អានតួអត្ថបទ
ហុងកុង-សេរីភាព

នគរបាល​​ហុងកុង​ចុះ​ចាប់​មនុស្ស​​៥នាក់ ដល់​ការិយាល័យ​កាសែត​​ប្រឆាំង Apple Daily ​ជាលើក​ទី២

ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧មិថុនា សមត្ថកិច្ចហុងកុង បានចាប់ខ្លួនមនុស្ស​​ចំនួន​៥នាក់​ នឹងបានចុះ​ទៅរឹបអូសឯកសារ នៅឯទីស្នាក់ការកាសែតប្រឆាំងដ៏ល្បី ឈ្មោះ Apple Daily។ គួរបញ្ជាក់ថា នេះគឺជាលើកទី​២ហើយ ក្នុងរយៈពេល​មិនដល់មួយឆ្នាំ ដែល​សមត្ថកិច្ចហុងកុង ចុះទៅឡោមព័ទ្ធ ចាប់អ្នកកាសែត  ដល់ទីស្នាក់ការ ក្រោមបទចោទប្រកាន់ ទាក់ទិននឹងច្បាប់សន្តិសុខជាតិ។ លោក ជីមី ឡៃ ម្ចាស់ក្រុមហ៊ុនកាសែតនេះ កំពុងស្ថិតនៅក្នុងការឃុំឃាំងនៅឡើយ។

សមត្ថកិច្ចនគរបាលហុងកុង ប្រមាណ​៥០០នាក់ ​ចុះចាប់ថ្នាក់ដឹកនាំកាសែត និងរឹបអូសឯកសារ នៅស្នាក់ការកាសែត Apple Daily  ថ្ងៃទី ១៧ មិថុនា ២០២១
សមត្ថកិច្ចនគរបាលហុងកុង ប្រមាណ​៥០០នាក់ ​ចុះចាប់ថ្នាក់ដឹកនាំកាសែត និងរឹបអូសឯកសារ នៅស្នាក់ការកាសែត Apple Daily ថ្ងៃទី ១៧ មិថុនា ២០២១ AP
ផ្សាយពាណិជ្ជកម្ម

នគរបាលហុងកុង មានគ្នាជាង​៥០០នាក់ បានចុះទៅដល់ទីស្នាក់ការ​កាសែត Apple Daily នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី​១៧មិថុនា។ បុគ្គលិកដឹកនាំកាសែតនេះ ចំនួន​៥នាក់ ត្រូវបាន​គេចាប់ខ្លួន ដោយ​ក្នុងនោះមាន​និពន្ធនាយកម្នាក់ផង។ យោងតាមនគរបាលហុងកុង ការចាប់ខ្លួននេះ គឺបន្ទាប់ពីកាសែតនេះ បានចុះផ្សាយ​អត្ថបទមួយ​ « អំពាវនាវហៅឲ្យ​មានការដាក់ទណ្ឌកម្មមកលើហុងកុង និង​មកលើថ្នាក់ដឹកនាំរដ្ឋបាលហុងកុង »។ ជនទាំង៥នាក់ ត្រូវប្រឈមនឹងបទ​ចោទ​ប្រកាន់ « ឃុបឃិតជាមួយ​បរទេស ឬ ធាតុខាងក្រៅ សំដៅបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ »។

លោក Steve Li អគ្គស្នងការនគរបាល​ហុងកុង បានប្រាប់អ្នកកាសែតថា ជនទាំង​៥នាក់ ដែល​ត្រូវបានចាប់ខ្លួន គឺជាថ្នាក់ដឹកនាំកាសែត Apple Daily។ ដោយយោងលើមុខងារ គឺជនទាំងនេះ ត្រូវទទួល​ខុសត្រូវ ចំពោះខ្លឹមសារ​នៃអត្ថបទ ដែល​កាសែតនេះចុះផ្សាយ។

សមត្ថកិច្ចហុងកុង បានបញ្ជាក់ផងដែរថា គេបានបង្កក​ទឹកប្រាក់ចំនួន ១៨លានដុល្លារហុងកុង ដែលជាមូលធន​សកម្មរបស់​កាសែត Apple Daily ដោយ​យោង​ទៅតាមច្បាប់ សន្តិសុខជាតិ ចូល​ជា​ធរមាន​នៅឆ្នាំ​២០២០។ ភ្លាមៗនោះ ផ្សារហ៊ុនហុងកុង បានប្រកាសផ្អាកការលក់ភាគហ៊ុន របស់​ក្រុមហ៊ុន Next Digital របស់លោក​ ជីមី ឡៃ។

សូមបញ្ជាក់ថា ភាគច្រើន​នៃថ្នាក់ដឹកនាំកាសែត គឺត្រូវបាន​នគរបាលហុងកុង ចុះទៅចាប់ខ្លួន​ដល់ផ្ទះ រួចហើយ​បញ្ជូន​ខ្លួនមកកាន់ទីស្នាក់ការកាសែត នៅ​វេលា​ម៉ោង​​៧ព្រឹក។ យោងតាម​វីដេអូផ្សាយ​ផ្ទាល់តាមបណ្តាញហ្វេសបុក ដោយកាសែត Apple Daily គេ​ឃើញ​សមត្ថកិច្ចហុងកុងជាច្រើននាក់ បានដាក់ព័ទ្ធខ្សែសន្តិសុខ ជុំវិញ​អាគារ​​ទីស្នាក់ការ​កាសែត ខណៈដែល​​សមត្ថកិច្ច​ខ្លះទៀត ចុះទៅរឹបអូសឯកសារ និង​ពិនិត្យ​​ម៉ាស៊ីនកុំព្យូទ័រ​របស់អ្នកកាសែត។ លោក Ryan Law និពន្ធនាយក និងលោក​ Cheung Kim-hung អគ្គនាយក​កាសែត ​Apple Daily ត្រូវបាន​គេបញ្ជូន​ខ្លួនចូលទៅទីស្នាក់ការ​កាសែត​ ដោយដៃ​ជាប់ចំណង ព័ទ្ធ​មក​ក្រោយខ្នង។ បណ្តាញព័ត៌មាន​អនឡាញ​ហុងកុងមួយទៀត ឈ្មោះ Stand News បាន​ចុះផ្សាយ​​រូបថត បង្ហាញ​ពីទ្វារផ្ទះ​របស់លោក Chan Pui-man ដៃស្តាំរបស់​លោក ជីមី ឡៃ ត្រូវ​នគរបាល​ហុងកុង​វាយកំទេច ដើម្បីសំរុកចូលទៅចាប់ខ្លួន។

គួរបញ្ជាក់ថា លោកជីមី ឡៃ មហាសេដ្ឋីនិងជាម្ចាស់ក្រុមហ៊ុនកាសែត Apple Daily កំពុងស្ថិតនៅក្នុង​ឃុំ រងចាំការកាត់ទោស។ កាសែត Apple Daily របស់​លោក បានបង្ហាញជំហរ គាំទ្រ​ចលនាទាមទារ​លទ្ធិប្រជាធិបតេយ្យ របស់​​យុវជនហុងកុង ដែល​ការណ៍នេះ បានធ្វើឲ្យ​កាសែតនេះ ក្លាយ​ជា​សត្រូវ​ធំមួយ របស់រដ្ឋបាលហុងកុង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ