អានតួអត្ថបទ
ភូមា-បាតុកម្ម

ភូមា​ចាប់​ខ្លួន​ជនជាតិ​ជប៉ុន​ម្នាក់​ពី​បទ​ចូល​រួម​ធ្វើ​បាតុកម្ម

អាជ្ញាធរ​ភូមា​បាន​ចាប់​ខ្លួន​ជនជាតិ​​ជប៉ុន​ម្នាក់ ដែល​បាន​ចូល​រួម​ធ្វើ​បាតុកម្ម​នៅ​ក្រុង​រ៉ង់ហ្គូន កាលពី​ថ្ងៃ​សៅរ៍ទី​៣០កក្កដា​២០២២។ នេះ​បើ​តាម​សេចក្តីប្រកាស​របស់​សកម្មជន​ភូមា។ នៅ​ថ្ងៃ​ចុង​សប្តាហ៍​​កន្លង​ទៅ មាន​សកម្មជ​ន​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​​ជា​ច្រើន​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ ប្រឆាំង​នឹង​រដ្ឋាភិបាល​សឹក​ភូមា​ ដែលប្រកាស​ប្រហារ​ជីវិត​សកម្មជន​ប្រឆាំង​ចំនួន​បួន​នាក់។

បាតុកម្ម​​រំលឹក​ខួប​មួយ​ឆ្នាំ​នៃ​ការ​ធ្វើ​រដ្ឋប្រហារយោធា​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល ថ្ងៃទី ១​កុម្ភៈ​២០២២
បាតុកម្ម​​រំលឹក​ខួប​មួយ​ឆ្នាំ​នៃ​ការ​ធ្វើ​រដ្ឋប្រហារយោធា​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល ថ្ងៃទី ១​កុម្ភៈ​២០២២ AP
ផ្សាយពាណិជ្ជកម្ម

បើ​តាម​​សកម្មជន និង​សារព័ត៌មាន​ភូមា​ ជនជាតិ​ជប៉ុន ដែល​របប​សឹក​ ចាប់​ខ្លួនបាន មាន​ឈ្មោះ Taru Kubota ជា​សមិទ្ធករ​ភាព​យន្ត​ឯកសារ ដែល​ចាប់​អារម្មណ៍​ជាពិសេស​នឹង​ជម្លោះ​ជាតិ​ពិន្ធុ​និង​បញ្ហា​អន្តោប្រវេសន៍។ ​មាន​អាយុ​ខ្ទង់​២០​ឆ្នាំ តារ៉ូ គុយបូតា បាន​មក​ចូល​រួម​ក្នុង​បាតុកម្ម​នៅក្នុង​សង្កាត់​ South Dragon នាទីក្រុង​រ៉ង់ហ្គូន កាលពី​ថ្ងៃទី ៣០​កក្កដា នៅ​វេលា​ម៉ោង​បី​រសៀល ដើម្បី​ថត​ទិដ្ឋភាព​បាតុកម្ម ហើយ​បន្តិច​ក្រោយ​មក​អ្នក​កាសែត​រូប​នេះ​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ចំណត​ឡាន។ គឺ​នៅ​ទីនោះ​ហើយ ដែល​តារ៉ូ គុយបូតា ត្រូវ​ចាប់​ខ្លួន ជាមួយ​មនុស្ស​បី​នាក់​ផ្សេង​ទៀត។ នេះ​បើ​តាម​ការ​រៀប​រាប់​របស់​សកម្មជន​ម្នាក់ស្និទ្ធ​នឹង​​អង្គការ​Yangon Democratic Youth Strike។

ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters មិន​អាច​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​នេះ​ដោយ​ឯករាជ្យ​ទេ ព្រោះ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​សឹកភូមា មិនព្រម​​ធ្វើ​អត្ថាធិប្បាយ​​តប​នឹង​សំណួរ​តាមទូរស័ព្ទ។ ចំណែក​អាជ្ញាធរ​ជប៉ុន​ក៏​បដិសេធ មិន​ផ្តល់​​​អត្តសញ្ញាណ​របស់​បុរស​ដែល​អាជ្ញាធរ​ភូមា​បាន​ចាប់​ខ្លួន​នោះ​ដែរ។ ប៉ុន្តែ​ស្ថានទូត​ជប៉ុន​ប្រចាំក្រុង​ណៃពិដោ បាន​ដាក់​សម្ពាធ​ឱ្យ​​ភូមាដោះលែង​ពលរដ្ឋ​ខ្លួន​ហើយ។ នេះ​បើ​តាម​ប្រភព​ដដែល។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃសៅរ៍​ទី ៣០​កក្កដា ពលរដ្ឋ​ភូមា​ជា​ច្រើន​បាន​ជំនះ​ ធ្វើ​​​បាតុកម្ម​ នៅទី​ក្រុង​រ៉ង់ហ្គូន ដើម្បី​បរិហារ​សេចក្តី​សម្រេច​របស់​រដ្ឋាភិបាលយោធា​​ភូមា ដែល​បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ទី ២៥​កក្កដា​ប្រហារ​ជីវិត​សកម្មជន​ប្រជាធិបតេយ្យ​បួននាក់ ក្នុង​នោះ​ម្នាក់​ជា​សមាជិក​សភា​បក្ស​ប្រឆាំង​។ ​បើ​តាម​អង្គការក្រៅរដ្ឋាភិបាល របប​សឹក​ភូមា​បន្ត​បង្ក្រាប​យ៉ាង​ហិង្សា​សំឡេង​ប្រឆាំង ដោយ​ទំនង​បាន​សម្លាប់​ជីវិតជន​ស៊ីវិល​អស់​ជាង​២ពាន់​នាក់ និង​ចាប់​ខ្លួន​ជាង​១៥០០០នាក់ គិត​ចាប់​ពី​ថ្ងៃ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​ដឹកនាំដោយ​លោកស្រី​អ៊ុងសានស៊ូជី កាលពី​ថ្ងៃទី ១​កុម្ភៈ​២០២១មក។ មិន​តែ​ប៉ុណ្ណោះ ដើម្បី​មាន​អំណាច​ពេញ​ដៃ នៅថ្ងៃ​ទី​១​សីហា​នេះ ប្រមុខ​ដឹកនាំ​យោធា​ភូមា លោក មីន អ៊ុងឡាំង ​បាន​ប្រកាស​បន្ត​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​​៦​ខែ​ទៀត ហើយអះអាង​ថា​ត្រូវ​​មាន​សិ្ថរភាព​និង​សន្តិភាព​ជាមុន​សិន​ ទើប​អាច​រៀប​​ចំ​ការ​បោះឆ្នោត​ដែល​នឹង​ប្រើ​ប្រព័ន្ធ​សមមាត្រ មិនមែន​ប្រព័ន្ធ​ឯកត្តនាមដូច​មុន​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ