អានតួអត្ថបទ
ភូមា-រដ្ឋប្រហារ

ចលនាប្រជាធិបតេយ្យ​ភូមា អំពាវនាវ​​បាតុកម្មធំ​ក្នុង​ឱកាស « ទិវា​កម្លាំង​កងទ័ព » ថ្ងៃទី​​២៧​មីនា​

នៅថ្ងៃសៅរ៍ទី​២៧មីនានេះ គឺជាទិវា​កម្លាំងកងទ័ពជាតិ នៅប្រទេសភូមា។ ឆ្លៀតក្នុងឱកាសនេះ ចលនាប្រជាធិបតេយ្យភូមា បានអំពាវនាវ ឲ្យ​មានការធ្វើបាតុកម្ម​ទូទាំងប្រទេស ដើម្បីរំលឹកថា កាតព្វ​កិច្ចរបស់កម្លាំងទ័ព គឺការពារជាតិមាតុភូមិ និងអាយុជីវិតប្រជាពលរដ្ឋ។ សូមបញ្ជាក់ថា គិត​ត្រឹមពេលនេះ មានបាតុករភូមា ស្លាប់ចំនួន​ប្រមាណ​៣២០នាក់ ដោយ​សារតែការបង្ក្រាបរបស់សមត្ថកិច្ច​និងកងទ័ពភូមា។

ក្បួនដង្ហែររបស់បាតុករប្រជាធិបតេយ្យភូមា នៅក្រុងរ៉ង់ហ្គូន ថ្ងៃទី ២៦មីនា ២០២១
ក្បួនដង្ហែររបស់បាតុករប្រជាធិបតេយ្យភូមា នៅក្រុងរ៉ង់ហ្គូន ថ្ងៃទី ២៦មីនា ២០២១ AP
ផ្សាយពាណិជ្ជកម្ម

"ទិវាកម្លាំងកងទ័ពជាតិភូមា" ២៧មីនា គឺជាទិវារំលឹកអំពីវីរៈភាពរបស់កងកម្លាំងទ័ព​ភូមា ដែល​បាន​រំដោះប្រទេស ពីការត្រួតត្រារបស់ជប៉ុន នៅឆ្នាំ​១៩៤៥។ គឺលោកឧត្តមសេនីយ៍ អ៊ុងសាន ឪពុករបស់​លោកស្រីអ៊ុងសាន ស៊ូជី ដែលបាន​ដឹកនាំការតស៊ូនេះ រហូត​ភូមាបានទទួលឯករាជ្យ។

ស្ថិតនៅក្នុងបរិបទនៃការបង្រ្កាប​បាតុកម្ម​ប្រឆាំងនឹងរដ្ឋប្រហារយោធា នាពេលបច្ចុប្បន្ននេះ ចលនាប្រជាធិបតេយ្យភូមា បាន​អំពាវនាវ ឲ្យ​មានបាតុកម្មធំទូទាំងប្រទេសនៅថ្ងៃទី​២៧មីនានេះ។ នៅតាមបណ្តាញ Facebook លោក Ei Thinzar Maung សកម្មជនប្រជាធិបតេយ្យម្នាក់ បាន​សរសេរថា ២៧មីនា ប្រជាជនភូមាទូទាំងប្រទេស និង​រួមគ្នាធ្វើបដិវត្ត​ ផ្តួលរំលំ​របបផ្តាច់ការយោធា។​

ដោយឡែក កាលពីថ្ងៃសុក្រទី ២៦មីនា ក្រុម​សម្ព័ន្ធជាតិការ៉េន (KNU) ដែលជាក្រុមឧទ្ទាមប្រដាប់អាវុធមួយ​ ធ្វើសកម្មភាពនៅភាគ​អាគ្នេយ៍ភូមា បានផ្សព្វផ្សាយ​លិខិតចំហរមួយ ផ្ញើទៅកាន់លោក​នាយ​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ដើម្បីជាការឆ្លើយតបទៅនឹងសំណើររបស់កងទ័ពភូមា ដែលចង់ចរចាជាមួយ​ក្រុមប្រដាប់អាវុធនេះ។ ក្រុម​សម្ព័ន្ធជាតិការ៉េន បាន​ដាក់កំហិតឲ្យ​របបសិកភូមា ត្រូវ​ដោះលែង​អ្នកទោស​នយោបាយ​ទាំងអស់ ដែលត្រូវបានគេចាប់ខ្លួន​ ចាប់ពីថ្ងៃធ្វើរដ្ឋប្រហារមក ហើយ​កងទ័ពភូមា ត្រូវ​បញ្ឈប់ការប្រើអំពើហិង្សា និង​ដកខ្លួន​ឲ្យឆ្ងាយ​ពី​ជីវិតនយោបាយ​របស់ភូមា។

សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី​ ១កុម្ភៈមក មានបាតុករភូមាស្លាប់ ចំនួនប្រមាណ​៣២០នាក់ ចំណែក​មនុស្សដែលត្រូវគេចាប់ឃុំខ្លួន មានប្រមាណ​៣០០០នាក់។ នេះបើផ្អែកតាមអង្គការ  (AAPP)។ អង្គការនេះអះអាងថា ចំនួន​អ្នកស្លាប់អាចមានលើសនេះ​ ព្រោះថាមានបាតុករបាត់ខ្លួនច្រើនណាស់។ តែយ៉ាងណា ក្នុងសប្តាហ៍នេះ របបសិកភូមាបានដោះលែងអ្នកទោសចំនួន​២លើក នៅថ្ងៃពុធ​ និងថ្ងៃសុក្រ ដោយអ្នកទោសសរុបចំនួន​ជាង​​៩០០នាក់ត្រូវបានគេដោះលែង។

គួរកត់សំគាល់ថា សកម្មជននិង​​អ្នកនយោបាយប្រជាធិបតេយ្យ​​ភូមាជាច្រើននាក់ បានរត់គេចខ្លួន ពួនសំងំ នៅតាមទីតាំងផ្សេងៗ ដើម្បី​គេចចេញពីការចាប់ខ្លួន។ ដោយឡែក បើផ្អែកតាមលោក Kristian Stokke សាស្ត្រាចារ្យ​សង្គមវិជ្ជា នៅ​សកលវិទ្យាល័យក្រុង​អូស្លូ បានឲ្យដឹង​ ចលនាទាមទារលទ្ធិប្រជាធិបតេយ្យរបស់ប្រជាជនភូមានេះ ត្រូវបានស្នើទៅកាន់​គណកម្មាធិការណូបែល ដើម្បីទទួលពានរង្វាន់ណូបែលសន្តិភាព ឆ្នាំ​២០២២៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ