អានតួអត្ថបទ
នេប៉ាល់-ជនជាតិដើម

នយោបាយអភិរក្ស​ធម្មជាតិ​នេប៉ាល់ រំលោភបំពានសិទ្ធិ​​ជនជាតិដើម

បើ​តាមរបាយការណ៍​របស់​​អង្គការ​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ Amnesty International និង​អង្គការការពារ​សិទ្ធិមនុស្ស​ក្នុង​ស្រុក ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃចន្ទ​ទី ៩ សីហា ២០២១ នយោបាយ​ការពារ​ធម្មជាតិ​របស់​រដ្ឋាភិបាល​នេប៉ាល់​ប៉ះពាល់​និង​រំលោភសិទ្ធិ​ជនជាតិ​ដើម​ណាស់។ ជនជាតិ​ដើម​នេប៉ាល់ បានក្លាយ​ជា​ជន​រងគ្រោះ រង​ការ​រំលោភបំពាន ធ្វើ​ទុក្ខទារណុកម្ម និងលប​ធ្វើ​ឃាត ពី​សំណាក់​អាជ្ញាធរ​ក្រោម​ផ្លាក​ការពារ​បរិស្ថាន។

នេប៉ាល់អភិរក្ស​ធម្មជាតិ​បាន​ល្អ តែ​រំលោភ​សិទ្ធិ​ជនជាតិ​ដើម​
នេប៉ាល់អភិរក្ស​ធម្មជាតិ​បាន​ល្អ តែ​រំលោភ​សិទ្ធិ​ជនជាតិ​ដើម​ PRAKASH MATHEMA AFP/File
ផ្សាយពាណិជ្ជកម្ម

នេប៉ាល់​ប្រឹង​ថែរក្សា​និង​អភិរក្ស​ធម្មជាតិ សត្វព្រៃ​ប្រឹក្សា ដូច​ជា​សត្វខ្លា រមៀស​​បាន​ល្អ និង​ច្រើន ដល់​ទៅ​មួយ​ភាគ​បួននៃ​ផ្ទៃដី​សរុប។ កិច្ចខិតខំប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​នេប៉ាល់ ត្រូវ​បាន​​ទទួល​ស្គាល់​ដោយ​សហគមន៍​អន្តរជាតិ​ទៀត​ផង។ ប៉ុន្តែ​ ដោយសារ​នយោបាយ​ការពារ​បរិស្ថាន​និង​ធម្មជាតិ​នេះ មាន​ប្រជាពលរដ្ឋ​ជា​ជនជាតិ​ដើម​​ភាគតិច​ ជា​ច្រើន ត្រូវ​បាន​គេបណ្តេញ​ចេញ​ពី​ទឹក​ដី​កំណើត​ពី​ដូនតា​របស់​ពួកគេ។ នេះ​បើ​តាមរបាយការណ៍​​បរិហាររបស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​ក្នុង​ស្រុក Community Self-Reliance Centre (CSRC)​ ​និង​អន្តរជាតិ នាឱកាស​ទិវា​ជនជាតិ​ដើម​អន្តរជាតិ​ ថ្ងៃទី ៩ សីហា។

បើតាម​លោកស្រីឌីណុយស្ហ៊ីកា ឌីសាណាយ៉ាកេ ​ Dinushika Dissanayake នាយិការង​នៃ​កម្មវិធី​អាស៊ី​ខាងត្បូងរបស់​អង្គការ​Amnesty International តាំង​ពីឆ្នាំ១៩៧០មក រដ្ឋាភិបាលនេប៉ាល់ បន្តបន្ទាប់​គ្នា បាន​ប្រកាន់​យកនយោបាយ​អភិរក្សធម្មជាតិ ដែល​កំរិត​ការស្វែង​រក​ចំណីអាហារនិង​ថ្នាំសង្កូវ ​ព្រមទាំង​ធនធាន​ធម្មជាតិ​ តាមទម្លាប់​ប្រពៃណី​បូរាណ​របស់​ជនជាតិ​ដើមយ៉ាងខ្លាំង។ ​ការ​ប្រតិបត្តិ​នយោបាយ​អភិរក្ស​យ៉ាង​តឹង​រ៉ឹង​និង​​កំណាច​ បាន​ក្លាយ​ទៅ​ជាការធ្វើ​ទុក្ខទារុណកម្ម​​លើ​ជនជាតិ​ដើម​ជាច្រើន​ករណីនិងខ្លះ​ ក្លាយ​ជា​ករណី​មនុស្សឃាតផង។ នេះ​បើ​តាម​ការអះអាងបន្ថែម​របស់​លោកស្រីនាយិករង​ ដោយ​លើក​ឧទាហរណ៍ជាក់ស្តែង​ករណី​​ជនជាតិ​ដើម​ម្នាក់ស្លាប់​​កាលពី​ខែកក្កដា​ឆ្នាំ២០២០ ដោយ​ការ​វាយប្រហារ​ពី​សំណាក់​យោធា​ល្បាតព្រៃ​ផង​។

ប៉ុន្តែ ​អ្នកនាំពាក្យ​នៃ​ការិយាល័យ​ឧទ្យានជាតិ​និង​អភិរក្សធម្មជាតិ​ ដែលមិន​ទាន់​បាន​អានរបាយការណ៍របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ​និងនេប៉ាល់​នៅ​ឡើយវិញ បានអះអាង​​ថារដ្ឋាភិបាល​នេប៉ាល់​តែង​តែ​សាកល្បង​ការពារ​​សិទ្ធិ​ជនជាតិ​ដើម​ ​មិន​ឱ្យ​មានជម្លោះជាមួយ​​ច្បាប់​ដែរ ព្រោះ​ការពារបរិស្ថាន​ជា​អាទិភាព​និង​ជាទំនួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាលដែលក៏​​គោរពសិទ្ធិ​របស់​សហគមន៍​នៅ​តាម​មូលដ្ឋាន​និង​ជនជាតិ​ដើម​ភាគ​តិច។

​​នយោបាយ​ការពារ​ធម្មជាតិ​របស់​រដ្ឋាភិបាល​នេប៉ាល់​ ​ល្បី​រន្ទឺ តែ​ជា​​ជោគជ័យលើ​គំនរទុក្ខ​របស់​ជនជាតិ​ដើម ដែល​រស់​នៅ​ក្នុង​តំបន់​អភិរក្ស​និង​ដែល​រស់​អាស្រ័យ​លើតំបន់​អភិរក្ស​​ តាំង​ពី​ជា​ច្រើន​ជំនាន់មកហើយ។ នេះ​បើតាម​របាយការណ៍​ដដែល ដែល​ផ្តល់​អនុសាសន៍ឱ្យ​ អាជ្ញាធរ​​នេប៉ាល់កែប្រែ​ច្បាប់​បរិស្ថាន ដោយ​ត្រូវ​តែទទួលស្គាល់​សិទ្ធិ សម្បត្តិដើម​​របស់​ជនជាតិ​ភាគ​តិច ​​បញ្ចូល​ជនជាតិ​ដើមទៅ​ក្នុង​កម្មវិធី​អភិរក្ស​ធម្មជាតិ​របស់​ខ្លួន និង​ផ្តល់​ជម្រក ជាផ្ទះ​សម្បែង​​ព្រមទាំង​ដី​ធ្លី​កសិកម្ម​ដល់​ជនជាតិ​ដើម​ណា​ដែល​រង​ការ​ប៉ះពាល់​ពី​នយោបាយ​បង្កើត​ឧទ្យាន​អភិរក្ស​ថ្មី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ