អានតួអត្ថបទ
នេប៉ាល់-ធ្លាក់យន្តហោះ

នេប៉ាល់ គ្មានសង្ឃឹម​រក​ឃើញ​អ្នក​រួច​ពីស្លាប់ ក្នុង​គ្រោះ​ធ្លាក់​យន្តហោះ

ជា​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ដ៏​ធ្ងន់ធ្ងរ​បំផុត​ មិន​ធ្លាប់​មាន​ទេ​គិតចាប់​តាំងពី​ឆ្នាំ​១៩៩២មក។ អាជ្ញាធរ​នេប៉ាល់​បាន​ចេញក្រិត្យ​ កាន់​ទុក្ខជាតិ​មួយ​ថ្ងៃ នៅថ្ងៃ​ចន្ទទី ១៦​មករា​នេះ។ ក្រុម​អ្នក​សង្គ្រោះ ​គ្មាន​សង្ឃឹម​ថា​នឹង​អាច​រក​ឃើញ​អ្នក​បាន​រួច​ជីវិត​ពីគ្រោះថ្នាក់​នេះ​ទេ។

នេប៉ាល់ គ្មានសង្ឃឹម​រក​ឃើញ​អ្នក​រួច​ពីស្លាប់ ក្នុង​គ្រោះ​ធ្លាក់​យន្តហោះ
នេប៉ាល់ គ្មានសង្ឃឹម​រក​ឃើញ​អ្នក​រួច​ពីស្លាប់ ក្នុង​គ្រោះ​ធ្លាក់​យន្តហោះ © Captura de tela
ផ្សាយពាណិជ្ជកម្ម

​មាន​ផ្ទុក​មនុស្ស​ចំនួន ៧២​នាក់​ យន្តហោះ​ATR72 របស់​ក្រុមហ៊ុន​ Yeti Airlines បានក្នុង​ជ្រលង​តូច​មួយ​ជម្រៅ​ប្រមាណ​៣០០ម៉ែត្រ បន្ទាប់​ពី​ហោះ​ចេញ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង​កដ្ឋមណ្ឌូ បាន​បន្តិច កាលពី​​ថ្ងៃ​អាទិត្យ​ទី​១៥​មករា២០២៣។

ជាមួយ​នឹងការ​ប្រកាស​កាន់​ទុក្ខជាតិ នៅថ្ងៃ​ចន្ទ​នេះ អាជ្ញាធរនេប៉ាល់ បាន​បន្ត​​ស្វែង​រក​ជនរងគ្រោះ​ទៀតដែល​​បាត់​ខ្លួនចំនួន​៤នាក់​ប៉ុន្តែ​គេ​គ្មាន​សង្ឃឹម​ថា​នឹង​អាច​រក​ឃើញ​អ្នក​នៅ​មាន​ជីវិត​ទេ។ ជា​សរុប ក្រុមសង្គ្រោះ​បាន​រក​ឃើញ​សាកសព​ចំនួន ៦៨ និង​កំពុង​វិភាគ អត្តសញ្ញាណ។ សូម​បញ្ជាក់​ថា​ក្នុង​ចំណោម​អ្នក​ដំណើរ​ទាំង​៦៨នាក់​ មាន​១៥នាក់​ជា​ជនបរទេស (ឥណ្ឌា​៥នាក់ រុស្ស៊ី​៥នាក់ កូរ៉េខាង​ត្បូង​២នាក់ និង​បួននាក់​ទៀត​ជា​អាហ្សង់ទីន អូស្ត្រាលី បារាំង និងអៀរឡង់)។

​ពុំ​ទាន់​មាន​សេចក្តី​ប្រកាស​អំពី​មូលហេតុ​នាំ​ឱ្យ​យន្តហោះ​ធ្លាក់​ទេ ប៉ុន្តែ​បើ​តាម​អ្នក​ជំនាញ​ក្នុង​វិស័យ​អាកាសចរណ៍​ និង​តាម​រយៈ​ការ​វិភាគ​រូបថត​វីដេអូ​ យន្តហោះ​ទំនង​ជា​បាក់​ស្លាប​ម្ខាង​ មិន​អាច​ទ្រ​ទម្ងន់​យន្តហោះ​ឱ្យ​ហោះ​ឡើង​បាន​ទើប​ត្រូវ​ធ្លាក់។ ក្នុង​វីដេអូ គេ​ឃើញ​ម៉ាស៊ីន​ខាង​ឆ្វេង​ សម្រាប់​តែ​ញ័រ​ខ្លាំង​ហើយ​ឮស្នូរ​ផ្ទុះ នៅពេល​ហោះ​មក​កៀក​អាកាសយានដ្ឋាន​ប៉ូខារ៉ា។

​ថ្វីបើ​យន្តហោះ​ធ្លាក់​បែក​ខ្ទេចខ្ទី រាយប៉ាយ​ពេញ​ដី តែ​ប្រអប់​ខ្មៅ​ទាំង​ពីរ​របស់​យន្តហោះ (​មួយ​សម្រាប់​ថត​សំឡេង​ក្នុង​បន្ទប់​អ្នក​បើកបរ និងមួយ​ទៀត​ ថត​​ទិន្នន័យ​នៃការ​ហោះហើរ)ដែល​ទើប​​រក​ឃើញ នៅ​ល្អ​ទាំង​ពីរ។ ប្រអប់​នេះ​ អាច​ផ្តល់​ព័ត៌មាន​បាន​ច្រើន​ជា​ជំនួយ​ក្នុង​​រកស្វែង​រក​​មូលហេតុ​នៃ​ការ​ធ្លាក់។

នេះ​ជា​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ដែល​មាន​មនុស្សស្លាប់​ច្រើន​ជាងគេ​បំផុត ក្នុង​អំឡុង​ពេល​៣០​ឆ្នាំ​ចុងក្រោយមក​នេះ។ តាំងពី​ឆ្នាំ​២០០០​មក មាន​មនុស្ស​ប្រមាណ ៣០០នាក់ បាន​បាត់​បង់​ជីវិត​ក្នុង​គ្រោះ​ថ្នាក់​ធ្លាក់​យន្តហោះឬ​ឧទ្ធម្ភាគចក្រ។ ​អាកាសធាតុ​តំបន់​ភ្នំ​ដែល​ប្រែប្រួល​យ៉ាង​រហ័ស​ជា​ផ្នែក​មួយ​នាំ​ការ​ហោះហើរងាយ​ជួយគ្រោះថ្នាក់។ តែ​ចរាចរណ៍​ផ្លូវអាកាស​ជា​មធ្យោបាយ​ដ៏​ចាំបាច់​សម្រាប់​ឧបត្ថម្ភ​តំបន់​ដាច់​ស្រយាល​របស់​ប្រទេស​ និង​សម្រាប់​ក្រុម​អ្នក​និយម​ការដើរ​កំសាន្ត​លើ​ភ្នំ និង​ឡើង​ភ្នំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ