អានតួអត្ថបទ
ឥណ្ឌា-នេប៉ាល់-គ្រោះធម្មជាតិ

ស្លាប់​​យ៉ាងហោច​ជាង​១០០នាក់ ក្នុង​​មហន្តរាយ​ទឹកជំនន់ បាក់ដី​ នៅ​ឥណ្ឌា និង​នេប៉ាល់

មានមនុស្ស​ស្លាប់យ៉ាងហោង ជាង​១០០នាក់ នៅភាគខាងជើង​ប្រទេសឥណ្ឌា និង​​នៅនេប៉ាល់ បន្ទាប់ពី​ជួប​គ្រោះ​មហន្តរាយ​ទឹកជំនន់ និងបាក់រមៀលដីភ្នំ កាលពីថ្ងៃអង្គារទី​១៩តុលា។ ភ្លៀងបានធ្លាក់យ៉ាងគំហុក និង​បន្តធ្លាក់​បន្ថែមទៀត ធ្វើ​ឲ្យ​អាជ្ញាធរមាន​ការព្រួយ​បារម្ភ ខណៈដែល​មាន​មនុស្ស​បាត់ខ្លួន​ជាច្រើននាក់។

ក្រុមសង្គ្រោះ National Disaster Response Force (NDRF) កំពុងជន្លៀសប្រជាជនចេញពីភូមិ Chhara ក្បែរតំបន់ Nainital រដ្ឋ Uttarakhand ថ្ងៃពុធ ទី​២០ តុលា ២០២១
ក្រុមសង្គ្រោះ National Disaster Response Force (NDRF) កំពុងជន្លៀសប្រជាជនចេញពីភូមិ Chhara ក្បែរតំបន់ Nainital រដ្ឋ Uttarakhand ថ្ងៃពុធ ទី​២០ តុលា ២០២១ AP
ផ្សាយពាណិជ្ជកម្ម

យោងតាមតួលេខផ្លូវការ​ នៅថ្ងៃពុធនេះ នៅឥណ្ឌាមានស្លាប់មនុស្ស​ចំនួន៨៥នាក់ បាត់ខ្លួន​១១នាក់ និង​នៅនេប៉ាល់ មានស្លាប់៣១នាក់ បាត់ខ្លួន​៤៣នាក់។ រដ្ឋ Uttarakhand ស្ថិតនៅភាគខាងជើងឥណ្ឌា ជាប់នេប៉ាល់ គឺជាតំបន់ដែលបានរងគ្រោះ​ ធ្ងន់ធ្ងរបំផុត ជាមួយ​នឹងចំនួន​មនុស្សស្លាប់ យ៉ាងហោច ៤៦នាក់ កាលពីថ្ងៃអង្គារទី ១៩តុលា ដោយសារតែភ្លៀងធ្លាក់យ៉ាងគំហុក បណ្តាលហូរបាក់ដី បោកផ្តាច់ផ្ទះប្រជាជន។ ចំណែក​ រដ្ឋ Kerala ជាប់មាត់សមុទ្រនៅភាគខាងត្បូងឥណ្ឌា មានមនុស្សស្លាប់ ចំនួន​៣៩នាក់ ដោយសារទឹកជំនន់ តាំងតែពីថ្ងៃសុក្រ សប្តាហ៍មុនមក។

រូបភាពវីដេអូផ្សព្វផ្សាយតាមបណ្តាញ​ព័ត៌មានឥណ្ឌា និងតាមបណ្តាញសង្គម បាន​បង្ហាញ​ឲ្យឃើញនូវការហូរបោកបក់ បាក់រមៀលដី​ យ៉ាងលឿនរហ័ស ដោយ​ផ្ទះប្រជាជនខ្លះ ត្រូវ​បោកកំទេច នាំយកមនុស្ស​ទាំងគ្រួសារ​ទៅ​ជាមួយ​ ក្នុងមួយ​ប៉ព្រិចភ្នែក។ តំបន់ Nainital និង Almora ក្នុងរដ្ឋ Uttarakhand បានរងគ្រោះខ្លាំងបំផុត។

យោងតាមអាជ្ញាធរឥណ្ឌា និង នេប៉ាល់ គឺភ្លៀងបានធ្លាក់ជោគជាំ យ៉ាងគំហុង ប្រមាណ​ជា​៣ថ្ងៃជាប់គ្នា។ ហើយ​បើតាមការព្យាករណ៍ឧត្តុនិយម ទឹកភ្លៀងនឹងបន្តធ្លាក់ខ្លាំង ក្នុងតំបន់នេះ ចំនួន​២ថ្ងៃខាងមុខទៀត។ នៅក្នុងរដ្ឋ Uttarakhand អាជ្ញាធរបានចេញបញ្ជា ឲ្យ​បិទសាលារៀន និងសកម្មភាពជួបជុំសាសនាទាំងអស់។

គួរបញ្ជាក់ថា ករណីជំនន់ទឹកភ្លៀង ហូរបោកបក់ និងបាក់រមៀលដី តែងកើតមានជារឿយនៅតំបន់ ភាគខាងជើងឥណ្ឌា និងនេប៉ាល់ ដែល​ជាតំបន់ជួរភ្នំហិមាល័យ។ តែយ៉ាងណា យោងតាមអ្នកជំនាញ ករណីនេះបានកើតឡើងកាន់តែញឹកញាប់ និង​កាន់តែកាចសាហាវ។ សីតុណ្ហភាព​ផែនដីក្តៅកាន់តែខ្លាំង ទឹកកកលើកំពូលភ្នំហិមាល័យ បានរលាយ​កាន់តែច្រើន បូកផ្សំជាមួយ​នឹង​ការកាប់បំផ្លាញព្រៃឈើ និងការសាងសង់​ទំនប់វារីអគ្គិសនីផង បានធ្វើ​ឲ្យ​ប្រែប្រួលទាំងស្រុង នូវលំហូរទឹក តាមស្ទឹង ទន្លេក្នុងតំបន់នេះ។

កាលពីខែកុម្ភៈ ដើមឆ្នាំនេះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ នៅតំបន់ Rishiganga ក្នុងរដ្ឋ Uttarakhand បានផ្តាច់ជីវិតមនុស្សប្រមាណ​២០០នាក់ ហើយ​មានតែសាកសពជាង៦០តែប៉ុណ្ណោះ ដែលត្រូវបាន​គេរកឃើញ។  ដោយឡែក រដ្ឋ Kerala ស្ថិតនៅភាគខាងត្បូង ដែលជាតំបន់ទេសចរណ៍ដ៏សំខាន់របស់ឥណ្ឌា ក៏កំពុងតែប្រឈមខ្លាំងណាស់ដែរ ជាមួយនឹងទឹកជំនន់ អាចបណ្តាលឲ្យ​បាក់ទំនប់វារីអគ្គិសនី។ កាលពីឆ្នាំ​២០១៨ ទឹកជំនន់បានផ្តាច់ជីវិតមនុស្ស ជិត​៥០០នាក់ នៅក្នុង​រដ្ឋនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ