អានតួអត្ថបទ
នេប៉ាល់-បារាំង-ឃាតករ

តើ​​​ឃាតករ​ដែល​នេប៉ាល់បញ្ជូន​មក​ឱ្យ​បារាំង​វិញ​ជា​នរណា ?

ឆាល សុផាច ឃាតករដែល​បាន​សម្លាប់​​មនុស្ស​អស់​យ៉ាង​ហោច​២០នាក់ នៅអាស៊ី ក្នុង​អំឡុង​ទសវត្សរ៍ឆ្នាំ​១៩៧០ ទើប​ត្រូវ​បាន​តុលាការ​នេប៉ាល់ សម្រេច​ដោះលែង​ ពី​ពន្ធនាគារ​ ហើយ​បណ្តេញ​ទៅ​ប្រទេស​បារាំង​ភ្លាម​ នៅថ្ងៃសុក្រ​ទី ២៣​ធ្នូ២០២២។ ឃាតករសុផាច ​ត្រូវមក​ដល់​ក្រុង​ប៉ារីស នៅ​ព្រឹក​ថ្ងៃសៅរ៍​ទី​២៤​ធ្នូ តាម​ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​កាតា។

ឃាតករ ឆាល សុផាច Charles Sobhraj ត្រូវ​បាន​​តុលាការ​នេប៉ាល់​ កាត់​ទោស​ថា​បាន​ធ្វើ​ឃាត​ជនជាតិ​កាណាដា (​ឆ្នាំ​២០១៤)
ឃាតករ ឆាល សុផាច Charles Sobhraj ត្រូវ​បាន​​តុលាការ​នេប៉ាល់​ កាត់​ទោស​ថា​បាន​ធ្វើ​ឃាត​ជនជាតិ​កាណាដា (​ឆ្នាំ​២០១៤) Prakash Mathema/AFP
ផ្សាយពាណិជ្ជកម្ម

តុលាការ​កំពូល​នេប៉ាល់​ បាន​សម្រេច​ដោះលែង​ឃាតករសញ្ជាតិ​បារាំង ដោយ​សំអាង​​ថា​ឆាល សុផាច​ មាន​ជំងឺ​បេះដូង ត្រូវ​វះកាត់ និង​ដោយ​សំអាង​លើ​ច្បាប់​អនុញ្ញាតឱ្យ​ដោះលែង​បើ​​ទណ្ឌិត​នោះអនុវត្តទោស​បាន​បីភាគបួន​ហើយ។

មាន​អាយុ​៧៨​ឆ្នាំ ម្តាយ​មាន​ដើម​កំណើត​​វៀតណាម​ឪពុកជា​ឥណ្ឌា សុផាច ជា​ឃាតករ​ជាប់​ពាក់​ព័ន្ធ​ការ​​សម្លាប់មនុស្ស​ចំនួន​យ៉ាង​ហោច​២០ករណី ដោយ​​មាន​ងារ​ ជា​ឃាតករ​ប៊ីគីនី ក្រោយ​រក​ឃើញ​សព​​នារី​ជាតិ​អាមេរិក​ម្នាក់​នៅ​ប៉ាតាយ៉ាប្រទេស​ថៃ​កាលពី​ឆ្នាំ​១៩៧៥ និងជាប់​ងារ​ជា​ឃាតករ “​ពស់​” ព្រោះ​តែ​ជន​នេះ​មាន​សមត្ថភាព​លាក់​និង​ប្តូរ​អត្តសញ្ញាណ​ដើម្បី​គេច​ពី​សំណាញ់​តុលាការ។

ចាប់​ផ្តើម​សកម្មភាព​នៅ​​ឆ្នាំ​១៩៧០ ឃាតករ​នេះ​បាន​​ទៅ​ដល់​​ក្រុង​បាងកក ដោយតាំង​ខ្លួន​ជាអ្នកជួញ​ត្បូង​​។ ដើម្បី​ទាក់​ជនរងគ្រោះ គេ​សាង​មិត្ត​ភាព​ជាមួយ​ទេសចរបរទេស (លោកខាងលិច)បែប​ផ្សងព្រេង រួច​ពង្វក់ពួកគេ​​ដោយ​គ្រឿង​ញៀន ហើយ​​រំលោភ​ និងបញ្ចប់​ដោយ​ការ​​សម្លាប់។

ចាប់​ខ្លួន​បាន​នៅ​ឥណ្ឌា ​នៅ​ឆ្នាំ​១៩៧៦ និង​​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ អស់​២១ឆ្នាំ សុផាច​​ធ្លាប់​បាន​រត់​គេច​ពីកន្លែង​ឃុំឃាំង​រួច ដោយ​បំពុល​គ្រឿង​ញៀន​ដល់​អ្នក​យាម តែ​ត្រូវ​ប៉ូលិសឥណ្ឌា​ចាប់​បាន​មក​វិញ។ រួច​ទោស​នៅ​ឆ្នាំ​១៩៩៧ សុផាច បាន​ត្រលប់​មក​​ប៉ារីស មុន​នឹង​​លេច​មុខ​ជា​ថ្មី​នៅ​ឆ្នាំ​២០០៣ នៅនេប៉ាល់​ នៅ​សង្កាត់​ទេសចរណ៍​ក្រុង​កដ្ឋមណ្ឌូ ហើយ​ត្រូវ​នេប៉ាល់​ចាប់​ខ្លួន​និង​កាត់ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ពី​បទ​បាន​សម្លាប់ស្រ្តី​​ទេសចរអាមេរិកម្នាក់ កាលពី​ឆ្នាំ​១៩៧៥ និង​ទេសចរកាណាដាម្នាក់។​

ប្រវត្តិ និង​សកម្មភាព​​របស់​ឃាតករ​នេះ ត្រូវ​បាន​ទូរទស្សន៍​BBC និង​ Netflix ដក​ស្រង់​មក​ផលិត​ជា​កុនភាគ​ រឿង​ Le Serpent ដែល​មាន​អ្នក​ចូល​ទស្សនា​យ៉ាង​ច្រើន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ