អានតួអត្ថបទ
ចិន-សារព័ត៌មាន

ក្លឹប​អ្នកឆ្លើយឆ្លងព័ត៌មាន​​បរទេស​នៅចិន​​​ប្រារព្វ​ខួប​​​៤០​ឆ្នាំ ក្នុង​បរិបទ​ការងារ​កាន់​តែលំបាក

ក្លឹប​អ្នក​កាសែត​បរទេស​នៅ​ចិន (FCCC) បាន​ផ្លុំ​ទៀន​ប្រារព្វ​ខួប​​៤០​ឆ្នាំ​ហើយ នៅ​ថ្ងៃ​ទី ៤ កញ្ញា​២០២១​នេះ។ ប៉ុន្តែ ​អាជ្ញាធរប៉េកាំងនៅ​តែ​មិន​​ទទួល​ស្គាល់​ក្លឹប​នេះ​​ទេ បើ​ទោះ​បី​ជា​ក្លឹប​បង្ហាញវត្តមាន​នៅ​ក្នុង​ប្រទេស​ចិន អស់​រយៈ​ពេល​​បួន​ទសវត្សរ៍​ក៏​ដោយ។ ចំណែក​ឯលក្ខខណ្ឌការងារ​របស់​ក្រុម​អ្នកយកព័ត៌មាន​​បរទេស​នៅ​ក្នុង​ប្រទេស​ចិន ​កាន់​​តែ​ដុនដាប។

ក្លឹប​អ្នកឆ្លើយឆ្លងព័ត៌មាន​​បរទេស​នៅចិន​​​ប្រារព្វ​ខួប​​​៤០​ឆ្នាំ ក្នុង​បរិបទ​ការងារ​កាន់​តែលំបាក
ក្លឹប​អ្នកឆ្លើយឆ្លងព័ត៌មាន​​បរទេស​នៅចិន​​​ប្រារព្វ​ខួប​​​៤០​ឆ្នាំ ក្នុង​បរិបទ​ការងារ​កាន់​តែលំបាក © Nenov/Getty Images
ផ្សាយពាណិជ្ជកម្ម

ចាប់​កំណើត​នៅ​ឆ្នាំ​១៩៨១ ក្លឹប​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​បរទេស​នៅ​ចិន ដែល​ជា​ប្រភព​ផ្តល់​ជំនួយ និង​សាមគ្គីភាព​ ​គ្នា​ទៅ​វិញ​ទៅ​មក ជា​ក្លឹប​ខុស​ច្បាប់​សម្រាប់​ក្រសែ​ភ្នែក​​ប៉េកាំង។

ពី​មុន​ ក្លឹប​មាន​ទីស្នាក់ការ​តូច​មួយ​នៅ​លើ​អាហារ​ដ្ឋានប្រេស៊ីល​​មួយ​នាទីក្រុង​ប៉េកាំង ក្រោយ​មក​​​ក្លឹប​ទៅ​ជួបប្រ​ជុំគ្នា​ ឬ​ធ្វើ​សន្និសីទផ្សេងៗ​នៅក្នុង​​បណ្ណាគារអង់គ្លេស​មួយ​ តែបណ្ណាគារ​​នោះ​ត្រូវ​បិទទ្វារ ... ទី​បំផុត​នៅ​ឆ្នាំ​នេះ ​ក្លឹប​អាច​ប្រារព្វខួប​៤០​ឆ្នាំ​របស់​ខ្លួន និង​មាន​​ការ​ជួប​ជុំ​​អ្នក​រួម​អាជីព​ជា​ច្រើន​នាក់បាន​ ដោយសារ​មាន​​ជំនួយ​ពី​ស្ថានទូត​ប៉ូឡូញ ជាអ្នក​ផ្តួច​ផ្តើម​និង​ផ្តល់​កន្លែង​រៀប​ចំកម្មវិធី។

“១៩៨១​ ជា​ការ​ចាប់​ផ្តើម​ចលនា​សាមគ្គី​និង​សេរីភាព​ Solidarnosc ដែល​ត្រូវ​​បង្ក្រាប​ដោយ​ច្បាប់​អាជ្ញាសឹក​ និង​ដែល​ជា​នាំ​ដល់​ការ​បិទ​បញ្ចប់​របប​សាធារណរដ្ឋ​ប្រជាមា​និត​ប៉ូឡូញ​នៅ​ឆ្នាំ​១៩៨៩​ និង​ក៏​​ជា​ឆ្នាំដ៏សំខាន់​ដែរ សម្រាប់​ក្លឹប​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​បរទេស​នៅចិន និង​ប្រទេស​ចិន​ផង។” នេះជា​​ប្រសាសន៍​របស់​លោក​ឯកអគ្គរដ្ឋ​ទូត​ប៉ូឡូញ​​ប្រចាំ​ក្រុង​ប៉េកាំង ទៅ​កាន់​ភ្ញៀវ​ជា​អ្នក​ការទូត និង​ជាសមាជិក​ក្លឹប​​អ្នកឆ្លើយ​ឆ្លងព័ត៌មាន​បរទេស ដោយ​លើក​ទឹក​ចិត្ត​អ្នក​កាសែតឱ្យ​បន្ត​ធ្វើ​​ការងារ​ដ៏​មាន​តម្លៃ ពោល​គឺ​ផ្តល់​ព័ត៌មាន​ស្តី​ពី​ប្រទេស​ចិន​ទៀត​។

ប៉ុន្តែ​លក្ខខណ្ឌ​ការងារ​របស់​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​កាន់​តែ​លំបាក។ ការ​​ធ្លាក់​ចុះដុនដាបបាន​ ​ស្តែង​ឃើញ​កាន់​តែ​ច្បាស់​ចាប់​ពី​ឆ្នាំ​២០១២-២០១៣​មក។ នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ​ប្រជាពលរដ្ឋ​តាម​ផ្លូវ កាន់​តែ​ច្រើន​ឡើង​ លែង​​តប​នឹង​មីក្រូ​របស់​បរទេស ដោយហេតុតែ​នយោបាយ​ជាតិ​និយម​ជ្រុល​របស់មេ​ដឹកនាំ​ចិនបំផុស​ផ្សាយ​តាម​ប្រព័ន្ធ​សង្គម គំរាម​តាម​ផ្លូវ​ទូត ​ក្នុង​ពេល​មាន​សង្គ្រាមពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋ​អាមេរិក។ ជា​​ចុងក្រោយ ​​ដោយ​ហេតុ​តែ​បម្រាម​សុខភាព និងចរាចរណ៍ផ្លូវអាកាស​ដើម្បី​ទប់​ស្កាត់​​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ១៩ ចិន​ ផ្តាច់​ខ្លួនកាន់តែ​ខ្លាំង​ពី​ពិភពលោក​ខាង​ក្រៅ និង​​រឹត​បន្តឹង​វិស័យ​សារព័ត៌មាន​កាន់​តែ​ខ្លាំង ដែលធ្វើ​ឱ្យ​អ្នកកាសែត​កាន់​តែឃ្លាត​ឆ្ងាយ​ពី​ហេតុការណ៍។ ក្នុងតែ​មួយ​ឆ្នាំ​២០២០ មាន​អ្នកកាសែតបរទេស​​១៨​នាក់​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ប្រទេស​ចិន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ