អានតួអត្ថបទ
កុមារ-ឱសថ

អង្គការ​សុខភាព​ពិភពលោក​ប្រកាស “វិធានការបន្ទាន់” រួមគ្នា​​​ទប់ស្កាត់​ចរាចរណ៍​ឱសថ​មាន​ផ្ទុក​សារធាតុពុល

យោងតាម​អង្គការសុខាភាព​​ពិភពលោក ក្នុងរវាង​៤ខែមកនេះ មានករណី​ស្លាប់កុមារចំនួន​យ៉ាងហោច ជាង​៣០០នាក់ ដែលបណ្តាល​មកពី​ថ្នាំស៊ីរ៉ូក្អក ដែល​​មានសារធាតុពុល ផលិតនៅ​ប្រទេសឥណ្ឌា។ ក្រោយ​ការទាញសញ្ញាអាសន្នជាបន្តបន្ទាប់ តែដោយ​គ្មាន​ប្រសិទ្ធភាព​ អង្គការសុខភាពពិភពលោកបានប្រកាសនៅថ្ងៃអង្គារ ទី២៤មករានេះ ដាក់ចុះនូវវិធានការ​បន្ទាន់ និងអំពាវនាវឲ្យ​រួម​គ្នា​​សហការ រវាងវិស័យពាក់ព័ន្ធទាំងអស់ នៅតាមប្រទេសនីមួយៗ ដើម្បី​ទប់ស្កាត់ចរាចរណ៍​ឱសថ ដែលមានផ្ទុកសារធាតុពុល​ដ៏គ្រោះថ្នាក់ទាំងនេះ​។

បុគ្គលិក​លក់ម្នាក់ នៅ​ឱសថស្ថានមួយកន្លែង​ក្នុងក្រុង ចាការតា​ ថ្ងៃទី​១វិច្ឆិកា ២០២២។ អាជ្ញាធរសុខាភិបាលឥណ្ឌូណេស៊ី បាន​លុប​ចោល​អាជ្ញាបណ្ណនាំចូល​ថ្នាំស៊ីរ៉ូក្អក ពី​ក្រុមហ៊ុនចំនួន​២ បន្ទាប់ពីបាន​រកឃើញ​ករណី​​កុមារ​ស្លាប់​ច្រើននាក់ ក្រោយ​ផឹកថ្នាំស៊ីរ៉ូក្អក។
បុគ្គលិក​លក់ម្នាក់ នៅ​ឱសថស្ថានមួយកន្លែង​ក្នុងក្រុង ចាការតា​ ថ្ងៃទី​១វិច្ឆិកា ២០២២។ អាជ្ញាធរសុខាភិបាលឥណ្ឌូណេស៊ី បាន​លុប​ចោល​អាជ្ញាបណ្ណនាំចូល​ថ្នាំស៊ីរ៉ូក្អក ពី​ក្រុមហ៊ុនចំនួន​២ បន្ទាប់ពីបាន​រកឃើញ​ករណី​​កុមារ​ស្លាប់​ច្រើននាក់ ក្រោយ​ផឹកថ្នាំស៊ីរ៉ូក្អក។ AP - Tatan Syuflana
ផ្សាយពាណិជ្ជកម្ម

ក្នុងរវាង​៤ខែមកនេះ មាន​ប្រទេសយ៉ាងហោចចំនួន​៧ ដែលបាន​ជូនដំណឹងថាមានករណី​ស្លាប់​កុមារ បន្ទាប់ពី​បាន​ផឹកស៊ីរ៉ូក្អកផលិត​នៅប្រទេសឥណ្ឌា។ អាជ្ញាធរសុខាភិបាលប្រទេសហ្កំប៊ី ឥណ្ឌូណេស៊ី និងអ៊ូសបេគីស្ថាន ជាដើម បានជូន​ដំណឹងទៅកាន់អង្គការសុខភាពពិភពលោក ពីករណី​ស្លាប់​កុមារ ដែលភាគច្រើនគឺមានអាយុក្រោម​៥ឆ្នាំ។

យោងតាមដំណឹងដែលទទួលបាន គឺករណីស្លាប់​កុមារ មានសរុបជាង​៣០០នាក់ ដែលពាក់ព័ន្ធនឹងថ្នាំស៊ីរ៉ូក្អក ផលិត​​​​ដោយ​ក្រុមហ៊ុន​ឥណ្ឌា Marion Biotech និង Maiden Pharmarceuticals។ សារធាតុពុល២ប្រភេទ គឺ diéthylène glycol និង éthylène glycol ត្រូវបាន​គេរកឃើញនៅក្នុ​ងថ្នាំស៊ីរ៉ូក្អកទាំងនេះ ក្នុងបរិមាណ​ខ្ពស់​ខ្លាំងណាស់​​។ យោងតាមអង្គការសុខភាពពិភពលោក សារធាតុគីមីដ៏គ្រោះថ្នាក់ទាំង២មុខនេះ ជាធម្មតា​គេប្រើក្នុងឧស្សាហកម្ម ដើម្បីរំលាយ ឬទប់កុំឲ្យ​កក​។​​ អ្នកជំនាញបន្ថែមថា ​មិនមានហេតុផលណាមួយ ដែល​សារធាតុគីមី២មុខនេះ ត្រូវទៅនៅក្នុង​ថ្នាំទឹកស៊ីរ៉ូក្អក សម្រាប់​កុមារនោះឡើយ ព្រោះវាគ្រោះថ្នាក់ខ្លាំងណាស់ ទោះ​​​លេបចូលក្នុងខ្លួន​ក្នុង​បរិមាណ​​តិច​ប៉ុណ្ណាក៏ដោយ​។​

អង្គការសុខភាពពិភពលោក បានទាញសញ្ញាអាសន្ន៣ដងហើយ នៅខែ​តុលាក្រោយ​ប្រទេសហ្កំប៊ីជូនដំណឹង ក្រោយ​មក​នៅ​ខែ​វិច្ឆិកា ក្រោយ​ករណីស្លាប់​កុមារនៅឥណ្ឌូណេស៊ី ហើយចុងក្រោយ​បំផុតនៅ​ដើមខែមករានេះ បន្ទាប់ពីបានដំណឹង​ពីប្រទេសអ៊ូសបេគីស្ថាន​។ អង្គការសុខភាព​ពិភពលោក បានអំពាវនាវ ឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ នៅតាមប្រទេសនីមួយៗ រួមគ្នាបង្កើនការប្រុងប្រយ័ត្ន តាមដាន ស្វែងរក និងដកចេញ​ពីចរាចរណ៍ទាំងអស់ នូវថ្នាំស៊ី​រ៉ូ​ក្អក ដែលផលិត​ដោយ​ក្រុមហ៊ុនឥណ្ឌាទាំង២ខាងលើ។

នៅថ្ងៃអង្គារទី​២៤មករា អង្គការសុខភាពពិភពលោក បានចេញសេចក្តីប្រកាស ដាក់ចុះនូវវិធានការបន្ទាន់ ដើម្បី​ឲ្យ​គ្រប់​​វិស័យពាក់ព័ន្ធ ទាំងអាជ្ញាធររដ្ឋ ទាំងបណ្តាញ​ផ្គត់ផ្គង់ឯកជន ត្រូវតែរួមគ្នា ទប់ស្កាត់ឲ្យ​បាននូវចរាចរណ៍​ឱសថ​ដែល​មានផ្ទុកសារធាតុពុល​។ អាជ្ញាធររដ្ឋ ដែល​មានតួនាទីសមត្ថកិច្ច​ត្រួតពិនិត្យ​គុណភាពឱសថ គឺត្រូវតែតានដានស្វែងរក ហើយ​ដកចេញទាំងអស់ នូ​ងឱសថ​ដែល​មិនគោរព​តាមក្រិត្យក្រម​គុណភាព​។ ទន្ទឹមគ្នានេះ អាជ្ញាធរមានសមត្ថកិច្ច ត្រូវតែជូនដំណឹងបន្ទាន់​មកកាន់​អង្គការសុខភាពពិភពលោក ព្រមជាមួយ​នឹងការ​​​ពិនិត្យ​ដោយ​ល្អិតល្អន់ ថាឱសថទាំងនោះ ត្រូវបានចែកចាយ​លក់ ដោយ​​ភ្នាក់ងារ​ដែល​បានទទួលអាជ្ញាបណ្ណត្រឹមត្រូវ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ