អានតួអត្ថបទ
នេប៉ាល់-អាកាសចរណ៍

ធ្លាក់​​យន្តហោះ ដឹក​មនុស្ស​​៧២នាក់ នៅ​ភាគ​​កណ្តាល​​នេប៉ាល់

ហេតុការណ៍ធ្លាក់យន្តហោះមួយ បាន​កើតឡើងនៅថ្ងៃអាទិត្យទី ១៥មករា នៅភាគកណ្តាល​ប្រទេសនេប៉ាល់ ដែលស្ថិតនៅតាមជ្រលងជួរភ្នំហិមាល័យ។ យន្តហោះនេះ មានដឹកមនុស្ស​ចំនួន ៧២នាក់ ដែលតាម​ការស្មាន គឺ ប្រហែលជាមិន​មាន​អ្នករួចរស់ជីវិតទេ។ យោងតាមមន្ត្រី​តំបន់ យន្តហោះដែល​បានជួប​ហេតុការណ៍ធ្លាក់ ជាប្រភេទយន្តហោះ ATR 72 របស់ក្រុមហ៊ុនអាកាសចរណ៍នេប៉ាល់ Yeti Airlines ដឹកអ្នកដំណើរចំនួន៦៨នាក់ និង​ក្រុមបុគ្គលិក​បម្រើការលើយន្តហោះ​ ចំនួន​៤នាក់។

មនុស្សម្នា​ឈរចោមរោមមើលក្រុមសង្គ្រោះ កំពុង​ព្យាយាម​ពន្លត់ភ្លើង ដែលឆាបឆេះយន្តហោះ ក្រោយជួបហេតុការណ៍ធ្លាក់ មិន​ឆ្ងាយ​ប៉ុន្មានពី​ព្រលានយន្តហោះ  Pokhara ភាគកណ្តាលនេប៉ាល់ ថ្ងៃទី ១៥មករា ២០២៣
មនុស្សម្នា​ឈរចោមរោមមើលក្រុមសង្គ្រោះ កំពុង​ព្យាយាម​ពន្លត់ភ្លើង ដែលឆាបឆេះយន្តហោះ ក្រោយជួបហេតុការណ៍ធ្លាក់ មិន​ឆ្ងាយ​ប៉ុន្មានពី​ព្រលានយន្តហោះ Pokhara ភាគកណ្តាលនេប៉ាល់ ថ្ងៃទី ១៥មករា ២០២៣ AP - Krishna Mani Baral
ផ្សាយពាណិជ្ជកម្ម

យន្តហោះបាន​ចេញដំណើរពី​ព្រលានយន្តហោះអន្តរជាតិ រដ្ឋធានី​​កាតម៉ាន់ដូ ឆ្ពោះទៅកាន់ព្រលានយន្តហោះ Pokhara ភាគកណ្តាល​ប្រទេស មុននឹងធ្លាក់ក្នុងជ្រលងភ្នំ ​មិនឆ្ងាយ​ប៉ុន្មានពីគោលដៅ​។ យោងតាមរូបភាព​បង្ហោះផ្សាយ​តាម​បណ្តាញសង្គម គេឃើញមនុស្សម្នាជាច្រើននាក់ ឈរចោមរោម​ពីលើទីទួល សំឡឹងទៅមើល​យន្តហោះដែលកំពុងឆាបឆេះ​ ផ្សែងខ្មៅ​ខ្មួល​ខ្មាញ់។ ក្រុមសង្គ្រោះ ព្យាយាមពន្លត់​ភ្លើង និងស្វែងរក​អ្នករស់រានមានជីវិត បើទោះបីជាគ្មានសង្ឃឹមក្តី​។ រដ្ឋាភិបាលនេប៉ាល់ បានបើក​ការស៊ើបអង្កេត ស្វែងរកមូលហេតុ បណ្តាល​ឲ្យ​ធ្លាក់យន្តហោះនេះ ដែល​លទ្ធផល​ស៊ើបអង្កេត​និង​បង្ហាញឲ្យ​ដឹង ក្នុងរ​វាង​៤៥ថ្ងៃទៀត។​

គួរបញ្ជាក់ថា នេប៉ាល់ គឺជាប្រទេស​ដែលស្ថិតនៅលើ​ជ្រលងភ្នំហិមាល័យ ពុំមានផ្លូវថ្នល់ខ្វាត់ខ្វែងឡើយ។ ប៉ុន្មានឆ្នាំចុងក្រោយ​នេះ វិស័យអាកាសចរណ៍​នេប៉ាល់ បានរីកដុះដាលជាខ្លាំង តាមរយៈការដឹកជញ្ជូនទំនិញសម្ភារៈ និងជាពិសេសអ្នកដំណើរ អ្នកទេសចរណ៍ជាតិនិងអន្តរជាតិ ដែលនិយមធ្វើដំណើរទៅ​ឡើងភ្នំហិម៉ាល័យ។

ក៏ប៉ុន្តែ វិស័យអាកាសចរណ៍​ នេប៉ាល់ មានការខ្វះខាត់ខ្លាំងសម្បើមណាស់ ខាងផ្នែកសុវត្ថិភាព។ អ្នកបើកបរយន្តហោះ ពុំមាន​ការហ្វឹកហាត់ជំនាញ​ត្រឹមត្រូវ​ ហើយការជួសជុលថែទាំយន្តហោះទៀតសោត ក៏ពុំគ្រប់គ្រាន់។ ជាងនេះទៀត សណ្ឋានដី​ព្រលានយន្តហោះនេប៉ាល់ ដែលភាគច្រើនស្ថិតនៅតាមជំរាលចង្កេះភ្នំ គឺជា​លក្ខខណ្ឌ​ចុះចតយ៉ាងលំបាកបំផុត ទោះជាសម្រាប់អ្នកបើកយន្តហោះ មានបទពិសោធន៍រាប់សិបឆ្នាំក៏ដោយ​។​ បញ្ហាអាកាសធាតុតំបន់​ភ្នំខ្ពស់ ដែល​ប្រែប្រួល​យ៉ាងឆាប់រហ័ស ក៏ជាកត្តាមួយ​បង្កការលំបាកដែរ ដល់​ការហោះហើររបស់យន្តហោះ។

ករណី​ធ្លាក់យន្តហោះ ធ្លាប់បានកើតមានជារឿយៗ នៅនេប៉ាល់។ ឆ្នាំ​១៩៩២ មានករណីធ្លាក់យន្តហោះដល់ ទៅ ២លើក។ លើកទីមួយ​ជាយន្តហោះ Thai Airways ធ្លាក់ក្បែរក្រុងកាតម៉ាន់ឌូ ស្លាប់​មនុស្ស​១១៣នាក់។ លើកទី២​យន្តហោះ Pakistan International Airlines ធ្លាក់នៅក្បែរទីតាំងដដែល​​ ស្លាប់មនុស្ស​១៦៧នាក់។ ឆ្នាំ​២០១៨ យន្តហោះ US-Bangla Airlines ធ្លាក់នៅក្បែរ​​ព្រលានយន្តហោះកាតម៉ាន់ឌូដដែល ស្លាប់៥១នាក់។ ហើយ​កាលពី​ ខែឧសភា​ ឆ្នាំ២០២២កន្លងទៅ យន្តហោះប្រភេទ Twin Otter របស់ក្រុមហ៊ុន Tara Air បានធ្លាក់នៅ​ជ្រលងភ្នំ កំពស់ ៤៤០០ម៉ែត្រ ស្លាប់​មនុស្ស​២២នាក់។ ក្រោយករណីធ្លាក់ចុងក្រោយ​នេះ អាជ្ញាធរនេប៉ាល់ បានចេញបញ្ជាហាមឃាត់ការហោះហើរទាំងអស់ ក្នុងករណីដែល​គ្មានការធានា ថាអាកាសធាតុនឹងអំណោយ​ផលល្អ នៅក្នុងរយៈពេលធ្វើដំណើរទាំងស្រុង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ