាតុកម្ម​លើកនេះ​ ត្រូវបាន​គេ​រាប់ចាត់​ចូលជា​បាតុកម្ម​ធំ​បំផុតមួយ​ប្រឆាំងនឹង​រដ្ឋាភិបាល​ថៃ​ ចាប់តាំង​ពី​វិធានការ​រឹតត្បិត​ប្រឆាំង​នឹង​ជំងឺកូវីដ​ត្រូវបាន​បន្ធូរបន្ថយ​រួចមក​។

គួរគូសបញ្ជាក់ជូនថា​ បាតុកម្ម​របស់​អ្នក​ស្នេហា​លទ្ធិ​ប្រជាធិបតេយ្យ​ថៃ​នាថ្ងៃ​នេះ​ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្រុមយុវជន​សេរី​ និង​ចលនា​ប្រជាជនសេរីថៃ​ ក្នុងគោល​បំណង​ដាក់​សម្ពាធឲ្យ​រដ្ឋាភិបាល​​ ឆ្លើយតប​ទៅនឹង​ការទាមទារ​របស់ពួកគេ​ទាំងបី​ចំណុចសំខាន់ៗ​ខាងលើ​។

បើ​តាម​ក្រុមនិស្សិត​ដែល​ជា​អ្នក​ដឹកនាំបាតុកម្ម​ ប្រាប់​កាសែត​ថៃ Bangkokpost បាតុកម្ម គ្រោង​ធ្វើ​រហូតដល់ទៅ​ ៦ ម៉ោង​ ពោល​គឺចាប់ពី​ម៉ោង​៣ ល្ងាច​ រហូតដល់​ម៉ោង៩ យប់​ថ្ងៃអាទិត្យនេះ​។ ជាមួយគ្នានេះ​ ពួកគេ​ក៏រំពឹងទៀតថា​ អ្នក​ចូលរួម​ធ្វើបាតុកម្ម​អាចនឹងកើន​រហូតដល់​ ១ ម៉ឺន​ ឬច្រើនជាង​ ១ ម៉ឺននាក់​ឯណោះ​។

នៅត្រង់ចំណុចនេះ​ គួរជ្រាប​ដែរថា​ក្នុង​ចំណោម​ប្រជាជន​ថៃ​ដែលទៅ​ចូលរួម​ធ្វើការប្រឆាំងតវ៉ា​នឹង​រដ្ឋាភិបាល​ក៏មានផងដែរ លោក​ផារីត ជីវ៉ារ៉ាក់ (Parit Chiwarak) ដែលជា​សកម្មជន​យុវជន​ដ៏​លេច​ធ្លោម្នាក់​ និង​ដែល​ទើបត្រូវបាន​ដោះលែងឲ្យ​នៅក្រៅឃុំ​បណ្តោះអាសន្ន​ដោយ​ការ​បង់​ប្រាក់​ធានា​ កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ ក្រោយ​ត្រូវបាន​ចាប់ខ្លួនពី​បទចោទប្រកាន់​ជាច្រើ​នរួមទាំង​ការបះបោរ​ជាដើម​។

នៅ​កន្លែង​ធ្វើបាតុកម្ម​ឯ​វិមានប្រជាធិបតេយ្យ​ កាសែត Bangkokpost​ បាន​រាយការណ៍​មុននេះ​បន្តិចថា​ បាតុករ​កាន់តែច្រើនឡើងៗ​បានទៅ​ដល់​កន្លែង​តវ៉ា​ ស្របពេល​ដែល​កងកម្លាំងប៉ូលិស​ជាង​ ៣០០ នាក់​ កំពុង​ឈរ​នៅក្បែរនោះ​ដើម្បី​ការពារសន្តិសុខ​។ រហូត​មកទល់នឹងពេល​នេះ​ដែរ បាតុកម្ម​នៅបាងកក​ប្រព្រឹត្តទៅ​ដោយសន្តិភាព​ គ្មានអំពើហិង្សា​ ឬក៏ការប៉ះទង្គិចគ្នា​ណាមួយ​កើតឡើង​នោះទេ​។

ក្រុម​អ្នក​រាជានិយម​ថៃ​មិន​សប្បាយ​ចិត្ត

នៅក្នុង​ទីក្រុង​បាងកក​ថ្ងៃ​អាទិត្យនេះ​ មាន​បាតកម្ម​រហូតដល់ពីរ​ គឺ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ដឹកនាំ​ដោយ​ចលនា​យុវជន​ប្រជាធិបតេយ្យ​ថៃ​ និង​បាតុកម្ម​របស់​ក្រុមអ្នក​គាំទ្រ​រាជានិយម។

ការ​ចេញធ្វើ​បាតុកម្ម​កាន់តែច្រើនឡើងៗ​របស់​ក្រុម​យុវជន​ប្រជាធិបតេយ្យ​ថៃ​ បានធ្វើឲ្យ​ក្រុមរាជានិយម​ខឹងសម្បា​ និងបាននាំគ្នា​ចេញធ្វើបាតុកម្ម​ដែរ​ ដើម្បី​សម្តែង​ការ​មិនពេញចិត្ត​របស់ពួកគេ​ចំពោះ​ចលនា​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​របស់​យុវជន​ជំនាន់​ក្រោយថៃ​។

យ៉ាងណាក៏ដោយ​ បាតុករ​រាជានិយម​មាន​គ្នា​មិនច្រើននោះទេ​ ពោល​មាន​ប្រមាណ​តែ​ ៦០ នាក់​ប៉ុណ្ណោះ​។ នៅថ្ងៃអាទិត្យ​នេះ​ គេឃើញ​អ្នករាជានិយម​ទាំងនោះ​ ឈរ​កាន់​ព្រះឆាយាលក្ខ​មហាក្សត្រ​ថៃ​ និង​បានទៅ​ប្រមូលផ្តុំ​គ្នា​ដោយសន្តិភាព​ដែរ​ នៅឯ​វិមានប្រជាធិបតេយ្យ​ ក្បែរកន្លែង​ដែល​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​កំពុង​ប្រព្រឹត្តធ្វើទៅ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ